លោក ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​ដល់​ជាង​៩០​ម៉ឺន​រៀល​នៅ​ឆ្នាំ​២០១៧

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ខណៈ​បច្ចុប្បន្ន​នេះ ប្រាក់​ខែ​គ្រូបង្រៀន​មាន​ចំនួន ៨០​ម៉ឺន ៥០០​រៀល។ សង្គម​ស៊ីវិល​សម្ដែង​ការ​សាទរ តែ​យល់​ថា​ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ នៅ​តែ​មិន​ទាន់​ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​សមរម្យ​នៅ​ឡើយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រាជ​រដ្ឋាភិបាល​នឹង​ចាប់​ផ្ដើម​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​សម្រាប់​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ឲ្យ​ដល់​ជាង ៩០​ម៉ឺន​រៀល​ក្នុង ១​ខែ ដោយ​មិន​ទាន់​បូក​នូវ​អត្ថប្រយោជន៍​ផ្សេង​ទៀត

លោក ហ៊ុន សែន ប្រកាស​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ​នឹង​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល៖ «»

ការ​ប្រកាស​សន្យា​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ខិត​ជិត​ចូល​មក​ដល់។

ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​ទិវា​គ្រូបង្រៀន​ពិភពលោក​ថ្ងៃ​ទី​៥ ខែ​តុលា ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង តែងតែ​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គាត់​ឲ្យ​បាន​ចំនួន ១​លាន ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ពង្រឹង​គុណភាព​បង្រៀន នៅ​ខណៈ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​នោះ។

បញ្ហា​ប្រាក់​ខែ​គ្រូបង្រៀន​នេះ ក៏​ត្រូវ​បាន​គណបក្ស​នយោបាយ​ផ្សេងៗ​យក​ធ្វើ​ជា​ប្រធានបទ​រិះគន់​រដ្ឋាភិបាល​ជា​ញឹកញាប់​ដែរ។

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី បាន​សាទរ​ទៅ​នឹង​ការ​ប្រកាស​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន​នេះ។ ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី​មើល​ឃើញ​ថា ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដល់​ជាង ៩០​ម៉ឺន​រៀល​នេះ នៅ​មិន​ទាន់​អាច​ទប់ទល់​នឹង​ទំនិញ​ទីផ្សារ​បាន​ឡើយ៖ «»

នៅ​ប្រទេស​កម្ពុជា មាន​គ្រូបង្រៀន​ទូទាំង​ប្រទេស​ជាង ១០​ម៉ឺន​នាក់។ បច្ចុប្បន្ន ប្រាក់​ខែ​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ទាប​បំផុត​មាន​ត្រឹម ៤៦​ម៉ឺន​រៀល អនុវិទ្យាល័យ ៥០​ម៉ឺន​រៀល និង​វិទ្យាល័យ​ជាង ៨០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​ចំនួន​នេះ​ពួក​គាត់​បាន​ត្អូញត្អែរ​ថា មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ ដោយសារ​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់។

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ខាង​មុខ​នេះ ពួក​គាត់​នឹង​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​គ្រូបង្រៀន​ឲ្យ​ដល់ ១​លាន ៥០​ម៉ឺន​រៀល និង​ទាមទារ​ដំឡើង​ប្រាក់​សុខភាព ព្រម​ទាំង​ប្រាក់​ខែ​ភរិយា និង​កូន​របស់​គ្រូបង្រៀន​ឲ្យ​បាន​ដល់ ៤​ម៉ឺន​រៀល​ទៅ ៥​ម៉ឺន​រៀល​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។