ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ពលរដ្ឋ​នាំ​គ្នា​សម្រុក​ទៅ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត

ខេត្ត​ប៉ៃលិន ៖ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន ធ្វើ​ដំណើរ​មក​ពី​ខេត្ត​នានា​ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​កែ​ច្នៃ និង​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ។

ភ្នំ​យ៉ា​ត ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​កំពុង​ល្បី​រន្ទឺ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ព្រោះ​មាន​រូបសំណាក​លោកយាយ​យ៉ា​ត​ដ៏​ធំ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ថាបនា​នៅ​ក្បែរ​ជើងភ្នំ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា កន្លង​ទៅ​នេះ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់ ដោយ​អ្នកខ្លះ​ជិះ​ម៉ូតូ ខ្លះ​ទៀត​ជិះ​រថយន្ត ចូល​ទៅ​អុជ​ធូប​គោរព​បូជា​រូបសំណាក​លោកយាយ​យ៉ា​ត សុំ​ឱ្យ​រកស៊ី​មានបាន​ត្រជាក់ត្រជំ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ជាដើម ។

ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ទៅ​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន និយាយ​ថា នៅ​រដូវ​បុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ ជា​ពិសេស​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពួក​គាត់​តែងតែ​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ផ្សេង​ៗ និង​ភ្ញៀវ​បរទេស​ខ្លះមក​ពី​ប្រទេស​ថៃ ឆ្លង​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន ។ រមណីយដ្ឋាន​ដែល​ពួក​គាត់​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​ញឹកញាប់​ជាងគេ គឺ​រមណីយដ្ឋាន​ចម្ការ​ខ្នុរ រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​ហៅ​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ស្ថិត​នៅ​ក្នុង​ក្រុងប៉ៃលិន ។ ជា​ពិសេស ពួក​គាត់​តែង​ចូល​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​លាភ​សំណាង​ពី​រូបសំណាក​លោកយាយ​យ៉ា​ត ជួយ​ឱ្យ​រកស៊ី​មានបាន ព្រមទាំង​ឱ្យ​សេចក្តីសុខ​សាន្ត​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ។

ចំណែក​អ្នក​លក់ដូរ​នៅ​តាម​ដងផ្លូវ​ក្បែរ​រូបសំណាក​លោកយាយ​យ៉ា​ត និយាយ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពួក​គេ​លក់ដូរ​នំចំណី ធូប​ទៀន និង​ផ្លែ​ឈើ​គ្រប់​មុខដាច់​គួរសម ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ភ្ញៀវ​ចេញចូល​ទៅ​មក​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ដែល​ធ្វើ​ឲ្យ​អាច​រក​ចំណូល​បាន​ច្រើន សម្រាប់​ចិញ្ចឹមជីវិត ។ អ្នកខ្លះ​ទៀត​លក់​ផ្កាម្លិះ ផ្កាចំប៉ា ផ្កាចំប៉ី ទៀន ធូប ផ្លែ​ចេក និង​គ្រឿង​សំណែន​ផ្សេង​ៗ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ទិញ​យក​ទៅ​ថ្វាយ​រូបសំណាក​លោកយាយ​យ៉ា​ត ។ លុះ​ពេល​ពួក​គេ​ទទួល​លក់ដាច់​បាន​ច្រើន ក៏​មិន​ភ្លេច ទិញ​ក្បាល​ជ្រូក មាន់​ខ្វៃ ទា​ខ្វៃ យក​ទៅ​សែន​ជូន​លោកយាយ​យ៉ា​ត​ដែរ ។ 

សូម​បញ្ជាក់​ថា ចំពោះ​អ្នកលក់​ត្បូង​ច្នៃ​វិញ ដូច​ជា​ត្បូង​កណ្តៀង ត្បូង​ទទឹម នៅ​ក្បែរ​ៗ​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត​ក៏​លក់ដាច់​មួយ​ៗ​ដែរ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ភ្ញៀវ​ទេសចរ​ខ្លះ ទិញ​យក​ទៅ​ធ្វើ​បន្តោង​ខ្សែ​.​ក ខ្លះ​ទៀត​យក​ទៅ​ដាំ​ធ្វើ​ត្បូងចិញ្ចៀន និង​គ្រឿងអលង្ការ​ដទៃទៀត ៕