បាញ់ប្រហារ​នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​កមួយ​ស្លាប់​2​នាក់

មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២ តុលា ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នៅ​ទីក្រុង GREENSBORO រដ្ឋ​ការ៉ូ​លី​ន ខាងជើង​សហរដ្ឋអាមេរិក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​តាម​FACEBOOK សាកលវិទ្យាល័យ​នោះ​គូសបញ្ជាក់​ថា សាកលវិទ្យាល័យ​រដ្ឋ​ការ៉ូ​លី​ន ខាងជើង​មានការ​សោកស្តាយ​ប្រកាស​ពី​ការ​ស្លាប់​និស្សិត​របស់​ខ្លួន​២​នាក់ គឺ​នាង​ALISIA DIEUDONNE និស្សិត​ខាង​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​២ និង​និស្សិត​ប្រុស​ឈ្មោះ​AHMAD CAMPBELL រៀន​ខាង​ផ្នែក​កសិកម្ម ។ និស្សិត​ទាំង​២​នាក់​នោះ​ស្លាប់​កាលពី​ថ្ងៃ​ទី​២ តុលា ដោយសារ​ការ​បាញ់ប្រហារ ។

យោង​តាម​ទូរទស្សន៍​NBC ថា ស្នូរ​កាំភ្លើង​លាន់ឮ​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក ក្រោយ​ការ​ប្រវាយប្រតប់​គ្នា ដែល​ចាប់ផ្តើម​ក្នុង​ឱកាស​រាត្រីសមោសរ​មួយ​របស់​និស្សិត ។ ប៉ូលិស​ប្រទះ​ឃើញ​យុវនារី​ម្នាក់​និង​យុវជន​ម្នាក់​រង​របួស​នៅ​កន្លែង​បាញ់ប្រហារ​។ និស្សិត​ទាំង​២​នាក់​ស្លាប់​ដោយ​របួសធ្ងន់​ពេក​នៅ​មន្ទីរពេទ្យ ។ ប៉ូលិស​បើក​ការ​ស៊ើបអង្កេត​មួយ​ក្រោយ​ការ​បាញ់ប្រហារ​នោះ ៕