អាសូរ​ណាស់ ! ចុះ​ទៅ​ជួយ​ក្មួយ​ៗ​លង់ទឹក បែរជា​លង់​ស្លាប់​ខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​និង​អ្នកលេង​ទឹកជា​ច្រើន​បាន​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​ក្មេង​ៗ៣​នាក់​ដែល​បាន​លង់ទឹក ក្រោយ​ពេល​ជួយ​សង្គ្រោះ​ក្មេង​ៗ​បាន​ហើយ​ក៏​នាំ​គ្នា​ឡើង​មក​លើគោក​វិញ តែ​មិនឃើញ​បុរស​ម្នាក់​នោះ​សោះ​ក៏​នាំ​គ្នា​រក​ម្តងទៀត​ស្រាប់តែ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​កោះ​រលុះ ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងលិច​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សរ សី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។ មុន​ពេល​កើតហេតុ​ក្មួយ​របស់​ជន​រង​គ្រោះ​៣​នាក់​អាយុប្រមាណ​ជា​៧-៨​ឆ្នាំ​បាន​លង់ទឹក ពេល​នោះ​ជន​រង​គ្រោះ​ក៏​ដូច​ជា​អ្នក​ទៅ​លេង​ទឹកជា​ច្រើន​នាក់​បាន​ស្ទុះ​ទៅ​ជួយ​ក្មេង​ៗ​ទាំង​៣​នាក់​នោះ ពេល​ជួយ​ក្មេង​រួច អ្នក​ផ្សេង​ៗ​គេ​ឡើង​លើគោក​អស់ ចំណែក​ជន​រង​គ្រោះ​បែរជា​លង់ទឹក​ខ្លួនឯង​ស្លាប់ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ចាត់​ធ្វើបុណ្យ​នៅ​ឯ​គេហដ្ឋាន​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ៕