នគរបាល​ខណ្ឌ​សែន​សុខ​ប្រមូល​យុវជន​ញៀន​ថ្នាំ​ចំនួន​12​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ចំនួន១២​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​រក​សេវា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់​ស្មុគស្មាញ​ភូមិ​បុរី​(​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រូប​លោក​បាន​ដឹកនាំ​កងកម្លាំង សហការ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ស្មុគស្មាញ​ខាងលើ​ប្រមូល​ក្រុម​យុវជន​បាន​ចំនួន​១២​នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​នៅ​ពេល​ពួក​គេ​នាំ​គ្នា​ទៅ​ប្រើប្រាស់​គ្រឿងញៀន ។

លោក​អធិការ​បន្ត​ថា តំបន់​ត្រពាំង​ឈូក ជា​តំបន់​ស្មុគស្មាញ​ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ហើយ​ចុះ​ធ្វើ​រដ្ឋបាល​ស្ទើរ​រៀងរាល់ថ្ងៃ​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ។ ជន​ទាំង​១២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើតេស្ត​ទឹកនោម​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