លោកស្រី មូរ សុខហួរ ចង់ឱ្យស៊ើបការដោះលែង​មន្ត្រី​បង្កគ្រោះថ្នាក់​ចរាចរណ៍

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានស្នើឲ្យក្រសួងយុត្តិធម៌សើុបអង្កេតព្រះរាជអាជ្ញាមួយរូបដែលមិនបានធ្វើការចោទប្រកាន់មន្ត្រីរដ្ឋបាលព្រៃឈើមួយរូប ដែលបានបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ស្លាប់នៅក្នុងខេត្តសៀមរាប  ខណៈពេលបើកបរក្នុងស្ថានភាពស្រវឹង។ លោកស្រី មូរ សុខហួរ បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី១៥ខែកញ្ញា តាមរយៈលោកហេង សំរិន ប្រធានរដ្ឋសភាដែលបានចុះហត្ថលេខាលើលិខិតនេះកាលពីថ្ងៃសុក្រ។ ឥឡូវនេះសំណើនេះទៅដល់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។ លោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំនាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាបបានបើករថយន្តលុចសីុសរបស់លោកយ៉ាងលឿនកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ស្រាប់តែពេលនោះបុកពីក្រោយពេញទំហឹងទៅលើម៉ូតូរបស់លោក ចាន់ រស្មី អាយុ៤១ឆ្នាំ ហើយ បានអូសទាំងម៉ូតូ និងមនុស្សជាច្រើនម៉ែត្រ។ ដោយស្រវឹងជោកជាំមិនអាចឆ្លើយសំណួរបាននៅថ្ងៃបន្ទាប់ លោក យ៉ាន ស៊ីដេត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃបន្ទាប់មកទៀត ទីដែលព្រះរាជអាជ្ញា កើត សុវណ្ណារ៉េត បានដោះលែងជនបង្កដោយពុំបានធ្វើការចោទប្រកាន់អ្វីឡើយ ដោយលើកឡើងថា មន្ត្រីរូបនេះមិនមានបំណងសម្លាប់ជនរងគ្រោះទេ។ នៅក្នុងលិខិតរបស់លោកស្រីផ្ញើជូនលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី មូរសុខហួរ បានមានប្រសាសន៍ថា លោក កើត សុវណ្ណារ៉េត មានកំហុស ដោយមិនបានផ្តន្ទាទោសមន្ត្រីរូបនេះ។ លិខិតដដែលនេះបន្តថា “ខ្ញុំយល់ឃើញថា ការសម្រេចដោះលែង និងមិនចោទប្រកាន់របស់ព្រះរាជអាជ្ញា កើត សុវណ្ណារ៉េត គឺមិនត្រឹមត្រូវនោះទេ។ ដូច្នេះខ្ញុំសូមស្នើសុំឱ្យមានបើកការសើុបអង្កេតចំពោះភាពមិនប្រក្រតីនៅក្នុងករណីនេះ”។ តំណាងលោក ហ៊ុន សែន មិនអាចទាក់ទងបានទេ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយលោក កើត សុវណ្ណារ៉េត ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។ ក្រុមគ្រួសារលោក ចាន់ រស្មី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ ប៉ុន្តែ លោក ខាំ លឿ មេឃុំកណ្តែក ស្រុកប្រាសាទបាគងបានមានប្រសាសន៍ថា ក្រុមគ្រួសារជនរងគ្រោះបានយល់ព្រមទទួលយកប្រាក់សំណងប្រហែល៦.០០០ដុល្លារពីលោក យ៉ាន ស៊ីដេត គឺតិចជាងការទាមទារដំបូងដែលទាមទារគឺ៧.០០០ដុល្លារ។ ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ជារឿយៗបានព្រមព្រៀងមិនធ្វើការចោទប្រកាន់ជាថ្នូរនឹងប្រាក់សំណងជាជាងដាក់ពាក្យបណ្តឹងទៅតុលាការដែលញាំញីដោយអំពើពុករលួយក្នុងប្រទេស ហើយចុងបញ្ចប់មិនទទួលបានអ្វីសោះ។ ទោះជាយ៉ាងណា ក្នុងករណីព្រហ្មទណ្ឌវាអាស្រ័យលើតុលាការ ថាតើត្រូវចោទប្រកាន់ […]

The post លោកស្រី មូរ សុខហួរ ចង់ឱ្យស៊ើបការដោះលែង​មន្ត្រី​បង្កគ្រោះថ្នាក់​ចរាចរណ៍ appeared first on The Cambodia Daily.