ប្រធាន FIFA លោក Infantino ស្នើឲ្យមានក្រុមចំនួន៤៨ក្នុង World Cup

លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោកចង់ពង្រីកចំនួនក្រុមក្នុងព្រឹត្តិការណ៍ World Cup ឲ្យដល់៤៨ក្រុមតាមរយៈការបន្ថែមការប្រកួតវគ្គ Playoff មួយក្នុងពេលចាប់ផ្តើមយុទ្ធនាការនេះ។

ft-img-template

ក្រោមរូបមន្តថ្មីនេះ ក្រុមប្រទេសចំនួន១៦ដែលមានពិន្ទុខ្ពស់ជាងគេបំផុតក្នុងជុំជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងត្រូវឈានទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តនៃយុទ្ធនាការកីឡាបាល់ទាត់ពិភពលោកមួយនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Infantino។

អំឡុងពេលស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យមួយក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ី ដែលកន្លែងលោកបានចូលរួមក្នុងកម្មវិធីបើកការប្រកួតពាន Futsal World Cup វគ្គផ្តាច់ព្រ័ត្រ លោក Infantino បានឲ្យដឹងថា៖ «ក្រុមចំនួន៣២បន្ទាប់នឹងត្រូវលេងការប្រកួតមួយគឺវគ្គ Playoff ពោលគឺរយៈពេល៣ថ្ងៃនៅមុនពេលព្រឹត្តិការណ៍ World Cup ដើម្បីចំរាញ់យក១៦ក្រុមទៀត»។

ប្រធាន FIFA រូបនេះបានបន្ថែមទៀតថា៖ «តាមវិធីសាស្ត្រនោះ យើងនឹងមានក្រុមចំនួន១៦ទៀតដែលត្រូវឈានទៅជុំចុងក្រោយក្នុង World Cup ដែលក្នុងពេលនោះក្រុមទាំងអស់នឹងត្រូវប្រជែងយកកៅអីមួយក្នុងវគ្គចែកពូល ក្នុងការប្រកួតមួយដែលនឹងផ្តល់នូវភាពរំភើបយ៉ាងពិតប្រាកដក្នុងជុំផ្តាច់ព្រ័ត្រ»។

បច្ចុប្បន្ន ព្រឹត្តិការណ៍ World Cup មានក្រុមចំនួន៣២ ដែលត្រូវលេងក្នុងវគ្គចែកពូល ហើយបន្ទាប់មកវគ្គចាញ់ធ្លាក់ដើម្បីចំរាញ់យកក្រុមម្ចាស់ជើងឯកពិភពលោក៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ប្រធាន FIFA លោក Infantino ស្នើឲ្យមានក្រុមចំនួន៤៨ក្នុង World Cup appeared first on CamboSport.