មិន​គួរ​សោះ ! ធ្លាក់​ពីលើ​ម៉ូតូ​បាក់​ក​ស្លាប់​ភ្លាម​ៗ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ប្តី​ឌុ​ប​ចុះ​កំពង់ចម្លង​ផ្សារ​ស្អាង​ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។

ប្រភព​ពី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ញ៉ គឹ​ម​ស៊ន អាយុ​៥២​ឆ្នាំ មាន​ប្តី​ឈ្មោះ ញឹ​ម ញ៉ែ​ម អាយុ​៥៤​ឆ្នាំ អ្នក​ទាំង​២​មានមុខ​របរ​ដឹក​ត្រី​លក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង C90 ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ ផ​-២៦៤៧ ភព​១ បើកបរ​ដោយ​ឈ្មោះ គង់ ទ្រី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ដឹក​ត្រី​លក់​ដូច​គ្នា មាន​ទីលំនៅ​នៅ​ភូមិ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ដឹក​ត្រី​ទាំង​២​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ក៏​បត់​ចុះ​កំពង់ចម្លង​ផ្សារ​ស្អាង ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​ធ្លាក់​ស្ត្រី​រង​គ្រោះ ជិះ​លើ​ទ្រង់ត្រី​បោក​ទៅ​នឹង​ថ្នល់​បាក់​ក​ស្លាប់​ភ្លាម​ៗ ពេល​នោះ​អ្នក​បើក​ម៉ូតូ​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ដល់ រួច​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម៉ូតូ​ម្ខាង​ទៀត​មក​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ រីឯ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