ទឹកផ្លែឈើ ៣ ប្រភេទ ជួយបន្ថែមថាមពលដល់រាងកាយ ពង្រឹងប្រព័ន្ធស៊ាំ និង ស្បែកភ្លឺថ្លា

6 Videos


រូមមន្តទឹកផ្លែឈើទាំងបីប្រភេទខាងក្រោមនេះ ពិតជាអស្ចារ្យសម្រាប់សុខភាព និង សម្រស់ ព្រមទាំងបន្ថែមថាមពលដល់រាងកាយដោយមិនធ្វើឱ្យឡើងទម្ងន់ទៀតផង ។ រូមមន្តនេះពិតជាមិនលំបាក និង ស្មុគស្មាញច្រើនទេ ដូចនេះសូមសាកល្បងធ្វើដោយខ្លួនឯង នោះអ្នកប្រាកដជាចូលចិត្ត ជាពិសេសសុភាពនារី និង ស្ត្រីមេផ្ទះ ។

រូបមន្តទី ១ ៖ ទឹកក្រឡុកបៃតង
រូបមន្តនេះ ស័ក្តិសមសម្រាប់ជួយឱ្យស្បែកភ្លឺថ្លា និង ស្បែកមានសុខភាពល្អ ដោយគុណប្រយោជន៍បានពីរុក្ខជាតិបៃតង ដែលសម្បូរទៅដោយសារធាតុរ៉ែ និង វីតាមីន ជួយដល់សុខភាពរាងកាយទាំងស្រុង ។
គ្រឿងផ្សំ និង របៀបធ្វើ ៖ ក្រូចឆ្មារ ១ ផ្លែ ផ្លែប៉ោមបៃតង ១ ចំហៀង ត្រសក់ ១ ផ្លែ ស្ពៃខ្មៅ (Kale) ១ ក្តាប់ដៃ ស្ពៃ Celery ៥ ទៅ ៨ ដើម និង ជីវ៉ាន់ស៊ុយ ១ បាច់តូច ក្រឡុកចូលគ្នា រួចច្រោះ ឬ កៀបយកតែទឹក ។

រូបមន្តទី ២ ៖ ទឹកក្រឡុកក្រហម
រូបមន្តនេះ ស័ក្តិសមសម្រាប់ទទួលទាននៅពេលថ្ងៃ ដើម្បីបន្ថែមថាមពល នៅពេលកំពុងអស់កម្លាំង និងជំនួសឱ្យអាហារសម្រន់ ។
គ្រឿងផ្សំ និង របៀបធ្វើ៖ ឆៃថាវក្រហម ១ ទៅ ២ ផ្លែ ការ៉ុត ៣ មើម ផ្លែប៉ោមក្រហម ១ ចំហៀង និង ខ្ញីស្រស់កន្លះថ្នាំងដៃ ក្រឡុកចូលគ្នាឱ្យសព្វ រួចច្រោះ ឬ កៀបយកតែទឹក ជាការស្រេច ។

រូបមន្តទី៣ ៖ ទឹកក្រឡុកលឿង
រូបមន្តនេះជួយសម្រួលប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធស៊ាំនៃរាងកាយ ពីព្រោះគ្រឿងផ្សំសម្បូរដោយវីតាមីនសេ និង សារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនក្រាស់ក្រែល ។ ជាការល្អ គួរទទួលទាននៅពេលព្រឹក ។
គ្រឿងផ្សំ និង របៀបធ្វើ ៖ ម្នាស់ស្រស់ ប្រមាណ ១ ពែង ក្រូចឆ្មារ (Lime) ១ ផ្លែ ខ្ញីកន្លះថ្នាំដៃ និង ស្លឹកជីរអង្កាម ១ ក្តាប់ ក្រឡុកចូលគ្នាឱ្យសព្វ រួចច្រោះ ឬ កៀបយកតែទឹកសម្រាប់ទទួលទាន ។

ប្រការគួរចងចាំ! គប្បីធ្វើភ្លាមទទួលទានភ្លាមកុំទុកយូរ នោះរសជាតិនឹងនៅស្រស់ ឈ្ងុយឆ្ងាញ់ និង មិនបាត់បង់/ថមថយវីតាមីនដែលមានក្នុងផ្លែឈើ ៕ លក្ខិណា