អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ខ្មែរ​មិន​ជឿ​ថា​ជំនួយ​ចិន​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​នឹង​មាន​ប្រសិទ្ធ​ភាព

ប្រទេសចិននឹងជួយកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ ដែលបក្សប្រឆាំងថាជាប្រព័ន្ធបម្រើដល់ផលប្រយោជន៍នាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយសហរដ្ឋអាម៉េរិកក៏បានរិះគន់ថាត្រូវគេយកធ្វើជាឧបករណ៍នយោបាយ ហើយជាប្រព័ន្ធគ្មានប្រសិទ្ធភាព។

នៅសប្ដាហ៍នេះកម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយដើម្បីជួយដល់ប្រព័ន្ធតុលាការកម្ពុជា។

Loading...

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌កម្ពុជាបានប្រាប់កាសែត Reuters ថាប្រទេសចិននឹងផ្ដល់ការហ្វឹកហ្វឺន, ថវិកា និងជំនាញ។ លោកបន្ដថានឹងមានការផ្លាស់ប្ដូរបទពិសោធន៍រវាងមន្ដ្រីប្រទេសទាំងពីរតាំងពីថ្នាក់អ្នកជំនាញបច្ចេកទេស និងដល់ថ្នាក់រដ្ឋមន្ដ្រី។

ក្រៅពីនេះចិនក៏នឹងផ្ដល់ជំនួយផ្នែកជំនាញក្នុងការជួយធ្វើឲ្យតុលាការពាណិជ្ជកម្មរបស់កម្ពុជាមានភាពប្រសើរឡើងផងដែរ។

នៅក្នុងរបាយការណ៍ឆ្នាំ២០១៥របស់ក្រសួងការបរទេសអាម៉េរិកអំពីសិទ្ធិមនុស្សនៅកម្ពុជាលើកឡើងថា ប្រព័ន្ធយុត្ដិធម៌រងសម្ពាធ និងការលូកលាន់ពីនយោបាយ និងគ្មានប្រសិទ្ធភាពគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសិទ្ធិមនុស្សជាច្រើនទៀតនៅកម្ពុជា។ ប៉ុន្ដែរដ្ឋាភិបាល និងខាងអំណាចតុលាការបានទាត់ចោលការចោទប្រកាន់រឿងលម្អៀងទាំងនោះ។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ខណៈពេលដែលកម្ពុជាត្រូវការជំនួយបច្ចេកទេសមែន ប៉ុន្ដែថារឿងដែលចិនជួយនេះ អាចនឹងធ្វើឲ្យបញ្ហាកង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជាកាន់តែចុះដុនដាបថែមទៀត។

អ្នកស្រីថា បើសិនជាគ្មានការបែងចែកអំណាចឲ្យពិតប្រាកដរវាងស្ថាប័នតុលាការ និងអំណាចនីតិប្រតិបត្ដិទេនោះ រាល់ការធ្វើកំណែទម្រង់នានាលើប្រព័ន្ធតុលាការ គឺគ្មានន័យទេ៕

ប្រភព៖ radioaustralia