សញ្ញាសុខភាពនៃការចេញ «មុន» លើដងខ្លួន

6 Videos


ការចេញមុនលើដងខ្លួនត្រង់បរិវេណណាមួយ អាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពខាងក្នុងខ្លួនខុសប្លែកគ្នាទៅតាមនោះដែរ ។ សាកពិនិត្យមើលថាតើអ្នកមានចេញមុននៅផ្នែកណាមួយនៃរាងកាយ ហើយមានសញ្ញាដូចខាងក្រោមនេះ ឬ យ៉ាងណា ?

បរិវេណ ទី១ : បញ្ហាអ័រម៉ូន
ការចេញមុនផ្នែកចង្កា ឬថ្គាម ក៏ដូចជាក អាចបញ្ជាក់បានថាក្រពេញអង់ដ្រូណាល់ ( ក្រពេញអ័រម៉ូន ) ដំណើរការហួសប្រមាណ។ ម្យាងវិញទៀត សញ្ញានេះអាចប្រាប់ថាអ្នកមានបញ្ហាស្ត្រេស ឬទទួលទានជាតិស្ករច្រើនពេកហើយ។ ប៉ុន្តែប្រសិនបើអ្នកពាក់អាវកជិតពេកនោះ ក៏អាចបណ្តាលមកពីការសង្កៀត ឬ កកិតជាមួយកអាវទៅវិញទេ ។

បរិវេណទី ២ និង ៣ : បញ្ហាស្ត្រេស
ការចេញមុនលើខ្នង បណ្តាលមកពីការស្រេ្តសខ្លាំង អារម្មណ៍ងាយនឹងប៉ះពាល់ ហើយឆាប់ខឹងឆេវឆាវ ។ ករណីនេះក៏អាចបណ្តាលមកពីការស្លៀកពាក់រឹបតឹងពេក ឬស្ពាយកាបូបយូរពេកដែរ ។

បរិវេណទី ៤ : បញ្ហាប្រព័ន្ធរំលាយអាហារ
ជាទូទៅការចេញមុនលើដើមទ្រូង អាចបណ្តាលមកពីការពាក់អាវសាច់ក្រណាត់នីឡុង ឬ ប៉ូលីយេស្ទើតឹងពេក ករណីឆ្លងមេរោគផ្សិត ឬអាលែកហ្ស៊ីអ្វីមួយ ។ ប្រសិនបើទាំងនេះមិនមែនជាបុព្វហេតុនៃការកើតមុនរបស់អ្នកទេ មានន័យថាអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារច្បាស់ណាស់ ដូចជា របបអាហារមិនមានតុល្យភាព ទម្លាប់ទទួលទានមិនត្រឹមត្រូវ ញ៉ាំអាហារហិរពេក ញ៉ាំភេសជ្ជៈត្រជាក់ពេក ជាដើម ។

បរិវេណទី ៥ និង ទី ៦ : បញ្ហាកម្រិតវីតាមីន
ការឡើងមុនត្រង់បរិវេណនេះ ភាគច្រើនបណ្តាលមកពីរោមដុះក្រោមស្បែក ធ្វើឱ្យស្បែកមើលទៅដូចជាព្រឺសម្បុរ។ បញ្ហានេះ កើតឡើងដោយសារចរន្តឈាមរត់មិនស្រួល និងការជម្រុះកោសិកាចាស់ច្រើនពេក ប៉ុន្តែងាយនឹងព្យាបាល ដោយគ្រាន់តែខាត់ស្បែក និងប្រើគ្រីមសំណើមជាការស្រេច។ ផ្ទុយទៅវិញប្រសិនបើ មុននេះ ពុំមែនជារោមដុះក្រោមស្បែក នោះអាចបញ្ជាក់ថារាងកាយរបស់អ្នកទទួលបាន និងប្រើប្រាស់វីតាមីនណាមួយ ( ឬ ខ្លះ ) មិនគ្រប់គ្រាន់ ឬមិនប្រក្រតី ។

បរិវេណទី ៧ : បញ្ហាកម្រិតជាតិស្ករក្នុងឈាម
បរិវេណក្បាលពោះ មានក្រពេញខ្លាញ់ពីរបី ទើបអាចមានឡើងមុនម្តងម្កាល ។ ប្រសិនបើអ្នកមានមុនត្រង់ក្បាលពោះ អាចបណ្តាលមកពីការស្លៀកពាក់រឹបតឹងពេក ពុំនោះទេ គឺមកពីជាតិស្ករក្នុងឈាមឡើងលើសកម្រិតប្រក្រតី ។

