ករណី​ស្រវឹងស្រា​ចុះ​ហែល​ទឹក​លង់​ស្លាប់ ៣​ថ្ងៃ​២​យប់​ទើប​រក​សាកសព​ឃើញ ស្ថិតក្នុង​សភាព​ហើមរលួយ

(ពោធិ៍សាត់)៖ កាលពីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បុរសដែលលង់ទឹក រមណីយដ្ឋានឈើតោកស្លាប់ ហើយទើបតែប្រទះឃើញសពអណ្តែតហើមស្អុយរលួយនាព្រឹកនេះ មានឈ្មោះ សេង ស៊ុន អាយុ៣២ឆ្នាំ មានមុខរបរជាកម្មករថ្មកែវ រស់នៅឃុំកំពង់ស្នោរ ស្រុកជីក្រែង ខេត្តសៀមរាប។
មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជាមួយគ្នីគ្នាអស់ប្រហែលជា ២កេស រួចចុះទៅងូតទឹក ដោយហែលទៅលេងនៅចំណុចល្បាក់ខាងលើ ទឹកហូរគួច នៅរមណីយដ្ឋានឈើតោក ដោយស្ថិតក្នុងស្ថានភាពស្រវឹង ហើយក្នុងទីតាំងគ្រោះថ្នាក់ផងនោះ ជនរងគ្រោះប្រហែលងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់រកសាកសពមិនឃើញ ទើបតែព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតហើមស្អុយរលួយ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ហើយបានរាយការណ៍មកសមត្ថកិច្ចតែម្តង ៕

ករណី​ស្រវឹងស្រា​ចុះ​ហែល​ទឹក​លង់​ស្លាប់ ៣​ថ្ងៃ​២​យប់​ទើប​រក​សាកសព​ឃើញ ស្ថិតក្នុង​សភាព​ហើមរលួយ