សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាមស្រស់​ស្អាត​ពេញ​និយម​ការ​លំហែ​កម្សាន្ត

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត​បាន​កែ​លម្អ​មាត់ទន្លេ​ក្រុង​កំពង់ចាម​ដោយ​ធ្វើ​សួនច្បារ​យ៉ាង​ល្អ​ប្រណីត​និង​បំពាក់​អំ​ពូ​ល​ភ្លើង​ចម្រុះ​ពណ៌​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង​នៅ​ពេល​រាត្រី ។

បុរស​ឈ្មោះ​ភិន ស្រ៊ា​ង អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​កាលពី​រាត្រី​ថ្ងៃ​ទី​២៨ កញ្ញា ២០១៦​និយាយ​ថា នៅ​ពេល​រូប​លោក​ជិះ​ម៉ូតូ​ចេញពីផ្ទះ ជាមួយ​ប្រពន្ធ និង​កូន​ឃើញ​ទេសភាព​ស្រស់​ស្អាត​នៃ​សួនច្បារ​មាត់ទន្លេ​ត្រង់​មុខ​ខណ្ឌ​រដ្ឋបាលជលផល​ខេត្តកំពង់ចាម​ក៏​ចូល​អង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស  ។

លោក​អាន ស៊ិ​ន​ឡុ​ង អាយុ​៥២​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ឲ្យ​ដឹង​ថា ក្រោយ​ឆ្នាំ​១៩៧៩ មាត់ទន្លេ​ក្រុង​កំពង់ចាម​ជា​កំពង់​ផែ​កាណូត​ដឹក​អ្នកដំណើរ (កំពង់ចាម​-​ភ្នំពេញ​-​ក្រចេះ​-​ស្ទឹង​ត្រែង​) ។ រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោយមក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​កែ​លម្អ បន្តិច​ម្តង​ៗ ហើយ​ចុង​ក្រោយ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​លន់ លឹ​ម​ថៃ  អភិបាលខេត្ត បាន​ធ្វើ​សួនច្បារ​តាម​ដង​ទន្លេមេគង្គ​រចនា​ម៉ូ​ដ​យ៉ាង​ស្រស់​ស្អាត ព្រមទាំង​បំពាក់​អំ​ពូ​ល​ភ្លើង​ចម្រុះ​ពណ៌ ។ «​កន្លង​មក​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​សិក្សា​នៅ​បរទេស បើ​ប្រៀបធៀប​ជាមួយនឹង​ទេសភាព​មាត់ទន្លេ​ក្រុង​កំពង់ចាម គឺ​មិន​ចាញ់​គេ​ទេ ។ ឃើញ​ស្អាត​បែប​នេះ ទើប​នាំ​ប្រពន្ធ​កូន​មក​អង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ធម្មជាតិ » ។  

អ្នកស្រី​សយ  វាសនា  អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​នាំ កូន​ៗ​ទៅ​លេង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម​ឲ្យ​ដឹង​ថា បណ្តា​ឆ្នាំ​កន្លង​ទៅ ពេល​គាត់​ទៅ​ស្រុក​កំណើត ហើយ​ដើរ​លេង​តាម​មាត់ទន្លេ​ក្រុង​កំពង់ចាម​មិន​ដែល​បានឃើញ​កសាង​អ្វី​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ តែ​ក្នុង​ឆ្នាំ​២០១៦​នេះ ឃើញ​សួនច្បារ​ស្រស់​ស្អាត​តាម​ដង​ទន្លេ​ធ្វើ​ឱ្យ​គាត់​រំភើបចិត្ត ។  

ចំណែក​លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​លើក​ឡើង​ថា ក្រុង​កំពង់ចាម​កែ​លម្អ​តាំងពី​ជំនាន់​លោក​ហ៊ុន ណេ​ង ជា​អភិបាលខេត្ត​ដោយ​សាងសង់​សួនច្បារ​ជា បណ្តើរ​ៗ។ គិត​រហូត​ដល់​ជំនាន់​ដល់​លោក​លន់ លឹ​ម​ថៃ ជា​អភិបាលខេត្ត​នា​ពេល​បច្ចុប្បន្ន​សរុប​សួនច្បារ​ទាំងអស់​មាន​៥៨ ។ ចាប់ពី​ត្រង់​ចំណុច​រង្វង់​មូល​ក្បាលស្ពាន​គី​ហ៊្សុ​ណា ដល់​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក សួនច្បារ​តាម​មាត់ទន្លេ​ចាប់ពី​ត្រង់​ចំណុច​ត្រី​ដល់​ក្រោម​ស្ពាន​បាន​កែ​លម្អ​ធ្វើ​សួនច្បារ​ស្អាត​។ មាត់ទន្លេ​ត្រូវ​បាន​ចាក់​បេតុង​ឲ្យ​រឹង​មាំ​ល្អ​ដើម្បី​ចៀសវាង​ការ​បាក់​ច្រាំង ក្រោម​ការ​ឧបត្ថម្ភ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន  សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ 

អ្នក​កំពង់ចាម​ខ្លះ​ដែល​ចាក​ចេញពី​មាតុភូមិ​ទៅ​រស់នៅ​បរទេស ពេល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ ឃើញ​ក្រុង​កំពង់ចាម​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​តែងតែ​លាន់មាត់​សរសើរ ។ នោះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ៕