ស្វែងយល់ពីបញ្ហាជុំវិញ «ជំងឺគ្រួសក្នុងតម្រងនោម» និងវិធីការពារ

# អ្វីទៅជា គ្រួសនៅក្នុងតម្រងនោម?

គ្រួសក្នុងតម្រងនោម គឺជាដុំរឹង មានទំហំតូច និងមើលទៅភ្លឺៗ ដូចជាដុំគ្រីស្តាល់ ដែលកកើតឡើងនៅក្នុងតម្រងនោម ឬបំពង់ទឹកនោម។ ដុំគ្រួស ទាំងនោះ កើតឡើងពីសារធាតុរ៉ែ និងអំបិលអាស៊ីត។

គ្រួសក្នុងតម្រងនោម អាចបណ្តាលមកពីមូលហេតុជាច្រើន និងអាចប៉ះពាល់តម្រងនោម រហូតដល់ផ្លោកនោមទាំងមូល។ ជាញឹកញាប់ ដុំគ្រួសនោះកើតឡើងដោយសារ ការប្រមូលផ្តុំទឹកនោម (ទប់នោមយូរ) ដែលធ្វើឲ្យសារធាតុរ៉ែ កករជាដុំចូលគ្នា។

ការមិនព្យាបាលជំងឺគ្រួសក្នុងតម្រងនោម បានទាន់ពេលវេលា អាចបង្កជាការឈឺចាប់ធ្ងន់ធ្ងរ អាស្រ័យទៅតាមស្ថានភាពជំងឺរបស់អ្នក។ ប្រសិនបើដុំគ្រួសនោះ ធ្វើឲ្យស្ទះបំពង់នោមនោះ មានតែការវះកាត់ទេ ដែលអាចជួយអ្នកបាន។

# អ្នកណាខ្លះដែលប្រឈមនឹង ជំងឺគ្រួសក្នុងតម្រងនោម?

អ្នកណាៗ ក៏អាចមានជំងឺគ្រួសក្នុងតម្រងនោមដែរ។ ជាញឹកញយ គ្រួសក្នុងបំពង់នោម កើតឡើងលើបុរស ច្រើនជាងស្រ្តី។ ការវិវត្តនៃជំងឺគ្រួសក្នុងតម្រងនោម ស្ថិតនៅចន្លោះពីអាយុ ២០ ទៅ ៤៩ ឆ្នាំ។ ជំងឺនេះ ជាធម្មតា ច្រើនកើតលើជនជាតិអាស៊ី និងជនជាតិស្បែកស។ ជាពិសេស អ្នកដែលធ្លាប់មានសមាជិកគ្រួសារ កើតជំងឺគ្រួសក្នុងតម្រងនោម ក៏អាចមានលទ្ធភាពប្រឈមនឹងជំងឺនេះខ្ពស់ដែរ។ 

# រោគសញ្ញា

ជំងឺគ្រួសក្នុងតម្រងនោម នឹងមិនបង្ហាញរោគសញ្ញាឡើយ លុះត្រាតែ ដុំគ្រួស ធ្វើការផ្លាស់ទីជុំវិញនៅក្នុងតម្រងនោមរបស់អ្នក ឬនៅពេលដែលវាឆ្លងកាត់ពោះវៀនរបស់អ្នក។ នៅពេលនោះហើយ គឺជាពេលដែលអ្នក អាចនឹងជួបប្រទះនូវរោគសញ្ញា ដូចខាងក្រោមនេះ ៖

• ឈឺចាប់ធ្ងន់ធ្ងរ ត្រង់ចង្កេះខាងក្រោយ និងនៅក្រោមឆ្អឹងជំនី

• ឈឺចាប់ខ្លាំងត្រង់បរិវេណក្រោមពោះ និងក្រលៀន

• ឈឺចាប់ នៅពេលបត់ជើងតូច

• ទឹកនោមមានពណ៌ផ្កាឈូក ពណ៌ក្រហម ឬពណ៌ត្នោត

• ទឹកនោមមានពពុះ និងមានក្លិនឈួល

• អាការៈក្អួតចង្អោរ

• ពិបាក ក្នុងការបត់ជើងតូច

• ឈឺនោមញឹកញាប់ជាងធម្មតា

• បរិមាណនៅពេលនោម គឺតិច

• គ្រុនក្តៅ និងគ្រុនញាក់ នៅពេលឆ្លងមេរោគណាមួយ។

អ្នកត្រូវតែទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ។ ជាពិសេស រោគសញ្ញាកម្រិតធ្ងន់ដូចខាងក្រោមនេះ ៖

• ឈឺចាប់ខ្លាំងធ្ងន់ធ្ងរ រហូតមិនអាចអង្គុយ ឬមិនអាចទ្រាំបាន

• ឈឺចាប់នៅពេលក្អួត

• ឈឺចាប់អមដោយ អាការៈគ្រុនក្តៅ និងគ្រុនញាក់

• នោមចេញឈាម

• ពិបាកនោម ។

# មូលហេតុ នៃជំងឺគ្រួសក្នុងតម្រងនោម

ការខ្សោះជាតិទឹក ដែលបណ្តាលមកពីការថយចុះ នូវសារធាតុរាវ ឬការធ្វើលំហាត់ប្រាណខ្លាំង ដោយមិនបានទទួលទានជាតិទឹកគ្រប់គ្រាន់ គឺសុទ្ធតែបង្កើននូវហានិភ័យ នៃជំងឺគ្រួសក្នុងតម្រងនោម។ ករណីនេះ អ្នកដែលរស់នៅក្នុងតំបន់ក្តៅ និងស្ងួត គឺប្រឈមនឹងការវិវត្តនៃជំងឺគ្រួសក្នុងតម្រងនោមខ្ពស់ ព្រោះពួកគេងាយនឹងខ្សោះបាត់បង់ជាតិទឹកក្នុងរាងកាយ ដែលជាហេតុនាំឲ្យងាយនឹងកកើយឡើងនូវដុំគ្រួសក្នុងតម្រងនោម។ ជាងនេះទៅទៀត ការរាំងស្ទះលំហូរនោម (ទប់នោមយូរ) ក៏អាចធ្វើឲ្យកកើតឡើងនូវដុំគ្រួស ក្នុងតម្រងនោមដែរ។

គ្រួសក្នុងតម្រងនោម ក៏អាចបណ្តាលមកពី ការឆ្លងមេរោគ នៅក្នុងបំពង់នោមដែរ។ ករណីនេះ ត្រូវបានគេហៅថាជា ការឆ្លងមេរោគដុំគ្រួស។ ជាពិសេស គឺនៅពេលមានបញ្ហាមិនប្រក្រតី នូវមេតាប៉ូលីស រួមមាន ការរំលាយអាហារមិនបានត្រឹមត្រូវ ដែលវាអាចផ្លាស់ប្តូរសមាសភាពទឹកនោម រួចបង្កើនហានិភ័យ នៃការកកើតដុំគ្រួស ក្នុងតម្រងនោម។ 

សូម្បីតែ ករណីបែបវេជ្ជសាស្ត្រខាងក្រោមនេះ ក៏អាចបង្កជាជំងឺគ្រួសក្នុងតម្រងនោមបានផងដែរ ៖

• លើសជាតិអាស៊ីត ៖ ជាលទ្ធផល អ្នកនឹងកើនឡើងនូវកម្រិតអាស៊ីតអ៊ុយរិច ក្នុងឈាម និងក្នុងទឹកនោមរ៉ាំរ៉ៃ ដែលបណ្តាលឲ្យមានការកកើតដុំគ្រួសអាស៊ីត ក្នុងតម្រងនោម។

• Hypercalciuria (កម្រិតជាតិកាល់ស្យូមខ្ពស់ ក្នុងទឹកនោម) ៖ ក្នុងករណីនេះ គឺបណ្តាលមកពីការទទួលទានអាហារ ដែលមានជាតិកាល់ស្យូមលើសលប់ និងធ្វើឲ្យកកើតឡើងជាដុំគ្រួសប្រភេទ Calcium phosphate ឬ Calcium oxalate ។

• ជំងឺរ៉ាំរ៉ៃ ៖ រួមមានដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម គឺសុទ្ធតែទាក់ទងនឹងហានិភ័យ នៃជំងឺគ្រួសក្នុងតម្រងនោម។

• ជំងឺរលាកពោះវៀន ៖ អ្នកដែលមានបញ្ហារលាកពោះវៀន ក៏ប្រឈមនឹងការកើតជំងឺគ្រួសក្នុងតម្រងនោមដូចគ្នាដែរ។ សូម្បីតែអ្នកដែលធ្លាប់វះកាត់ពោះ ឬពោះវៀន ក៏មានហនិភ័យខ្ពស់ដែរ។

