អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​៤​តុលា

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​តែង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍ នឹង​មិន​មាន​សវនាការ​ទេ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ តុលា។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម យ៉ា សុខន ប្រកាស​កាល​ពី​មុន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ​ថា អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​សវនាការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា។ សវនាការ​នោះ អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​អ្នក​ជំនាញ​មួយ​រូប​ទៀត​ពាក់ព័ន្ធ​នឹង​បទបញ្ជា​នៃ​ការ​រៀបការ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​អង្គ​ហេតុ​នេះ​ដែរ គ្រប់​ភាគី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ បាន​ចាត់​ទុក​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​ដែល​មាន​លេខ​កូដ 2-PTCCP-1064 ថា​មាន​សារសំខាន់​ទាក់ទង​នឹង​បញ្ជា​នៃ​ការ​រៀបការ​នោះ។

អង្គ​ជំនុំ​ជម្រះ​បាន​ផ្អាក​សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ កញ្ញា តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម គឺ នួន ជា និង ខៀវ សំផន។ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​លើក​ហេតុផល​ថា ភាគី​ខ្លួន​មិន​ទាន់​ក្ដាប់​ព័ត៌មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​រូប​នេះ​ឡើយ ព្រោះ​ឯកសារ​មិន​ទាន់​បាន​បកប្រែ​ជា​ភាសា​បារាំង និង​អង់គ្លេស​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។