សហគមន៍​ទេសចរណ៍​ឃុំ​ព្រះរំកិល​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​បាក់​ច្រាំង​ទន្លេ

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ក្រោយ​ពី​មាន​រំហូរ​ទឹក​ខុស​ប្រក្រតី​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រះរំកិល បណ្ដាល​ឲ្យ​កើត​មាន​បាតុភូត​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​ទល់​មុខ​អន្លង់​ផ្សោត ជម្រៅ​ជាង ១០​ម៉ែត្រ និង​បណ្តោយ​ជាង ១០​ម៉ែត្រ។ មន្ត្រី​ជំនាញ​បរិស្ថាន​សន្និដ្ឋាន​ថា បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ទឹក​នៅ​តំបន់​ផ្សេងៗ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​ឡាវ បិទ​ច្រក​ហ៊ូសាហុង (Hu Sahong) ទាំង​ស្រុង ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) បង្ក​ឲ្យ​ចរន្ត​ទឹក​ហូរ​គួច​ខ្លាំង​នៅ​អន្លង់​អភិរក្ស​ផ្សោត។

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣ តុលា អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចុះ​ស្រាវជ្រាវ​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​បាតុភូត​គ្រោះ​ធម្មជាតិ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ព្រះរំកិល បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​សហគមន៍។

គណៈកម្មការ​សហគមន៍​ព្រះរំកិល លោក ផយ វណ្ណា ឲ្យ​ដឹង​ថា វា​ជា​រឿង​ចម្លែក​ដែល​ចរន្ត​ទឹក​ហូរ​កួច​នៅ​អន្លង់​អភិរក្ស​ផ្សោត កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា និង​ថ្ងៃ​ទី​១ តុលា។ លោក​សន្និដ្ឋាន​ថា ចរន្ត​ទឹក​នេះ​បង្ក​ឲ្យ​ច្រាំង​ទន្លេ​នៅ​ទល់​មុខ​អន្លង់​ផ្សោត​បាក់​ស្រុត។ ក្រៅ​ពី​នេះ ផ្ទះ​ទឹក​រូប​សំណាក​សត្វ​ផ្សោត និង​សម្ភារៈ​ផ្សេង​ទៀត​ដែល​បម្រើ​ភ្ញៀវ​ទេសចរ បាន​បាក់​ស្រុត​ចុះ​ក្នុង​ទន្លេ៖ «វា​ហូរ​វិល​កួច​ចូល​ហើយ ញែក​បុក​មក​ពី​កណ្ដាល​ទន្លេ ហើយ​វា​ហូរ​វិល​បញ្ច្រាស​ឡើង​ទៅ​លើ ដូច​ថា​វា​ជៀវ​យក​ដី​ហ្នឹង​តែ​ម្តង»

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ តែ​លោក​នឹង​ពិនិត្យ និង​សួរ​នាំ​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជា​មុន​សិន៖ «ខាង​ខេត្ត​មាន​ព័ត៌មាន​នេះ​សិន។ ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​ដឹង​ថា​កន្លែង​ហ្នឹង​វា​ធំ​ណាស់ វា​មិន​សម​អី​បាក់​ច្រាំង​ដោយសារ​ស្អី​ចឹង​ទេ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន មាន​ប្រសាសន៍​ថា មន្ទីរ​ទេសចរណ៍​ខេត្ត និង​ភាគី​ពាក់ព័ន្ធ គ្រោង​ជជែក​ពិភាក្សា​គ្នា​រក​ទីតាំង​អាហារដ្ឋាន​ថ្មី ក្រោយ​ពី​មាន​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នៅ​ទល់​មុខ​អាហារដ្ឋាន​ចាស់។ លោក​ថា មន្ទីរ​ទេសចរណ៍​ខេត្ត នឹង​រក​មធ្យោបាយ​រួម​គ្នា​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បាក់​ស្រុត​ច្រាំង​បន្ត​ទៀត ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ដាំ​ដើម​ឈើ​តាម​ច្រាំង​ទន្លេ។ តែ​យ៉ាង​ណា លោក​ថា ទោះ​បី​កើត​មាន​បាតុភាព​នេះ​ក្តី ក៏​សហគមន៍​នៅ​តែ​បន្ត​ដំណើរ​បម្រើ​វិស័យ​ទេសចរណ៍​ដដែល៖ «សេវាកម្ម​យើង​នៅ​តែ​បម្រើ​ធម្មតា​ដែរ​ទេ។ ចំណាយ​កម្លាំង​រំកិល​ទីតាំង​អាហារដ្ឋាន​ឡើង​លើ​បន្តិច ចំពោះ​សេវា​យើង​មាន ហើយ​យើង​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ»

នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) លោក ឈិត សំអាត លើក​ឡើង​ថា អង្គការ​លោក​ក៏​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​ករណី​នេះ​ដែរ។ តែ​យ៉ាង​ណា លោក​នឹង​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បាតុភូត​គ្រោះ​ធម្មជាតិ​នេះ៖ «វា​មិន​ដែល​បាក់ បើ​វា​បាក់ វា​មាន​បាតុ​ហេតុ​អី​ប្លែក​ហើយ ដោយសារ​ទំនប់​ដន​សាហុង សាងសង់។ ចឹង​យើង​ត្រូវ​រក​មូលហេតុ​វា​សិន តើ​មូលហេតុ​អី​ដែល​ធ្វើ​ឲ្យ​បាក់»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សន្និដ្ឋាន​ថា ច្រក​ហ៊ូសាហុង ត្រូវ​បាន​រាំង​ខ្ទប់​ទឹក​ដោយសារ​រដ្ឋាភិបាល​ឡាវ បិទ ទើប​ពុំ​មាន​ចរន្ត​ទឹក​ហូរ​ផ្គុំ​គ្នា បណ្ដាល​ឲ្យ​កើត​មាន​ទឹក​ហូរ​កួច​ក្នុង​អន្លង់​អភិរក្ស​ផ្សោត បង្ក​ឲ្យ​ទឹក​ច្រាល​បុក​ច្រាំង​ទន្លេ។ លោក​បារម្ភ​ថា រំហូរ​ទឹក​ខុស​ប្រក្រតី​បែប​នេះ នឹង​បង្ក​ឲ្យ​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ផ្សោត និង​ប្រព័ន្ធ​ជីវចម្រុះ​នៅ​តំបន់​នោះ។ លោក​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​នេះ​អាច​ជា​ផ្នែក​មួយ​បណ្ដាល​មក​ពី​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង៖ «ដោយសារ​កំណើន​ទឹក​ច្រក​ផ្សេង​កើន​ឡើង ហើយ​ទឹក​ហ៊ូសាហុង អត់​អាច​ហូរ​កួច​ផ្គុំ​ចូល​គ្នា វា​ទាញ​កួច​ចូល​គ្នា​ទៅ វា​អាច​ទម្លាក់​ចុះ​ទៅ​ក្រោម​ដោយ​ស្រួល។ នេះ​វា​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទំនប់​ដន​សាហុង​ហ្នឹង​ហើយ ធ្វើ​ឲ្យ​កំណើត​ទឹក​ច្រក​ផ្សេងៗ​កើន​ឡើង ជាពិសេស​វា​អាច​ច្រាល​មក​ពី​ជ្រោះ​សុភមិត្ត​មួយ​ចំនួន វា​ធ្វើ​ឲ្យ​រំហូរ​កួច​អន្លង់​ផ្សោត​ហ្នឹង វា​កួច​ឡើង ឬ​វា​វិល»

លោក មៀច មាន អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​សិក្សា និង​រក​មូលហេតុ​ជុំវិញ​បាតុភាព​នេះ ដើម្បី​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឆ្លង​ដែន ក្នុង​គោល​បំណង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។