បាត់ពីផ្ទះ៣ថ្ងៃ ​លុះឃើញវិញផ្អើល

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​សាច់ញាតិ​អះអាង​ថា មាន​ជំងឺ​សរ​សៃ​ប្រសា​ទ​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​​អណ្ដែត​ក្នុង​ទឹកស្រះ កាល ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៣ ​តុលា​ ២០១៦ ស្ថិត​​ក្នុងភូមិ​បោះ​ពោ​ធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្រោយ​ពី​បាត់​ដំណឹង​ពី​ផ្ទះ​អស់​រយៈ​ពេល​៣​ថ្ងៃ​ ។

មន្ត្រី​កងរាជអាវុធហត្ថ​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ហ៊ឹ​ម ឈឿ​ម ​អាយុ​៥០​ឆ្នាំ ​មានទីលំនៅ​​ភូមិ​បោះ​ពោ​ធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ​។ សាកសព​​ស្ថិត​ក្នុង​ស្ថានភាព​ហើម​​ស្អុយ​អណ្ដែត​ក្នុង​ទឹកស្រះ ដោយ​គ្មាន​ន​ណា​បានដឹង​អំពី​មូលហេតុ​ឡើយ​ ។

មន្ត្រី​ដដែល​​​បញ្ជាក់​ថា ក្រោយ​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ ក៏​បាន​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រូ​ត​ពិនិត្យ​សាក​សព​​ តែ​សាច់ញាតិ​​អះអាង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ស​រ​សៃ​ប្រសា​ទ​ផង​។

បើ​តាម​សាច់ញាតិ​​ប្រាប់បន្ត​ថា ឈ្មោះ​ហ៊ឹ​ម ឈឿ​ម ពិតជា​ធ្លាប់​មាន​រោគ​ស​សៃ​ប្រសាទ និង​ធ្លាប់​ធ្វើទុក្ខ​ម្ដងម្កាល​មែន​ ។ ​គាត់​តែង​ដើរ​បាត់​ពី​ផ្ទះ​បែប​នេះ ពេល​ដែល​ជំងឺ​របស់​គាត់​ធ្វើទុក្ខ​ម្ដង​ៗ តែ​មិន​ទៅ​ណា​ឆ្ងាយ​ពី​ភូមិ​ទេ​។ ប៉ុន្តែ​លើក​នេះ គាត់​បាន​ដើរ​បាត់​ពី​ផ្ទះ តាំងពី​ថ្ងៃ​ទី​៣០ ​កញ្ញា ដោយ​មិនដឹង​ទៅ​ណា បើ​ទោះ​ក្រុម​គ្រួសារ​ព្យាយាម​ដើរ​រក​ពេញ​ភូមិ​ក៏​មិនឃើញ​ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​០៣​តុលា ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ នៅ​ពេល​គេ​ប្រទះ​ឃើញ​សាកសព​គាត់​អណ្ដែត​ក្នុង​ទឹកស្រះ ក៏​នាំ​គ្នា​ទៅ​មើល និង​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​នេះ គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដើម្បី​ពិនិត្យ​មើល​សាកសព​។ ការ​ប្រទះ​ឃើញ​សាកសព​បុរស​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ ហើយ​ទាំង​សមត្ថកិច្ច និង​ប្រជា​ពលរ​ដ្ធ​សុទ្ធតែ​បាន​ធ្វើការ​ស​ន្និ​ដ្ឋាន​បឋម​ប្រហាក់ប្រហែល​គ្នា​ថា ជន​រង​គ្រោះ​ទំនង​ចុះ​ងូតទឹក ហើយ​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ជ្រៅ​ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្ដង​ ។

ក្រោយ​ពី​ពិនិត្យ​សាកសព សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ។