មូលហេតុ និង អាការរោគធ្វើឱ្យស្ត្រីធ្លាក់ស

6 Videos


តើអ្វីទៅជាជំងឺធ្លាក់សស្ត្រី?
ជំងឺធ្លាក់ស ពុំមែនជាជំងឺប្លែកអ្វីសម្រាប់ស្ត្រីគ្រប់រូបទេ ពោលគឺ ៣ក្នុងចំណោមស្ត្រី៤នាក់ មានជំងឺនេះ ។ ជំងឺពុំមែនជាជំងឺកាមរោគទេ ប៉ុន្តែវាអាចចម្លងតាមការរួមភេទ វាបង្កឡើងដោយសារការឆ្លងមេរោគផ្សិត ហៅថា ឃែនឌីដា (Candida) បណ្តាលជាអាការរមាស់ ហើម និងរលាកទ្វារមាស ។ វិធីព្យាបាលជំងឺធ្លាក់ស មានលក្ខណៈងាយស្រួល និងអាស្រ័យទៅតាមអាការធ្ងន់ធ្ងរ ឬអត់ ។

តើជំងឺធ្លាក់សបណ្តាលមកពីមូលហេតុអ្វី?
មេរោគផ្សិតភាគច្រើន ជាមេរោគCandida albicans ជាជំពូកមីក្រូសារពាង្គកាយដែលកើតឡើងដោយឯកឯងនៅបរិវេណទ្វារមាសស្ត្រី ហើយការរាលដាលរបស់វាត្រូវបានទប់ស្កាត់ឱ្យស្ថិតក្នុងបរិមាណតុល្យភាពដោយបាក់តេរីល្អនៃរាងកាយស្ត្រី ហៅថា Lactobacillus ។ ទោះជាយ៉ាងណាបាក់តេរី Lactobacillus មិនអាចគ្រប់គ្រងការរាលដាលរបស់ មេរោគផ្សិតCandida បានទាំងស្រុងទេ ទើបវាបង្កជាជំងឺធ្លាក់ស ។ ភាគច្រើនជំងឺធ្លាក់សដែលបង្កដោយមេរោគផ្សិត Candida មិនពិបាកនឹងព្យាបាលទេ ហើយការព្យាបាលច្រើនតែធ្វើឡើងតាមវិធី “ពិសបង្ក្រាបពិស“ មានន័យថា ប្រើមេរោគផ្សិតផ្សេងមកព្យាបាលមេរោគផ្សិតដែលបណ្តាលឱ្យធ្លាក់សនេះ ។

កត្តាអសមតុល្យ ដែលបណ្តាលឱ្យមេរោគផ្សិតរីករាលដាលច្រើនមានដូចជា ៖
– ការប្រើថ្នាំអង់ទីប្យ៊ូទិក
– ការមានគភ៌
– ជំងឺទឹកនោមផ្អែម
– ការចុះខ្សោយនៃប្រព័ន្ធស៊ាំ
– ទម្លាប់ទទួលទានអាហារមិនសមស្រប (ញ៉ាំអាហារផ្អែមច្រើន)
– អតុល្យភាពអ័រម៉ូន (ជាពិសេសមុនពេលមករដូវ)
– បញ្ហាស្ត្រេស
– ការគេងមិនគ្រប់គ្រាន់

រោគសញ្ញានៃជំងឺធ្លាក់សស្ត្រី
ជំងឺធ្លាក់សស្ត្រីមានចេញរោគសញ្ញាងាយនឹងចំណាំមួយចំនួន ដែលស្ត្រីគួរយល់ដឹង និងស្វែងរកការព្យាបាល ពីព្រោះការពន្យារពេលព្យាបាលអាចនឹងធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ។
– រមាស់
– ក្រហាយ
– ធ្លាក់ស ក្នុងបរិមាណតិច ឬ ច្រើន ដែលមានពណ៌ប្រផេះ និងខាប់ (ទោះជាពេលខ្លះមានលក្ខណៈរាវច្រើនក៏ដោយ)
– មានការឈឺចាប់ពេលរួមភេទ
– ឡើងដំបៅ
– ឡើងរោល ឬកន្ទួល

រោគវិនិច្ឆ័យនៃជំងឺធ្លាក់សស្ត្រី
ការធ្វើរោគវិនិច្ឆ័យជំងឺធ្លាក់ស ត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតជំនាញ ដោយផ្អែកតាមប្រវត្តិជំងឺរបស់ស្ត្រី ។ វេជ្ជបណ្ឌិតនឹងពិនិត្យឯកសារជាមុន ថាតើអ្នកធ្លាប់មានជំងឺធ្លាក់សពីមុនមកឬទេ? ធ្លាប់មានជំងឺកាមរោគទេ? និងសាកសួរពីសុខភាពបន្តពូជរបស់អ្នក ។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យទ្វារមាស ដើម្បីបានដឹងពីអាការរលាក និងសញ្ញានានាដោយផ្ទាល់។ វេជ្ជបណ្ឌិតអាចនឹងយកសំណាកពីទ្វារមាសដើម្បីធ្វើការពិនិត្យបន្តនៅបន្ទប់ពិសោធន៍ ប្រសិនបើចាំបាច់ ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យហើយ វេជ្ជបណ្ឌិតនឹងណែនាំប្រាប់ពីសភាពជំងឺរបស់អ្នក ។

