សហព័ន្ធស្រូវអង្ករ​លើក​កម្ពស់​មោទនភាព​ជាតិដោយ​អនុវត្តច្បាប់​កាន់តែ​ខ្លាំង​​ជាងមុន

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់មោទនភាពជាតិ និងពង្រឹងវិស័យស្រូវអង្ករដែលកំពុងជួបវិបត្តិនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្កើតតែមមួយដែលមានរូបសញ្ញារបស់សហព័ន្ធដើម្បីកំណត់អត្តសញ្ញាណស្រូវដែលដាំដុះនិងកិននៅកម្ពុជា។ ប្រសិនបើវិធានការនេះមិនដំណើរការទេ ពួកគេក៏ត្រៀមប្រើវិធានការក្តៅផងដែរ គឺការអនុវត្តឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនូវច្បាប់ដែលដាក់ទោសទណ្ឌលើអ្នកលក់អង្ករនាំចូលដែលក្លែងបន្លំថា ១០០ភាគរយដាំដុះនៅកម្ពុជា។ យោងតាមលោក រ៉ដ បាសេត (Rod Bassett) ទីប្រឹក្សាស្រូវអង្ករកម្ពុជាបានឲ្យដឹងថាយុទ្ធនាការផ្សព្វផ្សាយដែលមានរៀបរាប់ពីអង្ករកម្ពុជា ចុងភៅដ៏ល្បី និងតែមថ្មីគ្រោងនឹងថតនៅព្រឹកនេះ ហើយស្ព័តផ្សព្វផ្សាយេនះគ្រោងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងគេហទំព័របណ្តាញទំនាក់ទំនងសង្គមនៅចុងសប្តាហ៍នេះ ។ លោក មូល សារិទ្ធ អគ្គលេខាធិការស្រូវអង្ករកម្ពុជាបានលើកឡើងថា មានការខិតខំទ្វេដងនៅក្នុងការបង្កើតតែមនេះ និងយុទ្ធនាការផ្សព្វផ្សាយអំពីវា។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងចង់ការពារទីផ្សាររបស់យើង តាមរយៈការទប់ស្កាត់កុំឲ្យមានអ្នកលួចបន្លំនិងទប់ស្កាត់អ្នកលក់អង្ករកុំឲ្យយកអង្ករកម្ពុជាលាយជាមួយអង្ករនាំចូលពីប្រទេសជិតខាង ។ ទី២យើងចង់ឲ្យពលរដ្ឋខ្មែរមានមោទនភាពចំពោះអង្កររបស់ខ្លួន”។ សមាជិកក្រុមប្រឹក្សាសហព័ន្ធ និងអ្នកស្ម័គ្រចិត្តផ្សេងៗទៀតកំពុងចុះទៅតាមរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេសដើម្បីលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ស្រូវដាំដុះនៅកម្ពុជា១០០ភាគរយ នេះបើយោងតាម លោក ហ៊ុន ឡាក់ ដែលជាអនុប្រធានក្រុមនេះ។ លោកបានថ្លែងថា “ដើម្បីធ្វើឲ្យចំណាត់ការនេះមានប្រសិទ្ធភាព យើងបានស្នើឲ្យស្ថាប័នពាក់ព័ន្ធដូចជា កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម និងក្រសួងសិកម្ម ដាក់ទោសទណ្ឌអ្នករកស៊ីលក់អង្ករដែលមិនមែនជាអង្ករសុទ្ធរបស់កម្ពុជា ឬក៏ចាត់វិធានការបិទអាជីវកម្មរបស់ពួកគេតែម្តង”។ កាំកុងត្រូលរួមជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីគយ បានដើរតួជាសេនាធិការបង្ក្រាបការឆបោកតាងនាមឲ្យរដ្ឋាភិបាល។ច្បាប់ការពារស្រូវអង្ករកម្ពុជាមិនមែនថ្មីនោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងអនុវត្តកើតមានឡើងគឺដើម្បីដោះស្រាយបញ្ហាសំខាន់ដែលវិស័យនេះកំពុងប្រឈម។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានលើកឡើងថា អ្នកលក់ “អង្ករមិនសុទ្ធ” នឹងត្រូវចាប់ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយអាជីវកម្មរបស់ពួកគេនឹងត្រូវបិទតែម្តង។ នរណាដែលខ្លែងបន្លំតែមសហព័ន្ធស្រូវអង្ករកម្ពុជានឹងចាប់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ចំណាត់ការនេះធ្វើឡើង ខណៈតម្រូវការអង្ករពិភពលោកដែលមិនសូវមានសកម្មភាពបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដោយធ្វើឲ្យតម្លៃចុះថោក