ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ នៅ​ឃុំ​ត្រែងត្រយឹង ​

កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងនោះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានបើករត់គេចបាត់ក្រោយពេលកើតហេតុ តែបានបន្សល់ទុកអ្នកជិះពីក្រោយម្នាក់ ឈ្មោះ អាន វីរៈ អាយុ២៩ឆ្នាំ របួសធ្ងន់ (ធ្លាក់ពីលើម៉ូតូដែលជិះរត់)។
អ្នកទាំងអស់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក YAVMAHA ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ពុធ រ័ត អាយុ១៤ឆ្នាំ (ស្លាប់) រួមទាំងអ្នកជិះជាមួយ ២នាក់ទៀត មានឈ្មោះ ញឹក ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ (របួសធ្ងន់) និងឈ្មោះ ពុធ ថាវីន ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់ដែរ) ពួកគេមានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណភាគីម៉ូតូម្ខាងទៀត ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះសាកសពប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ នៅ​ឃុំ​ត្រែងត្រយឹង ​