ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

នៅខេត្តសៀមរាបភ្ញៀវទេសចរក្រៅពីទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ននិងការទស្សនានៅតាមប្រាសាទនានាជាច្រើនទៀតនោះក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរអប្សរាបានរិះរកគ្រប់មធ្យោបាយបង្កើតកន្លែងកម្សាន្តផ្សេងៗទៀតដើម្បីទាក់ទាញនិងបម្រើការទស្សនារបស់ភ្ញៀវទេសចរ ។ រមណីយដ្ឋានថ្មីៗទាំងនោះរួមមានភូមិវប្បធម៌ បាល់ឡុងហោះ សារមន្ទីរអង្គរ រមណីយដ្ឋានទេសចរណ៍ភ្នំក្រោម ។ល។ ហើយនៅកន្លែងជិះទូកកម្សាន្តនៅតាមដងទន្លេអុំដែលគេឱ្យឈ្មោះថា គង្គាអង្គរ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ។

ប្រសិនបើយើងចង់ទៅជិះទូកកម្សាន្តនៅទន្លេអុំយើងគ្រាន់តែធ្វើដំណើរនៅលើកំណាត់ផ្លូវមុខប្រាសាទអង្គរវត្តឆ្ពោះទៅទិសខាងជើងដល់ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទបាយ័ននោះយើងនឹងបានឃើញរូបសំណាកយក្សទាញព្រ័ត្រនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ហើយក្រឡេកមើលទៅខាងឆ្វេងដៃនោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធជុំវិញកំពែង ខាងក្រៅប្រាសាទអង្គរធំទីនោះហើយជាទន្លេអុំ ។ នៅទីនោះមានទូកចែវដោយដៃមានអ្នកចែវខ្លះស្លៀកពាក់សម្លៀកបំពាក់សម័យអង្គររង់ចាំភ្ញៀវទេសចររួចជាស្រេចដើម្បីជូនដំណើរភ្ញៀវទស្សនា ។ ទូកដែលនាំភ្ញៀវទេសចរខ្លះមានរាងដូចនាគនិងទូកខ្លះទៀតមានរាងដូចជាហង្សរង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្តនៅទីនោះ ។

ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះវាហាក់បីដូចជានាំយើងទៅកាន់អតីតកាលនៃយុគសម័យបុរាណដ៏ត្រចះត្រចង់មួយដែលពោរពេញដោយភាពអស្ចារ្យនិងអច្ឆរិយៈដែលយើងពុំដែលបានជួបប្រទះនាពេលកន្លងមកពោលគឺយើងបានត្រឹមតែឮនិងបានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ ។ ពេលនេះគង្គាអង្គរបាននាំយើងឱ្យទៅកាន់ក្តីស្រមៃពិតៗដោយដំណើរកម្សាន្តតាមដងទន្លេអុំនៅពេលដែលយើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំយើងអាចមើលខ្លោងទ្វារចូលពីខាងត្បូងកំពែងប្រាសាទផ្នែកខាងក្រៅពីជ្រុងខាងជើងរហូតដល់ជ្រុងខាងលិច ពិសេសនោះនៅពេលនោះភ្ញៀវ ទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃលិចដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំបាខែងដែរ ។ នៅពេលទស្សនាតាមដងទន្លេអុំយើងនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សាបក្សាបក្សីនិងសំឡេងទឹករលកបោកច្រាំងបង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្តធ្វើឱ្យអារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិតនៅក្នុងយុគសម័យបុរាណមួយយ៉ាងពិតៗ ។

ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

លោក លី សំអឿន នាយកប្រតិបត្តិក្រុមហ៊ុន Green Earth Co.,Ltd និងជាអ្នកមើលការខុសត្រូវការអុំនៅទន្លេអុំបានឱ្យដឹងថាទូកដែលយកមកដាក់ឱ្យភ្ញៀវទេសចរជិះនៅទីនេះយើងបានចម្លងចេញពីប្រាង្គប្រាសាទនានាជាច្រើនដែលមាននៅតាមប្រាសាទដ៏ល្បីរបស់ខ្មែរពិតៗដូចជាទូកព្រះទីនាំងសម្រាប់ព្រះមហាក្សត្រគឺចម្លងតាមចម្លាក់សិលាចារឹកប្រាសាទបន្ទាយឆ្មារ ទូកនេះពុំដាក់ឱ្យភ្ញៀវធម្មតាជិះកម្សាន្តឡើយទុកសម្រាប់ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗឬ ភ្ញៀវពិសេសជិះតែប៉ុណ្ណោះ ក្រុមទូកចម្បាំងមានទូកមេទ័ពស្រួចមេទ័ពរង ។ ទូកក្រុមទ័ពស្រួច ចម្លងចេញតាមសិលាចារឹកនៃថែវប្រាសាទបន្ទាយឆ្មារ ប្រាសាទបាយ័ននិងប្រាសាទព្រះខ័នកំពង់ស្វាយ ។ ក្រុមទូកជំនួយមានទូកទ័ពជំនួយទូកលម្ហែនិងទូកស្បៀងអាហារគឺចម្លងចេញពីសិលាចារឹកនៃប្រាសាទបន្ទាយនៃថែវប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារ ។

ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលជិះទូកកម្សាន្តនៅទន្លេអុំត្រូវចំណាយពេលពីមួយម៉ោងទៅមួយម៉ោងកន្លះលើកំណាត់ផ្លូវ ៣១២ គីឡូម៉ែត្រ ។ ទូក ដែលនាំភ្ញៀវកម្សាន្តចែកចេញជាពីរប្រភេទគឺភ្ញៀវខ្មែរជិះក្នុងតម្លៃបីដុល្លារក្នុងម្នាក់ឯភ្ញៀវបរទេសវិញជិះក្នុងតម្លៃប្រាំពីរដុល្លារក្នុងម្នាក់ ។ ទូកនីមួយៗជិះបានតែគ្នាបួននាក់ឯទូកពិសេសជិះបានតែពីរនាក់ប៉ុណ្ណោះ ។ ចំណែកអ្នកចែវទូកវិញយើងឱ្យគេស្លៀកពាក់ខោអាវធម្មតាក៏បានឬក៏ឱ្យគេស្លៀកពាក់ខោអាវរបៀប បុរាណក៏បាន ។

ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

ប្រវត្តិទន្លេអុំមិនផ្លូវការដែលសិក្សាចងក្រងដោយអង្គរគង្គាបានឱ្យដឹងថាទន្លេអុំគឺជាឈ្មោះនៃបារាយណ៍ទឹកពីសម័យបុរាណដែលតាំងនៅជិតៗនៃទីស្ថានបុរាណប្រាសាទឬទីប្រជុំជនណាមួយ ភាគច្រើនដែលព្រះរាជាសម័យបុរាណតែងតែស្នាក់អាស្រ័យនៅជាប្រចាំឬស្នាក់អាស្រ័យម្តងម្កាល ។ ស្ថាននាមទន្លេអុំនេះមាននៅសេសសល់ស្ទើរគ្រប់ទីកន្លែងនៃផ្ទៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ដូចជាទន្លេអុំខាងត្បូងក្រុងអង្គរធំ ខេត្តសៀមរាប ទន្លេអុំប្រាសាទនគរ បាជ័យ ខេត្តកំពង់ចាម និង ទន្លេអុំប្រាសាទភ្នំជីសូរ ខេត្តតាកែវ ជាដើម ។ល។

ជិះទូកកម្សាន្ដនៅ «ទន្លេអុំ» ខេត្ដសៀមរាប

ទន្លេអុំគឺជាបឹងដែលកើតឡើងដោយស្នាដៃមនុស្សទាំងស្រុងនិងមានខ្លះគឺមនុស្សបុរាណបានកែច្នៃអភិវឌ្ឍបឹងឬត្រពាំងធម្មជាតិដែលមានស្រាប់ឱ្យប្រសើរឡើង ។ រីឯតួនាទីរបស់ទន្លេអុំគឺប្រើជាទីកន្លែងបង្វឹកហាត់អុំទូកព្រមទាំងចែវ ទូកសម្រាប់ព្រះរាជានិងកងទ័ពរបស់ព្រះអង្គ ដើម្បីបង្កើនសមត្ថភាពសម្រាប់បម្រើតាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងនិងកសាងសមត្ថភាពខាងកលយុទ្ធសឹកសង្គ្រាមជើងទឹកផង ។ ចំពោះព្រះ រាជាវិញទ្រង់ក៏ប្រើប្រាស់ទន្លេអុំធ្វើជាទីក្រសាលសប្បាយដោយអុំទូកកម្សាន្តផងដែរព្រោះទីនោះច្រើនប្រកបដោយសម្រស់ធម្មជាតិល្អផូរផង់គួរជាទីរមនាហើយជាញយៗគេតែងប្រារឰពិធីធំៗនៅក្នុង សាសនា និង សង្គមមនុស្សនៅទីនោះជាទៀងទាត់ដូចជាពិធីតបស្នងអំណរគុណព្រះគង្គានិង លយកន្ទោង ( នាថ្ងៃចេញវស្សា ) ពិធីបុណ្យអុំទូក និងលយប្រទីប ( ថ្ងៃ ១៥ កើត ខែកត្តិក ) នៅក្នុងទន្លេ អុំនោះតែម្តង ។

