តារាបង្ហាញម៉ូត នាង Kim Kadashian ត្រូវបានក្រុមចោរ ប្លន់អស់គ្រឿងអលង្ការ តម្លៃរាប់លាន

បារាំង៖ កាលពីម្សិលមិញនេះ តារាបង្ហាញម៉ូតស្រីដ៏ល្បីមួយរូប នាង Kim Kadashian ដែលជាភរិយារបស់ តារាចម្រៀងរ៉េប Kanye West ត្រូវបានចោរភ្ជង់គំរាមប្លន់យកគ្រឿងអលង្ការអស់ជាច្រើនគ្រឿង នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលនាងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតនៅទីនោះ។

យោងតាមប្រភពបានឲ្យដឹងថា នាងត្រូវបានចោរមួយក្រុម មានគ្នា៥នាក់ តែងខ្លួនដោយមានពាក់ឯកសណ្ឋានប៉ូលិស យកកាំភ្លើងភ្ជង់ ធ្វើឲ្យនាងតក់ស្លុតជាខ្លាំង ខណៈដែលនាងកំពុងស្ថិតនៅក្នុងផ្ទះឯកជនមួយកន្លែង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមចោរទាំងនោះគ្រាន់តែភ្ជង់គំរាម ដើម្បីប្លន់ទ្រព្យសម្បតិ្តប៉ុណ្ណោះ ចំនែកឯ Kim មិនមានគ្រោះថ្នាក់អ្វីឡើយ។ 

បើយោងតាមសេចក្តីរាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង ២:៣០ ទៅ ៣:០០ ទៀបភ្លឺ (ម៉ោងនៅបារាំង) ដែលមានទីតាំងស្ថិតនៅក្នុងផ្ទះឯកជនមួយរបស់នាង Kim Kadashian ក្នុងទីក្រុងប៉ារីស។

ប៉ូលិសបានរៀបរាប់ហេតុការណ៍ខាងលើបន្ថែមទៀតថា មុននឹងក្រុមចោរទាំងនោះចូលមកភ្ជង់នាងនៅក្នុងបន្ទប់ ពួកគេថែមទាំងបានភ្ជង់សន្តិសុខដែលយាមការពារទៀតផង។ ចំនែកឯនាង Kim Kadashian វិញត្រូវបានក្រុមចោរទាំងនោះ ភ្ជង់នឹងកាំភ្លើង រួចចាប់ចងនៅក្នុងបន្ទប់ទឹក រួចហើយក៏ចាប់ផ្តើមសកម្មភាពប្លន់តែម្តង។ 

ចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់វិញ ត្រូវបានសាមីខ្លួន នាង Kim Kadashian បានប្រាប់ថា ក្នុងនោះមានគ្រឿងអលង្ការមានតម្លៃជាច្រើនដូចជា ចិញ្ចៀនដែលមានតម្លៃជាង ៤លានដុល្លារ និងគ្រឿងអលង្កាផ្សេងទៀត មានតម្លៃ ប្រមាណជាង៦លានដុល្លារ ។

ចំនែកឯស្វាមី Kanye West វិញបន្ទាប់ពីលឺដំណឹងនេះភ្លាម លោកបានលុបចោលកម្មវិធីសម្តែងភ្លាមៗ នៅសហរដ្ឋអាមេរិក ដើម្បីហោះមកជួបភរិយា នៅទីក្រុងប៉ារីស។ ហើយចំពោះហេតុការណ៍នេះវិញ ប៉ូលិសកំពុងតែបន្តធ្វើការស៊ើបអង្កេតនៅឡើយទេ ដើម្បីស្វែងរកបក្សពួកចោរប្លន់ទាំងនោះ៕ 

ប្រភព ៖
Business Insider

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload