អតីតគូស្នេហ៍របស់នាង Aum Patcharapha បង្ហាញខ្លួនជាសាធារណៈ បង្កភាពភ្ញាក់ផ្អើលលើកដំបូង ក្រោយបែកបាក់គ្នា!

ថៃ៖ មហាសេដ្ឋីប្រាក់វាល់លានលោក Amp Ongkosit ដែលត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា គឺជាអតីតសង្សារដ៏ផ្អែមល្ហែមម្នាក់ របស់កំពូលតារាស្រីល្បីឈ្មោះ របស់ប្រទេសថៃគឺនាង Aum Patcharapha កាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមាន របស់ខ្លួនជាសាធារណៈលើកដំបូងបំផុតក្រោយក្តីស្នេហា ត្រូវបានដើរដល់ផ្លូវបំបែក បញ្ចប់ទាំងគ្មានអាឡោះអាល័យអ្វីបន្តិចសោះ ដែលផ្ទុយនឹងកាលពីមុនវិញ គេមិនដែលប្រទះឃើញបុរសអ្នកមានម្នាក់នេះ ចេញមុខឱ្យសារព័ត៌មានណា សំភាសន៍ងាយៗនោះទេ។

ជាងនេះទៅទៀត មានអ្នកសារព័ត៌មានជាច្រើន ក៏មិនដែលបានដឹងចេញពីមាត់ របស់គេដែរ ទាក់ទងនឹងមូលហេតុពិតប្រាកដនៅពីក្រោយការបែកបាក់ស្នេហា ជាមួយនាង Aum Patcharapha។ ទើបតែរហូតមកដល់ពេលថ្មីៗកន្លងទៅនេះ លោក Amp Ongkosit បានបង្ហាញវត្តមានរបស់ខ្លួនជាសារធារណៈ លើកដំបូងបង្អស់យ៉ាងភ្ញាក់ផ្អើល ដើម្បីជួបសំណេះសំណាល និងនិយាយរឿងធុរកិច្ចសំខាន់ៗខ្លះៗ របស់ខ្លួន ជាមួយនឹងអ្នកយកព័ត៌មានជាច្រើននាក់ នៅក្នុងកម្មវិធី «The Faceshop The Therapy 1st Serum» ក្នុងនាមជានាយកប្រតិបត្តិវ័យក្មេងមួយរូប។ 

នៅឱកាសនេះផងដែរលោក Amp Ongkosit មានទឹកមុខញញឹមញញែម រីករាយ ស្រស់ថ្លា និងអង់អាចសាកសមជាអ្នកធុរកិច្ចដ៏ប៉ិនប្រសប់ ហាក់គ្មានភាពស្តាយ ស្រណោះនៅក្នុងការដាច់គ្នាជាមួយស្រីស្អាតដូចជានាង Aum Patcharapha ឡើយ។ហើយនៅពេលដែលសកម្មភាពនៃការសំណេះសំណាលត្រូវបានបញ្ចប់ គេក៏មិនបាន ជួបទៅសំភាសន៍ណាមួយផ្សេងទៀតជាមួយលោក Amp Ongkosit នោះឡើយ ទាំងរឿងទាក់ទងជាមួយនឹងធុរកិច្ចដទៃៗ និងទាំងនៅក្នុងទំនាក់ទំនងស្នេហាប្រេះឆា ជាមួយនឹងអតីតសង្សារចាស់ជាតារាល្បីឈ្មោះប្រចាំប្រទេសនាង Aum Patcharapha ក៏គ្មានដែរ។

ហេតុដូច្នេះក៏បានក្លាយទៅជារឿងមួយដែលធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនធំ មាន ការសន្និដ្ឋានដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងថា ក្នុងរយៈពេលប៉ុន្មានខែ ដែលគូស្នេហ៍ទាំងពីរនាក់ បានបែកបាក់គ្នាកន្លងមកនេះ ពួកគេទំនងជាបានដាច់ស្រឡះជាមួយគ្នាជាផ្លូវការហើយ ប៉ុន្តែតើមានអាថ៌កំបាងអ្វីនៅពីក្រោយឬអត់ ចំពោះការបង្ហាញខ្លួននាលើកនេះ?

ទាំងនេះសុទ្ធសឹងតែជាមូលហេតុ ដែលធ្វើឱ្យអ្នកសារព័ត៌មានថៃកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំង និងនៅតែបន្តតាមដានព្រមជាមួយនឹងចម្ងល់ ដែលរង់ចាំទាមទារនូវការបកស្រាយជាក់លាក់មួយ ចំពោះបញ្ហាចម្រូងចម្រាស់ នៅក្នុងផ្លូវស្នេហារបស់អ្នកទាំងពីរនៅពេលខាងមុខ ស្របពេលជាមួយគ្នាដែរ Aum Patcharapha ក៏បានចេញមុខមកផ្តល់បទសំភាសន៍ខ្លីៗអំពីស្ថានភាពបេះដូង របស់នាងដែរថា «ពេលនេះ ម៉ោងនេះ នាងជាស្រីនៅលីវ បេះដូងទំនេរស្អាត គ្មានបុរសណាម្នាក់ជាពិសេសនោះទេ និងមិនចាំបាច់សួរនាំនាងឡើយពីរឿង មនុស្សប្រុសនោះឡើយ»។

ខាងក្រោមនេះជារូបភាពបង្ហាញពីវត្តមានរបស់លោក Amp Ongkosit ជាលើកដំបូងជាមួយអ្នកសារព័ត៌មានក្នុងស្រុក៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload