បុរសម្នាក់​ជីករូងក្រោមដី ជាង១៨ឆ្នាំ តាមបង្គាប់របស់ព្រះ​​​ (មានវីដេអូ)

អែលសាល់វ៉ាឌ័រ៖ បុរសម្នាក់ឈ្មោះ Santiago Sanchez អាយុ៦៩ឆ្នាំ មកពីភាគខាងលិចប្រទេសអែលសាល់វ៉ាឌ័រ បានអះអាងថា ព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ជីករូងក្រោមដីកាលពី១៨ឆ្នាំមុន។

បុរសវ័យ៦៩ឆ្នាំរូបនេះ បានចំណាយពេលវេលារបស់គាត់ជាច្រើន ដើម្បីជីករូងក្រោមដីមួយ ចាប់តាំងពីព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើរឿងនេះ តាំងពី១៨ឆ្នាំមុនមកម្ល៉េះ និងបន្តមកទល់បច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់បុរសវ័យចំណាស់រូបនេះ។

នៅរៀងរាល់ម៉ោង៣ព្រឹក លោក Santiago Sanchez ចូលទៅក្នុងរន្ធនៃរូងក្រោមដីនោះ ដោយចំណាយពេលពេញមួយថ្ងៃ និងបន្តមកទល់សព្វថ្ងៃ ជីកវាជិតពីរទស្សវត្សរ៍មកហើយ។ ក្រោយបញ្ចប់ភារកិច្ចក្នុងមួយថ្ងៃៗ គាត់បានចេញមកខាងក្រៅវិញ រួមជាមួយនឹងដុំថ្ម និងកំទេចកំទីជាង៤០គីឡូក្រាម។

លោក Santiago បានស្បថធ្វើក្នុងគ្រោងការដ៏ចម្លែកនេះពេញមួយជីវិតរបស់លោក និងដើម្បីបំពេញតាមបញ្ជារបស់ព្រះជាម្ចាស់។ បុរសចូលនិវត្តន៍រូបនេះបានបន្តថា លោកបានទទួលសារពីព្រះជាម្ចាស់កាលពី១៨ឆ្នាំមុន ដោយបានប្រាប់ឲ្យគាត់ជីករន្តៅមួយ ហើយលោកក៏បានធ្វើរឿងនេះ ដោយចេញពីបេះដូង ហើយមិនបានបញ្ឈប់ឡើយតាំងពីចាប់ផ្តើមមក។

ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ លោក Santiago បាននិយាយថា អ្វីដែលលោកកំពុងធ្វើ គឺជាការបង្ហាញឲ្យដឹងពីព្រះជាម្ចាស់ ហើយបើទោះបីជាមានអ្នករិះគន់ជាច្រើនបានសើចចំអក និងហៅគាត់ថាជាមនុស្សឆ្កួតក៏ដោយ បុរសចំណាស់ម្នាក់នេះនៅតែបំពេញបេសកកម្មរបស់គាត់ បើទោះបីជាគាត់បានសារភាពថាគាត់មិនបានយល់ពីគោលបំណងនេះក៏ដោយ។

អ្នកយកព័ត៌មានម្នាក់បានចូលទៅក្នុងរន្តៅក្រោមដីនោះ ដើម្បីចង់ដឹងថា តើវាមានចម្ងាយប៉ុន្មានក្នុងរយៈពេល១៨ឆ្នាំមកនេះ ប៉ុន្តែគេបានត្រឡប់បកក្រោយវិញ នៅពាក់កណ្តាលផ្លូវ ដោយសារតែពិបាកដកដង្ហើម។ វាមិនបានធ្វើឲ្យលោក Santiago ភ្ញាក់ផ្អើលនោះទេ ដោយលោកបាននិយាយថា មានតែលោកម្នាក់គត់ ដែលអាចទៅដល់ចុងនៃរូងក្រោមដីនេះ ពីព្រោះលោកជាអ្នកជីករូងក្រោមដីរបស់ព្រះ។ គ្មាននរណាម្នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតិឲ្យចូលទៅទីនោះទេ។ 

រន្ធដ៏ចម្លែកនេះត្រូវបានគេស្គាល់ថា ជាផ្លូវរូងក្រោមដីរបស់ព្រះជាម្ចាស់ ហើយពេលខ្លះមានមនុស្សមកចូលទស្សនាទៀតផង។ តែទោះជាយ៉ាងណា មិនមាននរណាម្នាក់ក្រៅពី Santiago ដែលអាចទៅដល់ចុងនៃរូងក្រោមដីនេះ ដែលហាក់មើលទៅមានតែគាត់ម្នាក់ដែលមិនមានបញ្ហាជាមួយនឹងកម្រឹតអុកស៊ីសែនទាបនៅក្នុងកម្រិតជ្រៅបែបនេះ។

ដោយសារតែ Santiago ជាមនុស្សតែម្នាក់ដែលអាចទៅដល់ចុងនៃរូងក្រោមដីនេះ ដូច្នេះគ្មាននរណាដឹងថាវាមានប្រវែងប៉ុណ្ណានោះទេ។ ហើយលោក Santiago នឹងបន្តការងាររបស់គាត់ទៀត រហូតដល់ទទួលបានសារណាមួយផ្សេងទៀតពីព្រះជាម្ចាស់ ឬក៏ដល់ទីបញ្ចប់នៃជីវិតរបស់គាត់។ បុរសចំណាស់នេះបានអះអាងថា ព្រះជាម្ចាស់នឹងប្រទានអំណោយដល់លោក នៅពេលដែលបញ្ចប់ភារកិច្ចមួយនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់​ជីករូងក្រោមដី ជាង១៨ឆ្នាំ តាមបង្គាប់របស់ព្រះ​​​ (មានវីដេអូ)

បុរសម្នាក់​ជីករូងក្រោមដី ជាង១៨ឆ្នាំ តាមបង្គាប់របស់ព្រះ​​​ (មានវីដេអូ)

បុរសម្នាក់​ជីករូងក្រោមដី ជាង១៨ឆ្នាំ តាមបង្គាប់របស់ព្រះ​​​ (មានវីដេអូ)

បុរសម្នាក់​ជីករូងក្រោមដី ជាង១៨ឆ្នាំ តាមបង្គាប់របស់ព្រះ​​​ (មានវីដេអូ)