អាមេរិក​មិន​បោះបង់ចោល​អាស៊ី​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-03-2016, 3:59 pm         70

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​មិន​បោះបង់ចោល​អាស៊ី​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ខណៈដែល​ការបោះឆ្នោត​អាមេរិក​កាន់តែ​ខិតជិត​មកដល់ បណ្តា​ប្រទេស​នៅ​អាស៊ី​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ព្រោះ​គេ​បារម្ភ​ថា អាមេរិក​នឹង​ងាក​ចេញពី​អាស៊ី​បើសិន​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​មែន​។  ប៉ុន្តែ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក ច​ន ឃែ​រី បាន​អះអាងថា សហរដ្ឋអាមេរិក​នឹងមិន​បោះបង់ចោល​តំបន់​អាស៊ី​ឡើយ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

នៅសល់​ប្រហែល ៥​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មកដល់​។ ប្រជាជន​ទូទាំង​ពិភពលោក​កំពុង​តាមដាន​ការបោះឆ្នោត​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​ការផ្លាស់ប្តូរ​ការដឹកនាំ​នៅ​អាមេរិក​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​អាមេរិក​ដែរ​។​

ជាច្រើន​ដង លោក ដូ​ណា​ល់ ត្រាំ ដែលជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នោះបាន​ថ្លែងថា បើ​លោក​ជាប់ឆ្នោត​លោក​នឹង​កាត់បន្ថយ​វត្តមាន​កងទ័ព​អាមេរិក​នៅ​តំបន់​អាស៊ី​និង​បង្កើន​កម្រិត​ពន្ធ​សម្រាប់​ការនាំ​ចូល​ពី​ប្រទេស​អាស៊ី​។ លោក ដូ​ណា​ល់ ត្រាំ ចង់ទុក​តំបន់​អាស៊ី​ឲ្យ​ចិន​គ្រប់គ្រង​វិញ​ម្តង​ក៏​មិនដឹង​។

១.​អាមេរិក​មិន​បោះបង់​អាស៊ី​
ទាក់ទិន​បញ្ហា​នេះ លោក ច​ន ឃែ​រី បានបញ្ជាក់​យ៉ាងច្បាស់​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ ២២ កញ្ញា​ថា គ្មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ​នឹង​បោះបង់​តំបន់​អាស៊ី​ឡើយ ហើយ​ការបន្ត​ពង្រឹង​ការផ្សាភ្ជាប់​រវាង​អាមេរិក​និង​អាស៊ី​នឹង​នៅតែមាន​ជា​ដរាប​។ លោក​ពន្យល់ថា ការបន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ី​នឹងធ្វើ​ឲ្យ​អាមេរិក​ខ្លាំង​ជាង​មុន​និង​សុវត្ថិភាព​ជាង​មុន​ថែម​ទៀតផង​។

រដ្ឋមន្ត្រីការបរទេស​រូបនេះ​បញ្ជាក់ថា​៖«​គ្មាន​ផ្លូវ​ដែល​ប្រធានាធិបតី​អាមេរិក​និយាយថា ខ្ញុំ​នឹង​បោះបង់​អាស៊ី​ឡើយ​។ ពេលខ្លះ​យើង​គួរ​ដឹងថា ទំនាក់ទំនង​នេះ​វា​សំខាន់​ព្រោះ​វា​ជួយ​ឲ្យ​អា​មេ​រិ​កាន់តែខ្លាំង​និង​កាន់​តែមាន​សុវត្ថិភាព​ថែមទៀត​ផង​»​។​    ​

ពេល​អ្នកសារព័ត៌មាន​លើកយក​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ មក​ចោទសួរ​លោក លោក ឃែ​រី បាន​ព្យាយាម​ចៀសវាង​និយាយ​ចំៗ​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ​។ តែ​លោក​បាន​អះអាង​យ៉ាងច្បាស់​ថា ទោះជា​ប្រធានាធិបតី​ចេញពី​បក្ស​ណាក៏ដោយ ប្រជាធិបតេយ្យ​ឬក៏​សាធារណរដ្ឋ​ក្តី អ្នកនយោបាយ​ទាំំ​ង​នោះ​នឹង​បន្ត​នយោបាយ​ដែល​កំណត់​តំបន់​អាស៊ី​ជា តំបន់​អាទិភាព​។​

