ប្រាក់​ឈ្នួល​អប្បបរមា​2017 សម្រាប់​កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង​153$

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧ មាន​ចំនួន​១៥៣​ដុល្លារ​ក្នុង​មួយ​ខែ ។ នេះ​បើ​តាម​ការ​ឯកភាព​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧ របស់​ក្រ​សូ​ង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុមការងារ បច្ចេកទេស​ត្រីភាគី​ដែល​មាន​តំណាង​និយោជក​ចំនួន​១៦​រូប តំណាង​ភាគី​និយោជិត​១៦​រូប និង​តំណាង​រាជរដ្ឋាភិបាល​ចំនួន​១៦​រូប បាន​ជជែក​គ្នា​អស់​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ក្រុមការងារ​បាន​ឯកភាព​ជា​ឯកច្ឆន្ទ​លើកយក​តួលេខ​១៧១​ដុល្លារ​ដែល​ជា​សំឡេង​ឯកច្ឆន្ទ​រន​បស់​ភាគី​កម្មករនិយោជិត និង​តួលេខ​១៤៧​ដុល្លារ​ជា​សំឡេង​របស់​ភាគី​និយោជក និង​តួលេខ​១៤៨​ដុល្លារ​របស់​ភាគី​រាជរដ្ឋាភិបាល ដើម្បី​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​ប្រជុំ​ពិភាក្សា​បន្ត ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៨ លើក​ទី​១៥ នៅ​ទីស្តីការក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បន្ត​ពិនិត្យ​និង​ពិភាក្សា​លើ​លទ្ធផល​របស់​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី និង​ធ្វើការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ប៉ុន្តែ​មិន​ទទួល​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ ។ ដោយ​គោរព​តាម​គោលការណ៍ និង​យន្តការ​ដែល​បាន​ឯកភាព​គ្នា​ដោយ​ត្រីភាគី គណៈកម្មការ​ប្រឹក្សា​ការងារ បាន​ធ្វើការ​បោះ​ឆ្នោត​ជា​សម្ងាត់​លើ​តួលេខ​ចំនួន​៣  ដោយ​ទទួល​បានជា​លទ្ធផល​ដូច​ជា​៖ តួលេខ​ចំនួន​១៧១​ដុល្លារ​អា​មេ​រិ​ក​ទទួល​បាន​សំឡេង​ឆ្នោត​២​លើ​២៤ តួលេខ​ចំនួន​១៤៧​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​សំឡេង​ឆ្នោត​០០​លើ​២៤ និង​តួលេខ​ចំនួន​១៤៨​ដុល្លារ​អា​មេ​រិ​ក​ទទួល​បាន​សំឡេង​ឆ្នោត​២២​លើ​២៤ ។

បន្ទាប់​ពី​បោះ​ឆ្នោត​ទទួល​បាន​តួលេខ​ចំនួន​១៤៨​ដុល្លារ​នោះ ក៏​បាន​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អុ​ិ​ត សំ​ហេង ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៧ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​៥​ដុល្លារ លើ​ទឹកប្រាក់​ចំនួន ១៤៨​ដុល្លារ ។ ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​១៥៣​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ តទៅ ។

ប្រភព​ដដែល​បញ្ជាក់​ថា «​រីឯ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​កម្មករនិយោជិត ធ្លាប់​ទទួល​បាន​កន្លង​មក ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល​មាន​ដួច​ជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន​៧​ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​១០​ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ឬ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥត​គិតថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​២​ដុល្លារ​ដល់​១១​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករនិយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២​ដល់​ឆ្នាំ​ទី​១១ ។ ដូច្នេះ ជា​មធ្យម​កម្មករនិយោជិត​ម្នាក់​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​១៧០​ដុល្លារ​ដល់​១៨១​ដុល្លារ​ក្នុង​មួយ​ខែ​» ។

សូម​ជម្រាប​ថា ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៦​មាន​ចំនួន ១៤០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​មិន​គិត​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​នោះ​ទេ ៕