រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ដួល​បោក​នឹង​ថ្នល់​ភ្លាម​ៗ​នោះ​ស្រាប់តែ​រថយន្ត​១​គ្រឿង​ទៀត​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​ពីលើ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស មុខ​សណ្ឋាគារ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ជាង​២០​ឆ្នាំ រង​របួស​ត្រង់​ក្បាល និង​ខ្លួន​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​ម៉ាក​ស្កុ​ក​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1Q-6998 រីឯ​រថយន្ត​បង្ក​១​គ្រឿង​ទៀត​ម៉ាក តូ​យ៉ូ​តា ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4419 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។

តាម​សំដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ព្រះ​មុនី​វង្ស ខណៈ​ពេល​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ត្រូវ​ម៉ូតូ​បង្ក​ជិះ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​បុក​ពេញទំហឹង ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​មក​ដល់​កិន​បន្ថែម​ទៀត បណ្តាល​ឲ្យ​នារី​រង​គ្រោះ​រង​របួសធ្ងន់ បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួស​បែកក្បាល​ដែរ ។

បើ​តាម​សំដី​របស់​ម្ចាស់​ម៉ូតូ​បង្ក​បាន​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ពេល​ជិះ​មក​ដល់​មុខ​សណ្ឋាគារ​ភ្នំពេញ​ក៏​វ៉ា​ក់​អើ​នឹង​មនុស្ស​ឆ្លងផ្លូវ រូបគេ​ចាប់​ហ្វ្រាំង​ផ្តួល​ម៉ូតូ​ហើយ​ជ្រុល​ទៅ​បុក​អ្នកដំណើរ​រូប​នោះ​ដួល​ចូល​ក្រោម​រថយន្ត​កិន​របួសធ្ងន់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា រូបគេ​មិន​បានឃើញ​មនុស្ស​ដើរ​ឆ្លងផ្លូវ​ទេ ព្រោះ​បាំង​រថយន្ត ទើប​បណ្ដាល​ឲ្យ​បុក​ពេញទំហឹង​ដូច្នេះ ។

បើ​តាម​សំដី​ស្ត្រី​ដែល​បើករថយន្ត​កិន​មនុស្ស​របួសធ្ងន់​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​នាង​មិន​មាន​កំហុស​ទេ ហើយ​ក៏​មិន​បានដឹង​ដែរ​ថា រថយន្ត​របស់​នាង​កិន​មនុស្ស ទាល់តែ​គេ​មក​កាក់​រថយន្ត​ឲ្យ​ឈប់​ទើប​ដឹង​ថា មាន​មនុស្ស​នៅ​ក្រោម​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