តាមពិតទៅ ការពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​ត្រូវ​លើកស្ទួយ​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​បង្កើត​«​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​»​។ ហើយ​ក្នុង​រយៈពេល ៨ ឆ្នាំ​មកនេះ លោក អូ​បា​ម៉ា បាន​ប្រឹងប្រែង​ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​នៅក្នុង​តំបន់​។  កិច្ចសហប្រតិបត្តិការ​សន្តិសុខ សេដ្ឋកិច្ច នយោបាយ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ក៏ត្រូវ​បាន​លើកស្ទួយ​ខ្លាំង​ផងដែរ​។​

លោក អូ​បា​ម៉ា ជឿជាក់ថា ការបន្ត​ទំនាក់ទំនង​និង​ការផ្សាភ្ជាប់​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី​ជា​រឿង​មិនអាច​ខ្វះ​បាន ហើយ​លោក​ក៏​ជឿជាក់​ផងដែរ​ថា អ្នក​ស្នង​តំណែង​លោក​នឹងមិន​បោះបង់ចោល​អាស៊ី​ឡើយ​។​

២. គ្មាន​ការបង្ខំ​ឲ្យ​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន​ឡើយ​
យ៉ាងណា​ក៏ដោយចុះ នយោបាយ​ការពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​ឡើងវិញ ត្រូវបាន​គេ​ចាត់ទុកជា​យុទ្ធសាស្ត្រ​មួយ​របស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​ការកើនឡើង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​។ អាមេរិក​មិន​ត្រឹមតែ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ប​ណ្ណោះ​ទេ​តែ​អាមេរិក​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ហើយ​ចូល​លូកលាន់​យ៉ាងជ្រៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​សមាជិក​អាស៊ាន​ជាមួយ​ចិន​ទៀត​។ ពេលខ្លះ ប្រទេស​នៅក្នុង​តំបន់​ចាប់ផ្តើម​គិតថា តើ​គួរ​ជ្រើសរើស​មហាអំណាច​មួយណា​ជា​ខ្នងបង្អែក​ថែមទៀត​។​

ប៉ុន្តែ​កន្លងមក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាង​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​មិន​ដែលមាន​ចេតនា​ទប់ស្កាត់​ចិន​មិន​ឲ្យ​រះ​ត្រដែត​ឡើង​ឡើយ​។ ហើយ​អាមេរិក​ស្វាគមន៍​ការលូតលាស់​និង​ក្លាយជា​មហាអំណាច​ពិភពលោក​របស់​ក្រុង​ប៉េកាំង​ទៀត ប៉ុន្តែ​អាមេរិក​ចង់ឃើញ​ចិន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង​គោរព​ច្បាប់​អន្តរជាតិ​ជាដើម​។ អាមេរិក​ក៏​គ្មាន​ចេតនា​បង្ខំ​ឲ្យ​គេ​ជ្រើសរើស​រវាង​ចិន​និង​អាមេរិក​ដែរ​។​

ទាក់ទិន​បញ្ហា​នេះ លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាងថា លោក​មិន​ជឿថា អាមេរិក​និង​ចិន​ត្រូវ​ឈ្លោះ​គ្នា​ដើម្បី​គ្រប់គ្រង​តំបន់​ឡើយ ព្រោះ​ពិភពលោក​នេះ​វា​ធំ​ណាស់​។ ហើយ​អ្វីដែល​លោក​ជឿជាក់​គឺ ការសហការ​គ្នា និង​រួបរួមគ្នា​រវាង​អាមេរិក​និង​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក រួមគ្នា​។​

លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា តាំងពីដើម​មក​អាមេរិក​ចាត់ទុក​ការ​រះ​ត្រដែត​ឡើង​របស់​ចិន​ជា​រឿង​សំខាន់​មួយ ហើយ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​មិនមែនជា​ទំនាក់ទំនង​នៃ​ផលបូក​ស្មើ​សូន្យ​ឡើយ​។ ហើយ​អ្វីដែល​រឹតតែ​សំខាន់​នោះ​គឺ អាមេរិក​មិន​ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ជ្រើសរើស​រវាង​អាមេរិក​និង​ចិន​ឡើយ​។​