បរិវេណទី ៨ : បញ្ហាអនាម័យ ឬជំងឺកាមរោគ
ការកើតមុនបរិវេណនេះ បង្កឱ្យមានការឈឺចាប់ និង ពិបាកព្យាបាល ពីព្រោះជាបរិវេណសើម។ ការកើតមុនត្រង់បរិវេណប្រដាប់ភេទបែបនេះ អាចកើតឡើងដោយសាររោមកប់ក្រោមស្បែក ឬ ការសម្អាតមិនបានត្រឹមត្រូវ។ ករណីធ្ងន់ធ្ងរ អាចជាជំងឺកាមរោគ ប្រសិនបើបែបនេះមែន អ្នកអាចមានអាការរមាស់ ចេញខ្ទុះ ឬ ចេញឈាមតិចៗ ហើយមិនអន់ទៅវិញសោះ ។

បរិវេណ ទី៩ និង ១០ : បញ្ហាស្បែកងាយប្រតិកម្ម ឬអាឡែកហ្ស៊ី
ការកើតមុនលើភ្លៅ និងផ្នែកខាងលើ ច្រើនតែបណ្តាលមកពីប្រតិកម្មឡេ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ សាប៊ូបន្ទន់ខោអាវ ឬការប្រើក្រដាសសម្ងួត ចំណែកមុននៅផ្នែកខាងក្រោមជើងច្រើនតែបណ្តាលមកពីរោមដុះក្រោមស្បែក ។ ប្រសិនបើមុនរបស់អ្នកកើតឡើងបែបនេះ អ្នកអាចប្រើសាប៊ូដុសខ្លួនដែលមានគ្រឿងផ្សំ អាស៊ីតសាលីស៊ីលីក ( BHA ) ឬអាស៊ីតគ្លីកូលីក ( AHA ) និងប្រើគ្រីមបន្ទន់ស្បែកស្រាល ។

បរិវេណទី ១១ និង ទី ១២ : បញ្ហាប្រព័ន្ធប្រសាទ និង ប្រព័ន្ធរំលាយអាហារ
ការចេញមុនខ្នង ពុំមែនជាករណីកម្រនោះទេ ហើយវាកើតដោយសារអាលែកហ្ស៊ី ការបែកញើសច្រើន ការមិនងូតទឹកក្រោយពេលហាត់ប្រាណហើយ ការស្លៀកសំលៀកបំពាក់តឹងពេក ការប្រើកាបូបស្ពាយពីក្រោយ ការរោលផលិតផលរក្សាស្បែកឬសក់ សាប៊ូបោក-បន្ទន់ខោអាវ និង ក្រដាសសម្ងួត ជាដើម ។ ប្រសិនបើ ទាំងនេះពុំមែនជាមូលហេតុនៃការកើតមុនខ្នងរបស់អ្នកទេនោះ បញ្ជាក់ថារបបអាហាររបស់អ្នកមានខ្លាញ់ ឬ កាឡូរីច្រើនពេក ឬ អ្នកគេងមិនគ្រប់គ្រាន់ ឬ ទាំង ២ យ៉ាងតែម្តង ។

បរិវេណទី ១៣ និង ទី១៤ : បញ្ហាប្រព័ន្ធរំលាយអាហារ
មុនកើតលើកំប៉េះគូទ បណ្តាលមកពីមូលហេតុចំបង ៣យ៉ាង គឺ ១ – ខោក្នុងកខ្វក់មិនស្អាត សាច់ក្រណាត់ហប់ពេក ឬ តឹងពេក ២ – ស្បែកស្ងួតខ្លាំង ៣ – របបអាហារគ្មានតុល្យភាព ឬ ការរំលាយអាហារខ្សោយ ដោយសារតែអ្នកញ៉ាំភេសជ្ជៈត្រជាក់ពេក ឬ ហិរពេក ។ ដើម្បីកែខៃបញ្ហានេះ អ្នកគយរប្រើគ្រីមបន្ទន់ស្បែក ស្លៀកខោក្នុងរលុងៗ រក្សាអនាម័យបរិវេណនេះឱ្យបានម៉ដ្ឋចត់ និង ប្រយ័ត្នចំពោះអាហារដែលអ្នកទទួលទានជាប្រចាំ ៕

លក្ខិណា

សញ្ញាសុខភាពនៃការចេញ «មុន» លើដងខ្លួន