កងទ័ព​ស៊ី​រី​ស្នើ​ពួក​ឧទ្ទាម​ចាកចេញ​ពី​ក្រុង​អា​ឡែ​ប​ខណៈ​មនុស្ស​338​នាក់​ស្លាប់​នៅ​ទីនោះ​តែ​1​ស​ប្តា​ហ៍

កងទ័ព​ស៊ី​រី​ស្នើ​កាលពី​ថ្ងៃ​ទី​២ តុលា ដល់​ពួក​ឧទ្ទាម​ឱ្យ​ចាក​ចេញពី​ទីក្រុង​អា​ឡែ​ប ដោយ​សន្យា​ពី​ការ​ចាកចេញ​ដោយ​មាន​សន្តិសុខ​មួយ ។

យោង​តាម​ទូរទស្សន៍​ជាតិ​ស៊ី​រី​ថា ទីបញ្ជាការ​យោធា​ស៊ី​រី​បាន​អំពាវនាវ​ដល់​ពួក​ឧទ្ទាម​ឱ្យ​បោះបង់​ចោល​បណ្តា​ទីតាំង​ដែល​ពួក​គេ​កាន់កាប់​នៅ​ភាគ​ខាងកើត​ទីក្រុង​ធំ​ទី​២​នោះ​របស់​ប្រទេស ដើម្បី​ឱ្យ​បណ្តាជន​ស៊ី​វិល​បាន​រស់នៅ​ក្នុង​ជីវភាព​ធម្មតា​ឡើង​វិញ ។ ទីបញ្ជាការ​យោធា​ស៊ី​រី​បន្ត​ថា​កងទ័ព​ស៊ី​រី​និង​កងទ័ព​រុ​ស្ស៊ី​សន្យា​ឱ្យ​ពួក​គេ​អាច​ចាកចេញ​ដោយ​មាន​សន្តិសុខ ហើយ​រហូត​ដល់​ត្រៀម​ផ្តល់​ជំនួយ​ដល់​ពួក​គេ​ទៀត​ផង ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្សី​នា​ពេល ថ្មី​ៗ​នេះ​ទទួល​បាន​ជ័យជម្នះ​គួរ​ឱ្យ​កត់សម្គាល់​នានា​នៅ​ភាគ​ខាងកើត​ទីក្រុង​នោះ​បន្ទាប់​ពី​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​មួយ​មក ។ នោះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កងទ័ព​អំពាវនាវ​ដល់​ពួក​ឧទ្ទាម​ឱ្យ​ចុះចូល ក៏​ប៉ុន្តែ​ជា​លើក​ដំបូង​ដែល​កងទ័ព​នោះ​សន្យា​ជួយ​ពួក​គេ​ឱ្យ​ចាក​ចេញពី​ទីក្រុង​នោះ​ដោយ​មានការ​ធានា​សន្តិសុខ ។

ការ​វាយ​រុលទៅមុខ​នោះ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​ធំ​មួយ​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​អា​ឡែ​ប​ទាំងស្រុង​ខណៈ​ទីក្រុង​នោះ​ចាត់ទុកជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ព្រោះ​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​តួ​ក​គី ។

ចំណែក​កងទ័ព​រុ​ស្ស៊ី​តាម​កាសែត​IZVESTIA​ថា បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ប​បែក​ជា​ច្រើន​គ្រឿង​ថែម​ទៀត​មក​កាន់​ស៊ី​រី ទោះបី​ការ​វាយលុក​នៅ​ក្រុង​អា​ឡែ​ប​តាម​អង្គការ​សុខភាព​ពិភពលោក​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​៣៣៨​នាក់ រយៈពេល​តែ​១​ស​ប្តា​ហ៍​ក្តី ។

ប្រធានាធិបតី​អា​មេ​រិ​ក លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា និង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល បាន​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​សាហាវ​របស់​រុ​ស្ស៊ី និង​របប​ស៊ី​រី​លើ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ។

សម្រាប់​ពួក​មហាអំណាច​លោក​ខាងលិច ដែល​និយាយ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម កងទ័ព​រុ​ស្ស៊ី ចាប់តាំងពី​បញ្ឈប់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មក​បាន​ទម្លាក់​គ្រាប់បែក​យ៉ាង​សាហាវ​បំផុត​លើ​តំបន់​ជាប់​ការ​ឡែ​ប​ព័ទ្ធ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​។ ប្រជាជន​ក្រុង​អា​ឡែ​ប​និយាយ​ថា នោះ​ជា​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ប្រើ​គ្រាប់បែក​កម្លាំង​ខ្លាំង​បំផុត​ដែល​អាច​កម្ទេច​ទាំងស្រុង​បណ្តា​អគារ​ខ្ពស់​ៗ ។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​ផ្ទុះ​ឡើង​នា​ភាគ​កណ្តាល​និង​ភាគ​ខាងជើង​ទីក្រុង​នោះ​ដែល​កងទ័ព​ស៊ី​រី​វាយ​កាន់កាប់​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​HANDARAT ជា​លើក​ទី​២​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​មក ។ កងទ័ព​ស៊ី​រី​និយាយ​ថា បាន​ឈរជើង​នៅ​ជុំវិញ​មន្ទីរពេទ្យ​ជិត​ជំរំ​ជនភៀសខ្លួន​នោះ ។ ម្យ៉ាងទៀត​កងទ័ព​ស៊ី​រី​រៀបរាប់​ពី​ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​សង្កាត់ SOULEIMAN AL HALABI ភាគ​កណ្តាល​ទីក្រុង តែ​ពួក​បះបោរ​និយាយ​ថា បាន​វាយ​រុញច្រាន​ការ​វាយលុក​លើ​សង្កាត់​នោះ ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រៀបរាប់​ថា​នា​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប​ស្ថានីយ​ចែកចាយ​ទឹក​មួយ​រង​ការ​កម្ទេច ។

យោង​តាម​កាសែត​IZVESTIA​ថា​យន្តហោះ​ទម្លាក់​គ្រាប់បែក SU-24 និង SU-34  មួយ​កង​បាន​ទៅ​ដល់​មូលដ្ឋាន​អាកាសចរណ៍​ស៊ី​រី  HMEYMIME ហើយ ៕