• ថ្នាំមួយចំនួន ៖ ថ្នាំបញ្ចុះទឹកនោម ថ្នាំបន្សាបជាតិអាស៊ីត និងថ្នាំព្យាបាលមេរោគអេដស៍ គឺអាចបង្កើនការកើតជំងឺទឹកនោមផ្អែម បានដោយមិនដឹងខ្លួន។

• កត្តាចំណីអាហារ ៖ ការទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់ (ខ្សោះជាតិទឹក) គឺជាមូលហេតុចំបង តែរបបអាហារមួយចំនួនផ្សេងទៀត ក៏អាចបង្កឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមបានដែរ រួចមានដូចជា ការទទួលទានប្រូតេអ៊ីនពីសាច់សត្វច្រើនពេក ការទទួលទានជាតិប្រៃខ្លាំងពេក ការទទួលទានជាតិស្ករច្រើនហួសកំណត់ និងការទទួលទានវីតាមីន D ច្រើន។

# ការការពារ ដោយការផ្លាស់ប្តូរនូវរបៀបរស់នៅ

អ្នកអាចកាត់បន្ថយការកើតឡើងនូវ ហានិភ័យជំងឺគ្រួសក្នុងតម្រងនោមបានដោយ ៖

• ផឹកទឹកឲ្យបានច្រើន ក្នុងរយៈពេលពេញមួយថ្ងៃ ៖ សម្រាប់អ្នកដែល ធ្លាប់ជួបប្រទះនូវការកើតជំងឺគ្រួសតម្រងនោមនេះ ត្រូវបានក្រុមគ្រូពេទ្យផ្តល់អនុសាសន៍ឲ្យទទួលទានទឹក ២.៥ លីត្រ ក្នុងរយៈពេលមួយថ្ងៃ។

ប្រសិនបើអ្នករស់នៅក្នុងតំបន់ក្តៅ និងស្ងួត ឬអ្នកឧស្សាហ៍ធ្វើលំហាត់ប្រាណ អ្នកត្រូវទទួលទានទឹកឲ្យបានលើសពី ២.៥ លីត្រទៅទៀត ដើម្បីបញ្ចេញទឹកនោមបានគ្រប់គ្រាន់។ ទឹកនោមរបស់អ្នកនឹងមានពណ៌ថ្លា នៅពេលដែលអ្នកផឹកទឹកបានគ្រប់គ្រាន់។

• អ្នកមិនត្រូវទទួលទានអាហារដែលសម្បូរសារធាតុ oxalate ច្រើនពេកទេ ៖ អាហារទាំងនោះរួមមាន មើមស្ពៃ ពោតបារាំង ស្ពៃspinach ដំឡូងជ្វា គ្រាប់ធញ្ញជាតិ តែ សូកូឡា និងផលិតផលសណ្តែក។ អ្នកក៏ត្រូវកាត់បន្ថយការទទួលទានជាតិប្រៃខ្លាំងផងដែរ។

• មិនត្រូវទទួលទានថ្នាំគ្រាប់កាល់ស្យូមទេ ៖ អ្នកគួរបន្តទទួលទានអាហារទាំងឡាយណា ដែលសម្បូរទៅដោយជាតិកាល់ស្យូម ជាជាងទទួលទានថ្នាំគ្រាប់ជាតិកាល់ស្យូម ព្រោះអាហារសម្បូរជាតិកាល់ស្យូម មិនផ្តល់ផលប៉ះពាល់ដល់ការវិវត្តនូវជំងឺគ្រួសក្នុងតម្រងនោមទេ បើប្រៀបនឹងថ្នាំគ្រាប់។ អ្នកខ្លះ កើតមានដុំគ្រួស ក្នុងតម្រងនោម ដោយសារខ្វះកាល់ស្យូមក៏មាន។

សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការការពារ តាមបែបវេជ្ជសាស្ត្របន្ថែមទៀត៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្វែងយល់ពីបញ្ហាជុំវិញ «ជំងឺគ្រួសក្នុងតម្រងនោម» និងវិធីការពារ

ស្វែងយល់ពីបញ្ហាជុំវិញ «ជំងឺគ្រួសក្នុងតម្រងនោម» និងវិធីការពារ