ជន​ដៃដល់​សារភាព​ថា​ពិតជា​សម្លាប់​មែន តែ​មិន​បាន​រំលោភ​ទេ

ខេត្តមណ្ឌលគិរី ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០៣ តុលា ២០១៦ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​តែ​រយ​:​ពេល​៣​ថ្ងៃ ក៏​វែកមុខ​ជន​ដៃដល់​សម្លាប់​នារី​ម្នាក់ ចោល​សាកសព​ទាំង​អាក្រាត​កាយ​នៅ​ក្នុង​ព្រៃ ដែល​ជំហាន​ដំបូង​ថា​ជា​រឿង​រំលោភ​ហើយ​សម្លាប់​នោះ​។

កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​លើ​ឈ្មោះ ក្រែ​ត ស្រី​មុំ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា និង​បាន​រក​ឃើញ​សាកសព នៅ​ថ្ងៃ​ទី​០២ តុលា វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

ក្រោយ​ពី​មាន​ករណី​រំលោភ​ហើយ​សម្លាប់​នោះ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ មែន តែ​មិន​បាន​រំលោភ​ទេ​។ ជនសង្ស័យ​សារភាព​ទៀត​ថា ខោអាវ​ដែល​ជន​រង​គ្រោះ​ស្រាត និង​សើយ​ឡើង​លើ​នោះ​គឺ​ពេល​ប្រវាយប្រតប់​គ្នា​អូស​ទៅ​របូត​។

សមត្ថកិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​នៅ​មានការ​លាក់លៀម​ច្រើន​ទៀត ចម្លើយ​នេះ​មិន​ទាន់​យក​ជា​ការ​បាន​ទេ ព្រោះ​ខុស​ពី​អ្វី​ដែល​កើតឡើង និង​មិន​ស៊ីសង្វាក់​ចំពោះ​វត្ថុ​តាង​ដែល​បន្សល់​លើ​សាកសព តែ​សិទ្ធិ​ឆ្លើយ​មិន​ឆ្លើយ​ជា​រឿង​បុគ្គល មិន​អាច​បង្ខិតបង្ខំ​យក​ចម្លើយ​។ ទោះជា​យ៉ាងណា​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​រួច​ហើយ​ដែរ ដែល​បទល្មើស​យោង​លើ​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ផ្តន្ទាទោស​លើ​ជន​ជនជាប់ចោទ​ដាក់គុក​អស់​១​ជីវិត​៕