រលក​កម្ដៅ​នៅ​ឥណ្ឌា​កើន​ឡើង​ខ្លាំង​រហូត​ដល់​​ត្រូវ​បិទ​សាលារៀន​​

សាលារៀនទាំងអស់នៅក្នុងរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា ត្រូវបានបញ្ជាឲ្យបិទសម្រាកវិស្សមកាលចាប់ពីថ្ងៃទី១១ ខែឧសភា នៅក្នុងរដូវក្ដៅនេះ ព្រោះតែរលកកម្ដៅកើនឡើងខ្លាំង។

គួរបញ្ជាក់ថា បើតាមមន្ត្រីឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពនឹងបន្តកើនឡើងទៀតនៅសប្ដាហ៍ខាងមុខ ស្របពេលដែលកាលពីថ្ងៃច័ន្ទកន្លងទៅនេះ សីតុណ្ហភាពបានកើនដល់៤៤ អង្សា ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះ។ ចំណែកឯសាលារៀននៅផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ត្រូវបានបិទរួចទៅហើយដោយសារតែសីតុណ្ហភាពក្ដៅខ្លាំងពេក និងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនឥណ្ឌាជាង៣៣០លាននាក់ទូទាំងប្រទេស។
ពាក់ព័ន្ធនឹងការបិទសាលារៀននេះ ចំពោះសាលារដ្ឋ មិនសូវចោទជាបញ្ហានោះទេ ព្រោះសាលារដ្ឋក៏នឹងត្រូវសម្រាកវិស្សមកាលរដូវក្ដៅចាប់ពីថ្ងៃទី១០ ខែ ឧសភានេះ ប៉ុន្តែចំពោះសាលារៀនឯកជននៅក្នុងក្រុង ត្រូវជួបការលំបាកព្រោះថា ការសម្រាកវិស្សមកាលនៅមិនទាន់មកដល់នៅឡើយ ហើយត្រូវរៀបចំការប្រឡងបញ្ចប់ត្រីមាស ប៉ុន្តែត្រូវរៀបចំតារាងកាលវិភាគឡើងវិញ។

ម្យ៉ាងទៀត សាលារៀនឯកជនមួយចំនួនបានលើកឡើងថា ការបិទសាលារៀនរដ្ឋគឺជារឿងត្រឹមត្រូវ ព្រោះថាសាលារៀនគ្មានគ្រឿងបរិក្ខារគ្រប់គ្រាន់ដូចជា កង្ហារ ម៉ាស៊ីនត្រជាក់ មិនមានអគ្គិសនី និងទឹកបរិភោគគ្រប់គ្រាន់ ដូចនេះហើយសាលារៀនរដ្ឋមិនអាចដោះស្រាយចំពោះបញ្ហារលកកម្ដៅបាន ប៉ុន្តែចំពោះសាលារៀនឯកជនវិញ សាលាមានគ្រឿងបរិក្ខារទាំងនោះគ្រប់គ្រាន់ ដូចនេះមិនគួរត្រូវបិទនោះទេ ។

យ៉ាងណាក៏ដោយ សាលារៀនឯកជននៅតែត្រូវគោរពតាមបញ្ជារបស់រដ្ឋាភិបាលឲ្យបិទសាលារៀន ដោយសារមានការព្រួយបារម្ភចំពោះបញ្ហាកើនឡើងនូវរលកកម្ដៅ។ ផ្ទុយទៅវិញ មានការយល់ឃើញខុសពីសាលារៀនឯកជន ដោយលើកហេតុផលថា បញ្ហាសុខភាពរបស់សិស្សគឺសំខាន់ ព្រោះថាចម្ងាយផ្លូវធ្វើដំណើរក្នុងទីក្រុងញូដេលី គឺមានរយៈចម្ងាយឆ្ងាយ ដែលតម្រូវឲ្យសិស្សសាលាត្រូវធ្វើដំណើរពី១ម៉ោង ឬច្រើនជាងនេះ ដែលក្នុងពេលនេះពួកគេអាចទទួលរងផលប៉ះពាល់ពីការឡើងរលកកម្ដៅ។

តាមរយៈការប្រែប្រួលនៃអាកាសធាតុនៅក្នុងប្រទេសឥណ្ឌាដូចនេះ វាប្រហែលជាពេលសមរម្យហើយដែលឥណ្ឌាត្រូវគិតគូរឡើងវិញពីការកែសម្រួលនៅកាលវិភាគសិក្សារបស់សិស្សសាលា។ ម្យ៉ាងទៀត ការប្រែប្រួលអាកាសធាតុនេះបានក្លាយជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឲ្យប្រជាជនឥណ្ឌាស្លាប់ និងទទួលរងផលប៉ះពាល់ជាច្រើនជារៀងរាលឆ្នាំ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • រលក​កម្ដៅ​នៅ​ឥណ្ឌា​កើន​ឡើង​ខ្លាំង​រហូត​ដល់​​ត្រូវ​បិទ​សាលារៀន​​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: