ពលរដ្ឋ​ខេត្ត​បាត់ដំបង​រិះគន់​សមត្ថកិច្ច​ថា​មិន​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​មង​ក្រឡា​ញឹក

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​ព្រៃ​លិច​ទឹក​នៃ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អះអាង​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​ទ្រង់ទ្រាយ​ធំ កើត​មាន​ពេញ​បន្ទុក​នៅ​ក្នុង​ស្រុក​នេះ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ។ អ្នក​ភូមិ​បញ្ជាក់​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​នៅ​ពី​ក្រោយ​ការ​ធ្វើ​នេសាទ​នេះ ប៉ុន្តែ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង អះអាង​ថា​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀង​រលឹម។

ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ស្រុក​ឯកភ្នំ ព្រួយ​បារម្ភ​ខ្លាច​ការ​ធ្វើ​នេសាទ​នេះ​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ទៅ​ថ្ងៃ​អនាគត។

ពលរដ្ឋ​រស់នៅ​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ លោក ប៊ុត រ៉ាវី ថ្លែង​នៅ​ថ្ងៃ​ទី​៣ តុលា ថា ក្រុម​អ្នក​មាន​លុយ​កាក់​ជាច្រើន​នាក់ ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​រាប់​ពាន់​ម៉ែត្រ ដាក់​នៅ​តំបន់​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រៃចាស់ និង​ភូមិ​បាក់ព្រា យ៉ាង​អនាធិបតេយ្យ។ លោក​អះអាង​ថា ការ​ធ្វើ​នេសាទ​នេះ​ចាប់​បាន​ទាំង​ពស់ អណ្ដើក និង​ត្រី​ទាំង​តូច​ទាំង​ធំ ប្រមូល​យក​អស់​គ្មាន​សល់៖ «បើ​សិន​ជា​អ្នក​ដែល​ធ្វើ​នេសាទ​នោះ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ដឹង​ជា​មុន​ទេ គឺ​មិន​អាច​ធ្វើ​នេសាទ​បាន​ឡើយ ហើយ​អាជ្ញាធរ​នឹង​បំផ្លាញ​ឧបករណ៍​នេសាទ​ចោល​អស់​ជា​ពុំ​ខាន»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភាព មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋបាល​ជលផល​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​ធ្វើ​នេសាទ​នេះ គឺ​ធ្វើ​ឡើង​ដោយ​លួចលាក់​នៅ​ពេល​យប់ ហើយ​លោក​ថា​ខាង​សមត្ថកិច្ច​តែង​ចុះ​បង្ក្រាប​ដូច​ភ្លៀង​រលឹម៖ «បាទ! អ្នក​ខ្លះ​សួរ​គាត់​ទៅ​គាត់​ឆ្លើយ​ថា​មិន​ដឹង​អ៊ីចឹង​ទៅ ហើយ​សហគមន៍​នេសាទ​ពេល​ដែល​យើង​ទៅ​ប្រជុំ ជំរុញ​គាត់​បាន​ធ្វើ បើ​យើង​បាន​ទៅ គាត់​មិន​ធ្វើ​ទេ។ ហើយ​រាល់​ថ្ងៃ យើង​ខ្វះ​មន្ត្រី​ធ្វើ​ការងារ​នេះ ទើប​មើល​មិន​បាន​គ្រប់​ជ្រុងជ្រោយ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​តំបន់​ជុំវិញ​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​រាប់​ពាន់​ម៉ែត្រ​ជា​អំពើ​ខុស​ច្បាប់។ អ្នកស្រី​កត់​សម្គាល់​ថា ការ​ធ្វើ​នេសាទ​នេះ​ដំណើរ​ការ​ទៅ​បាន ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​ធន ព្រោះ​ត្រូវ​ចំណាយ​អស់​ដើម​ទុន​ច្រើន​ក្នុង​ការ​ធ្វើ​នេសាទ។ អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «មាន​អ្នក​ខ្លះ​គាត់​ធ្វើ​នេសាទ​ដោយ​លួចលាក់។ អ្នក​ខ្លះ​ក៏​ត្រូវរ៉ូវ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង តែ​អ្នក​ទាំងនោះ​គាត់​មិន​បាន​ចេញ​មុខ​ចំៗ​ជា​ចំហ​នោះ​ទេ»

របាយការណ៍​ក្រុមប្រឹក្សា​ស្រុក​ឯកភ្នំ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​នៅ​ក្នុង​ស្រុក​នេះ​មាន​ចំនួន ២​ឃុំ គឺ​ឃុំ​ព្រៃចាស់ និង​ឃុំ​កោះជីវាំង និង​មាន​ពលរដ្ឋ​ជាង ២.៨០០​គ្រួសារ គ្មាន​ដី​ស្រែ​សម្រាប់​ដាំ​ដុះ​ឡើយ គឺ​ពួក​គាត់​ទាំងនោះ​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។