ប៉ាគីស្ថាន​​និង​​ឥណ្ឌា​ បាន​​បាញ់​​​តបត​គ្នា​​ជា​ថ្មី​​នៅ​​តំបន់​​កាស្មៀរ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​

កងទ័ពប៉ាគីស្ថាននិងឥណ្ឌា បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកនៅតំបន់កាស្មៀរ ក្រោយពីមានការវាយប្រហារមួយរបស់ក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមប្រឆាំងមូលដ្ឋានយោធាឥណ្ឌាមួយនៅពេលយប់-នេះជាការគូសបញ្ជាក់របស់កងទ័ពប៉ាគីស្ថាន។

ការបាញ់តបតគ្នាទៅវិញទៅមករវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថានជាថ្មីនេះ ពុំបានបណ្តាលឲ្យមានជនរងគ្រោះទេនិងបានបិទបញ្ចប់ទៅនៅព្រឹកព្រលឹមនេះដែរ តែមានការវាយប្រហារខ្លះៗនៅមានតាមតំបន់មួយចំនួន-នេះបើយោងតាមសេចក្តីជូនដំណឹងរបស់កងទ័ពប៉ាគីស្ថាន។

Loading...

យោងតាមប៉ាគីស្ថាន ហេតុការណ៍ថ្មីនេះ ត្រូវបានប្រព្រឹត្តទៅ ៥ថ្ងៃក្រោយពីឥណ្ឌាបានជូនដំណឹងពីការវាយប្រហាររបស់ខ្លួនប្រឆាំងទៅលើទីតាំងនានារបស់ក្រុមឧទ្ទាមផ្តាច់ទឹកដីនៅតំបន់កាស្មៀរខាងប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាមម៉ាបាត បានបរិហារថាការវាយប្រហារបស់ឥណ្ឌានេះ គឺជាការឈ្លានពានមួយមកលើទឹកដីខ្លួននិងបានសម្លាប់ជីវិតទាហានប៉ាគីស្ថានចំនួន២នាក់។

ម្យ៉ាងទៀត យោងតាមប៉ូលីសប៉ាគីស្ថាន” ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន បានធ្លាក់ចុះយ៉ាងដុនដាប ក្រោយពីមានការវាយប្រហារមួយរបស់ក្រុមឧទ្ទាមប្រឆាំងទៅលើមូលដ្ឋានរបស់ឥណ្ឌាមួយដែលស្ថិតនៅក្នុងតំបន់កាស្មឿរ កាលពីថ្ងៃទី១៨កញ្ញាមុន។ ការវាយប្រហារនាពេលនោះ បានសម្លាប់ជីវិតទាហានឥណ្ឌាចំនួន១៩នាក់។

គួររំលឹកថា តំបន់កាស្មៀរដែលស្ថិតនៅក្រោមការកាន់កាប់របស់ឥណ្ឌា ជាទីលានប្រយុទ្ធគ្នាមួយអស់រយៈពេលជាច្រើនទស្សវត្សន៍កន្លងមកហើយ រវាងកងទ័ពឥណ្ឌានិងក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមនានាដែលគាំទ្រដោយប្រទេសប៉ាគីស្ថាន-នេះបើយោងតាមទីក្រុងញូដែលី។

ស្ថានការណ៍នៅតំបន់កាស្មឿរនេះ បានចាប់ផ្តើមវឹកវរកាន់តែខ្លាំងឡើងៗនៅខែកក្កដា បន្ទាប់ពីការស្លាប់មេដឹកនាំរបស់ក្រុមឧទ្ទាមមួយរូបរួចមក ហើយជាបន្ទាប់មកទៀត មានបម្រាមគោចរអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសនិងបាតុកម្មយ៉ាងគគ្រឹកគគ្រេងដែលបានសម្លាប់ជីវិតមនុស្សយ៉ាងសាហាវនៅក្នុងប្រទេសឥណ្ឌា៕

ប្រភព៖ rfi