ក្រសួង​សុខាភិបាល​ថៃ គិតគូរ​ចង់​ឲ្យ​មាន​ការ​ធ្វើតេស្ត​រក​ជំងឺ Zika ឥតគិតថ្លៃ​លើ​ស្ត្រី​ពោះ​ធំ​ទាំងឡាយ

រាជរដ្ឋាភិបាលថៃពេលនេះ នឹងចាប់ផ្ដើមគិតគូរពីលទ្ធភាព ដើម្បីធ្វើតេស្តរកជំងឺ Zika ចំពោះស្ត្រីពោះធំទាំងឡាយ ដោយឥតគិតថ្លៃ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការបញ្ជាក់មួយពីសប្ដាហ៍មុន ចំពោះការកើតទារកម្នាក់មានក្បាលតូច ដោយពាក់ព័ន្ធនឹងជំងឺ Zika ។

បន្ទាប់ពីជំងឺនេះផ្ទុះ និងសាយភាយនៅទ្វីបអាមេរិកទាំង២មក ពេលនេះវាបានចូលដល់តំបន់អាស៊ីអាគ្នេយ៍ហើយ ដោយមានការបញ្ជាក់ពីការកើតទារកក្បាលតូច២ករណី ។ លោក Sophon Mekthon ជាលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា “លោករដ្ឋមន្ត្រីបានប្រាប់ឲ្យយើងសិក្សាពីករណីនេះ ដើម្បីឲ្យដឹងថា តើវាចាំបាច់ឬអត់ ហើយមានប្រសិទ្ធភាពបែបណាដែរ ។”

Loading...

“ការធ្វើតេស្តរកជំងឺ Zika ម្ដង ត្រូវចំណាយប្រាក់អស់ជាង៦០ដុល្លារ តែគេនៅត្រូវធ្វើតេស្តជាច្រើនដងបន្តបន្ទាប់ទៀត ហើយមកទល់ពេលនេះ គេបានធ្វើតេស្តរកជំងឺ Zika លើស្ត្រីពោះធំចំនួន១០០០នាក់ហើយ ក្នុងតំបន់ដែលមានករណីឆ្លងជំងឺ Zika” នេះជាព័ត៌មានផ្ដល់ដោយលោក Mekthon ។

ការផ្ទុះនៃជំងឺ Zika កើតឡើងខ្លាំងកាលពីឆ្នាំមុន នៅប្រទេសប្រេស៊ីល ដោយកើតមានទារកក្បាលតូចច្រើនជាង១៨០០ករណី ។ លុះមកទល់ពេលនេះ ថៃបានបញ្ជាក់ពីការកើតជំងឺ Zika ចំនួន៣៩២ករណីហើយ បើគិតចាប់ពីខែមករាមក ដោយក្នុងនោះមាន៣៩នាក់ ជាស្ត្រីមានផ្ទៃពោះ ដោយឡែកនៅសិង្ហបុរីវិញ មានករណីជំងឺ Zika ៣៩៣ករណី ក្នុងនោះមានស្ត្រីមានផ្ទៃពោះ១៦នាក់ ។

ក្រសួង​សុខាភិបាល​ថៃ គិតគូរ​ចង់​ឲ្យ​មាន​ការ​ធ្វើតេស្ត​រក​ជំងឺ Zika ឥតគិតថ្លៃ​លើ​ស្ត្រី​ពោះ​ធំ​ទាំងឡាយ

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក ហៅកាត់ថា CDC បានប្រកាសឲ្យគ្រប់គ្នា ពន្យារពេលធ្វើដំណើរទៅប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាមជាដើម ដោយក្នុងនោះហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី សុទ្ធតែបានបញ្ជាក់ពីជំងឺ Zika យ៉ាងតិចក៏១ករណីដែរ ។

សូមបញ្ជាក់ថា មកទល់ពេលនេះ គេនៅពុំទាន់អាចរកឃើញវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺ Zika បានទេ ហើយ៨០%នៃអ្នកផ្ទុកមេរោគ Zika ក៏ពុំមានបញ្ចេញអាការរោគអ្វីដែរ នេះជាមូលហេតុដែលធ្វើឲ្យគេពិបាកនឹងដឹងថា តើស្ត្រីពោះធំទាំងនោះ ពិតជាមានឆ្លងជំងឺនេះ ឬយ៉ាងណា ៕

ដកស្រង់ពី៖ kqube