«​បុណ្យ គឺ បុណ្យ​» «​បាប គឺ បាប​» មិនអាច​ស៊ីសង​គ្នា​ជាដាច់ខាត​! និពន្ធដោយ : ម៉ៅ សុផា       October-03-2016, 12:19 pm         904

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​បុណ្យ គឺ បុណ្យ​» «​បាប គឺ បាប​» មិនអាច​ស៊ីសង​គ្នា​ជាដាច់ខាត​!ភ្នំពេញ​៖ បុណ្យ​និង​បាប គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ បុណ្យ មិនអាច​លុបលាង​បាប​បានទេ ហើយ​បុណ្យ​ក៏​មិនអាច​សាបសូន្យ​ដោយសារ​ការ​សាង​បាប​បានដែរ​។ ទោះបី​សាង​បុណ្យ​ប៉ុន​ផ្ទៃ​មហាសាគរ​ក៏ដោយ ក៏​អ្នក​មិនអាច​យកទៅ​លាងជម្រះ​បាប​បានដែរ សូម្បីតែ ប៉ុន​ល្អងធូលី​។​

បុណ្យ​និង​បាប គឺជា​សភាវ​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ បុណ្យ​និង​បាប មិនអាច​យកមក​ស៊ីសង​គ្នា​បានទេ​។ អ្នក​មិនអាច​ធ្វើបាប ហើយក៏​ត្រឡប់មក​ធ្វើបុណ្យ ដើម្បី​លាងជម្រះ​បាប​នោះឡើយ​។ ធ្វើអំពើ​អាក្រក់ ត្រូវតែ​ទទួលផល​បាប ធ្វើអំពើ​ល្អ ត្រូវតែ​ទទួលផល​បុណ្យ​។ នេះ​ជា​ច្បាប់ធម្មជាតិ​។​

​ងាក​ចេញពី​ទ្រឹស្តី ហើយ​ត្រឡប់មក​មើល​ជីវិត​រស់នៅ ក្នុង​បច្ចុប្បន្ន​វិញ​ម្តង​។ បើ​អ្នក​កាប់បំផ្លាញ​ព្រៃឈើ កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ ប្រព្រឹត្ត​អំពើពុករលួយ ឆក់យក​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែ​ចម្ការ ជិះជាន់ កាប់សម្លាប់​ជីវិត​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ផលប្រយោជន៍​គ្រួសារ បក្សពួក ដូច្នេះ​អ្នក​ក៏​ត្រូវតែ​ទទួលរង​នូវ​ផល​នៃ​អំពើ​បាប​នេះដែរ​។ អ្នក​មិនអាច​សាង​បាប​ទាំងនេះហើយ រួច​ទៅធ្វើ​បុណ្យ ដើម្បី​លាងបាប​នោះទេ​។ បើទោះបីជា​អ្នកធ្វើ​បុណ្យកឋិន ចំណាយ​ទ្រព្យ​កសាង​ព្រះពុទ្ធ​ប្បដិមា​គ្រប់​ព្រះវិហារ ឬ​កសាង​ព្រះវិហារ​គ្រប់​វត្ត​អារាម​ក៏ដោយ ក៏​អ្នក​មិនអាច​យកមក ដោះដូរ​ជាមួយនឹង​អំពើ​បាប ដែល​អ្នក​បាន​ប្រព្រឹត្ត​ដែរ​។ បាប​គឺ​បាប បុណ្យ​គឺ​បុណ្យ​។ សាង​បាប​ប៉ុនណា អ្នក​ត្រូវតែ​ទទួល​បាប​ប៉ុណ្ណឹង​។ សាង​បុណ្យ​ប៉ុនណា អ្នក​ក៏​ត្រូវតែ​ទទួល​បុណ្យ​ប៉ុណ្ណឹង​ដូចគ្នា​ដែរ​។​
 
​បុណ្យ​និង​បាប មាន​សេចក្តី​ប្រៀង​ធៀប​ជាច្រើន ដើម្បី​បញ្ហា​ក់ ថាស​ភាវ​ទាំងពីរ​នេះ មិនអាច​លាយឡំ​គ្នា​បាន​។ បុណ្យ​និង​បាប ប្រៀបដូចជា​ទឹក​និង​ប្រេង​។ បើទោះបីជា​ទឹក​និង​ប្រេង ស្ថិតក្នុង​កែវ​តែមួយ​ក៏ពិតមែន តែ​វត្ថុ​ទាំងពីរ​នេះ មិនអាច​ក្លាយជា​វត្ថុ​តែមួយ​ជាដាច់ខាត​។ សារធាតុ​ទឹក​នៅតែ​ជា​ទឹក សារធាតុ​ប្រេង​នៅតែ​ជា​ប្រេង​។​
 
​បុណ្យ​និង​បាប ក៏​អាច​ប្រៀបដូចជា​ដើម​ស្វាយ​និង​ដើម​បញ្ញើក្អែក​ដូច្នេះ​ដែរ​។ កុំថាឡើយ​ដើមឈើ​ដទៃ ដែល​ដុះ​ឆ្ងាយ​ពី​ដើម​ស្វាយ សូម្បីតែ​ដើម​បញ្ញើក្អែក ដែល​ដុះ​ជាប់​នឹង​ដើម​ស្វាយ​ក៏ដោយ ក៏​មិនអាច​ក្លាយទៅជា​ដើម​ស្វាយ​បានដែរ​។ ស្វាយ នៅតែ​ជា​ស្វាយ បញ្ញើក្អែក នៅតែ​ជា​បញ្ញើក្អែក​។ វ​ល្លិ៍ ដែល​ដុះ​ហ៊ុមព័ទ្ធ​ស្ទើរ​ពេញ​ដើម​ស្វាយ តែ​វ​ល្លិ៍ នៅតែ​ជាវ​ល្លិ៍ ហើយ​ស្វាយ​នៅតែ​ជា​ស្វាយ​។ វ​ល្លិ៍​មិនអាច​ក្លាយជា​ស្វាយ​បានទេ ហើយ​ស្វាយ​ក៏​មិនអាច​ក្លាយ​ជាវ​ល្លិ៍​បានដែរ​។​
 
​ឧបមា​យ៉ាងណា សេចក្តី​ពិត​នៃ​ច្បាប់ធម្មជាតិ​ក៏​ដូច្នេះ​ដែរ​។ បើ​អ្នក​ធ្វើបុណ្យ អ្នកនឹង​ទទួល​អំពើ​ជា​កុសល តែបើ​អ្នក​ធ្វើបាប អ្នក​ក៏​ត្រូវតែ​ទទួល​អំពើ​ជា​អកុសល​ដែរ​។ បាប មិនអាច​យកបុណ្យ​មក​លាងជម្រះ​បានឡើយ ហើយ​បុណ្យ ដែល​អ្នក​បានធ្វើ ក៏​មិន​រលាយ​សាបសូន្យ ដោយសារតែ​អ្នកប្រព្រឹត្ត​អំពើ​បាប​ដែរ​។ សភាវ​ទាំងពីរ​នេះ ឲ្យ​ផល​ពីរ​ផ្សេងគ្នា​ជា​ដរាប​។ នេះ​ជា​សច្ចធម៌ និង​យុត្តិធម៌​ដ៏​សម​ហេតុផល នៃ​ក្រឹត្យក្រម​ធម្មជាតិ​សម្រាប់​សត្វលោក​៕