កម្ដៅសម្ល​ទុក​ចោល ផ្អើល​អស់អ្នក​ជិតខាង​និង​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​វិឡា​មួយ​កន្លែង​ក្នុង​បុរី​ពិភព​ថ្មី លេខ​២៥ ផ្លូវ​លេខ​៧ ភូមិ​ក្រុង​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈ​ម្ចាស់ផ្ទះ​កម្ដៅសម្ល​ទុក​ចោល​ភ្លេច​បិទ​ហ្គា​ស​បណ្ដាល​ឲ្យ​ឆេះ​ខ្លោច​ហុយផ្សែង​ទ្រលោម ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ផ្សែង​បាន​ហុយ​ទ្រលោម​ចេញពី​ចង្ក្រាន​បាយ​វិឡា​កើតហេតុ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ។ ភ្លាម​ៗ អាជ្ញាធរ សមត្ថកិច្ច និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ឡើង​លើដំបូល​ផ្ទះ​វាយ​បំបែក​ក្បឿង រួច​នាំ​គ្នា​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ឡើយ គឺ​គ្រាន់តែ​ឆេះ​ខ្លោច​ឆ្នាំងសម្ល​.​ខ​ដែល​ម្ចាស់​កម្ដៅ​ទុក​ចោល​ប៉ុណ្ណោះ ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ទេព សា​រ៉ាត់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​មន្ត្រីរាជការ​នៅ​គណៈ​ក​ម្មា​ជាតិ​រៀបចំ​បោះ​ឆ្នោត​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​គាត់​បាន​នាំ​កូន​ទៅ​មន្ទី​ពេទ្យ ហើយ​ប្តី​របស់​គាត់​បាន​ដាក់​កម្ដៅ​ខ​រួច​ទៅ​ធ្វើការ​បាត់​ដោយ​ភ្លេច​បិទ​ហ្គា​ស​ជា​ហេតុ​ធ្វើ​ឲ្យ​រីង​ទឹក​ឆេះ​ខ្លោច​ឡើង​ហុយផ្សែង​ទ្រលោម​រហូត​អ្នក​ជិតខាង ទូរស័ព្ទ​ប្រាប់​គាត់​ទើប​គាត់​ដឹង ៕