និងធ្វើឲ្យអង្ករកម្ពុជាជួបការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលបានបញ្ចេញឧបត្ថម្ភធនដល់វិស័យស្រូវអង្ករកាលពីពីរសប្តាហ៍កន្លងមកនេះ ដើម្បីជួយទប់ស្កាត់កុំឲ្យកសិករក្ស័យធន។ បញ្ហាប្រឈមក៏មានពីប្រទេសដែលនៅឆ្ងាយៗផងដែរ។ ប្រទេសនីហ្សេរីយ៉ា ដែលធ្លាប់ជាអ្នកនាំចូលអង្ករធំបំផុតទី២លើពិភពលោកក្នុងចំនួន៣លានតោនក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនដែលនាំចូលអង្ករ៤លានលានតោនប្រចាំឆ្នាំនោះ បានចាប់ផ្តើមវិធានការរក្សាស្ថិរភាពក្នុងស្រុកកាលពីឆ្នាំមុន ហើយមានពេលមួយបានបង្កកការនាំចូលទាំងស្រុងអស់រយៈពេលជាច្រើនខែ។ ប្រទេសនៅតំបន់អាហ្វ្រិកខាងលិចផ្សេងៗទៀតក៏ធ្វើតាមដូច្នោះដែរ។ ស្របពេលដំណាលគ្នានេះប្រទេសថៃកំពុងតែព្យាយាមបញ្ចេញអង្ករដែលនៅសល់ជិត១០លានតោន ហើយប្រទេសវៀតណាមដែលសង្វាក់ផលិតកម្មរបស់ខ្លួនប្រើកម្លាំងពលកម្មថោកនោះ អាចផលិតផលិតផលកសិកម្មបានក្នុងតម្លៃដ៏ថោក ដែលជារឿយៗតែងតែឆ្លងកាត់តាមច្រករបៀងចូលមកក្នុងប្រទេសកម្ពុជា។ អង្ករវៀតណាមលក់ក្នុងតម្លៃ២៥ដុល្លារក្នុងមួយបាវដែលមានទម្ងន់៥០គីឡូក្រាមនៅក្បែរផ្សារធំថ្មី រីឯអង្ករកម្ពុជាវិញលក់ក្នុងតម្លៃចាប់ពី៣០ទៅ៥០ដុល្លារ។ ការខិតខំរបស់រដ្ឋាភិបាលដើម្បីស្រោចស្រង់តម្លៃស្រូវអង្ករដោយជំរុញឲ្យក្រុមហ៊ុន និងបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភជួយទិញស្រូវក្នុងចំនួនយ៉ាងច្រើននោះបានជួយលក់អង្ករបានត្រឹមតែប៉ុន្មានតោនប៉ុណ្ណោះ នេះបើយោងតាមលោក មូល សារិទ្ធ ដែលកាលពី ម្សិលមិញបានចុះទៅជួបជាមួយក្រុមប្រជាកសិករក្នុងខេត្តបាត់ដំបង។ លោកបានប៉ាន់ប្រមាណថា កសិករ៣៥ទៅ៤០ភាគរយនៅក្នុងតំបន់នេះនៅសល់ស្រូវក្នុងស្តុកនៅឡើយ។ តម្លៃស្រូវផ្តល់ដោយរោងម៉ាស៊ីនកិនស្រូវដែលមានទំនាក់ទំនងជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាបានធ្លាក់ចុះមកនៅត្រឹមប្រហែល១៥០ដុល្លារក្នុងមួយតោន គិតត្រឹមថ្ងៃម្សិលមិញ ទោះបីជារដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍ជនបទបានបញ្ចេញឧបត្ថម្ភធន២៥លានដុល្លារដើម្បីទប់ទល់ក៏ដោយ។ លោក សុង សារ៉ាន នាយកប្រតិបត្តិក្រុមហ៊ុន អេមរុរ៉ាយ ជាក្រុមហ៊ុននាំចេញអង្ករដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងទិញអង្ករសុទ្ធរបស់កម្ពុជាតាំងពីថ្ងៃទី១៨ ខែកញ្ញាមកម្លេ៉ះ។ ដោយបានទិញស្រូវជាង១.០០០តោនមន្ថែម លើសពីគម្រោងដំបូងនោះ លោកបានលើកឡើងថា លោកមានមន្ទិលថា យុទ្ធនាការផ្សព្វផ្សាយនេះនឹងមិនអាចជំរុញឲ្យលោកទិញបន្ថែមទៀតទេ ទោះបីជា លោកគិតថា “វាគឺជាគំនិតដ៏ល្អ” ក៏ដោយ។ លោក រ៉ដ បាសេត បានទទួលស្គាល់ថា ទោះបីជាសហព័ន្ធស្រូវអង្ករបានខិតខំរួមគ្នានៅក្នុងការបង្កើត និងផ្សព្វផ្សាយតែមនេះក៏ដោយ តែវាទំនងជាគ្មានផលប៉ះពាល់ខ្លាំងលើតម្រូវការឡើយ។ លោកបានមានប្រសាសន៍ថា “ភាគច្រើននៃទីផ្សារក្នុងស្រុកគឺត្រូវការស្រូវដែលដាំដុះនៅកម្ពុជា។ គំនិតនេះគឺដើម្បីផ្តល់ទំនុកចិត្តដល់រោងម៉ាស៊ីនកិនស្រូវ។ ឥឡូវនេះពួកគេមិនបានធ្វើអ្វីឲ្យបានភ្លាមនោះទេ”៕ ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of […]

The post សហព័ន្ធស្រូវអង្ករ​លើក​កម្ពស់​មោទនភាព​ជាតិដោយ​អនុវត្តច្បាប់​កាន់តែ​ខ្លាំង​​ជាងមុន appeared first on The Cambodia Daily.