វិធីព្យាបាលជំងឺធ្លាក់សស្ត្រី
អ្នកជំងឺនឹងទទួលបានការព្យាបាលទៅតាមកម្រិតធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗ ។
ការធ្លាក់សធម្មតា ៖ ស្ត្រីចាំបាច់ត្រូវធ្វើតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន និងតាមដានសភាពជំងឺជាមួយវេជ្ជបណ្ឌិត ក្នុងករណីជំងឺនេះកើតឡើងវិញ ។ វេជ្ជបណ្ឌិតអាចនឹងធ្វើការណែនាំវិធីព្យាបាលដូចខាងក្រោម៖
– លាបឬលេបថ្នាំ ឬប្រេង ឬប្រើថ្នាំសុល ដើម្បីសម្លាប់មេរោគផ្សិត ១ទៅ ៣ថ្ងៃ
– លេបថ្នាំតែមួយគ្រាប់ (ដូចជាថ្នាំ Diflucan)

ការធ្លាក់សធ្ងន់ធ្ងរ៖ ប្រសិនបើវិធីព្យាបាលធម្មតា ពុំមានប្រសិទ្ធភាពទេនោះ អ្នកនឹងត្រូវណែនាំឱ្យព្យាបាលតាមវិធីផ្សេង។ វេជ្ជបណ្ឌិតនឹងណែនាំវិធីព្យាបាលករណីធ្ងន់ធ្ងរ ប្រសិនបើអ្នកមានអាការដូចខាងក្រោម ៖
– ទ្វារមាសឡើងក្រហមខ្លាំង និងរមាស់រហូតដល់ឡើងដំបៅ ឬហូរទឹករងៃ
– អ្នកកើតជំងឺធ្លាក់ស លើសពី៤ដងក្នុង១ឆ្នាំ
– ជំងឺធ្លាក់សរបស់អ្នក បង្កឡើងដោយមេរោគផ្សិតផ្សេងក្រៅពី មេរោគCandida albicans
– អ្នកមានគភ៌
– អ្នកមានជំងឺទឹកនោមផ្អែម ឬប្រព័ន្ធស៊ាំចុះខ្សោយ ដោយសារការលេបថ្នាំ ឬមានផ្ទុកវីរុស៍ហ៊ីវ

វិធីព្យាបាលករណីធ្លាក់សធ្ងន់ធ្ងរ រួមមាន ៖
– ប្រើគ្រីម ប្រេង ថ្នាំលេប ឬថ្នាំសុល ១៤ថ្ងៃ
– ប្រើថ្នាំ Diflucan ២ទៅ ៣គ្រាប់ (មិនល្អចំពោះស្ត្រីមានគភ៌)
– ប្រើថ្នាំ Diflucan រយៈពេលយូរ ដូចជា ១គ្រាប់ ក្នុង១សប្តាហ៍ ហើយញ៉ាំ គ្រប់ ៦សប្តាហ៍ ឬប្រើថ្នាំលាបរយៈពេលយូរ
– ព្យាបាលទាំងដៃគូរួមភេទផង ឬប្រើស្រោមអនាម័យរាល់ពេលរួមភេទ
វិធីព្យាបាលតាមបែបធម្មជាតិ
បើសិនជាអ្នកមិនចូលចិត្ត ឬមិនទាន់ចង់ជួបជាមួយវេជ្ជបណ្ឌិត អ្នកអាចសាកល្បងវិធីខាងក្រោម ជាមុនសិន ៖
– គ្រីមចម្រាញ់ពីប្រេងដើមតែ
– ថ្នាំសុលចម្រាញ់ពីខ្ទឹមស ឬអាស៊ីតបូរិក
– ញ៉ាំទឹកដោះជូរ ឬសុលបញ្ចូលក្នុងទ្វារមាស

វិធីការពារការឆ្លងជំងឺធ្លាក់សស្ត្រី
ជាក់ស្តែង ស្ត្រីខ្លួនឯងពិតជាដឹងហើយថា តើខ្លួនធ្លាក់សមកពីអ្វី ឧទាហរណ៍ ស្ត្រីមួយចំនួនតែងធ្លាក់សនៅពេលប្រើថ្នាំអង់ទីប្យ៉ូទិក ។ ដូចនេះ ប្រសិនបើអ្នកបានដឹង អ្នកគួរចេះការពារកុំឱ្យករណីនេះកើតឡើងមួយលើកជាពីរលើក។ ខាងក្រោមនេះជាវិធីការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃបាក់តេរី ក្នុងទ្វារមាសស្ត្រី ៖
– កុំស្លៀកខោតឹងរឹបពេក
– កុំប្រើថ្នាំឬសំឡីអនាម័យកម្ចាត់ក្លិន
– កុំស្លៀកពាក់ខោអាវទទឹក ដូចជា ខោអាវហែលទឹក
– ទទួលទានរបបអាហារសុខភាព
– ញ៉ាំទឹកដោះគោជូរ ឬញ៉ាំថ្នាំជំនួយដែលមានគ្រឿងផ្សំ Lactobacillus
– ជ្រើសរើសសាច់ក្រណាត់កូតុង សូត្រ ឬក្រណាត់ធ្វើពីរុក្ខជាតិ
– កុំត្រាំទឹកក្តៅ ឬអង្គុយលើកន្លែងក្តៅៗយូរពេក
– បោកខោអាវក្នុងដោយប្រើទឹកក្តៅ
– កុំបាញ់ទឹកចូលទ្វារមាស
– ផ្លាស់ប្តូរផលិតផលសម្អាតទ្វារមាសញឹកញាប់
លក្ខិណា