ម្យ៉ាងទៀតទន្លេអុំក៏ប្រើសម្រាប់ជាប្រភពធនធានធារាសាស្ត្រពុំចេះរីងស្ងួត ដើម្បីទ្រទ្រង់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ និង ស្រោចស្រពដំណាំកសិកម្មផងដែរ ។ នៅក្នុងវិស័យជលផលឬ មច្ឆជាតិគ្រប់អម្បូររស់នៅបន្តពូជពង្សរួចសាយភាយទៅដល់ព្រែក ស្ទឹង ទន្លេ បឹងបួធម្មជាតិនានានៅជុំវិញ្ញតំបន់នោះផងដែរ ។ នៅសម័យបុរាណជនជាតិខ្មែរពុំហ៊ានល្មើសឬនេសាទត្រីនៅក្នុងទន្លេអុំទេ ។

ចំពោះ«ទន្លេអុំក្រុងអង្គរធំ»មានតួនាទីដូចបានពោលមកខាងលើជាប្រាកដ ប៉ុន្តែទន្លេអុំនេះមានសារសំខាន់ជាច្រើនទៀតគឺវាជាគូជលសាការពារក្រុងអង្គរធំពីគ្រោះទឹកជំនន់និងរាំងស្ងួតផង ជារបាំងការពារសឹកសង្គ្រាមផង ។ ម្យ៉ាងទៀតទន្លេអុំក្រុងអង្គរធំនេះអាចសំដៅដល់មហាសាគរដែលនៅព័ទ្ធជុំវិញភ្នំព្រះសុមេរុ ( ដែល មានប្រាសាទបាយ័នជាស្នូលនិងកំពូល ) ។ បើសំអាងដោយទេវកថា នៅក្នុងព្រហ្មញ្ញសាសនាវិញនោះ ទឹកទាំងឡាយដែលស្ថិតនៅក្នុង ទន្លេអុំនេះគឺប្រៀបស្មើនឹងទឹកអម្រឹត ព្រោះវាជាធាតុផ្សំ ឬ ជាសម្មតិកម្មនៃការល្បងឫទ្ធានុភាពគ្នារវាងពួកទេវៈ និង អសុរៈ ដែលជាតួអង្គ សំខាន់នៅក្នុងមហាទេវកថា«កូរសមុទ្រទឹកដោះ» ។

រហូតមកដល់បច្ចុប្បន្ននេះព័ស្តុតាងជាក់ស្តែងដែលយើងឃើញរាល់គ្នាហៅថា ទេវតា និង យក្សទាញនាគរាំសុគិថាជាព្រ័ត្រនៅលើស្ពានហាលនាពាក់កណ្តាលទន្លេអុំកាត់ពីត្បូងទៅខាងជើងឆ្ពោះចូល ទៅផ្ចិតកណ្តាលក្រុងអង្គរធំនោះវាមិនមែនត្រឹមតែជាសិល្បៈរចនាតុបតែងលម្អដូចយើងគ្រប់គ្នាគិតនោះទេ តែវាជាព័ស្តុតាងបញ្ជាក់ថានេះ គឺជាទេវស្ថានដ៏ពិសិដ្ឋ ។ រីឯទឹកនៅក្នុងទន្លេអុំគឺជារូបធាតុមួយដែលនាំឱ្យកើតមាន«ទឹកអម្រឹត»នោះឯង ។ នៅសម័យអង្គរក្នុងព្រះរាជ ពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រនីមួយៗ គេបានធ្វើពិធីដងយកទឹក ពីកសិណទន្លេអុំ ( និង ស្រះស្រង់ បារាយណ៍ និង ទឹកជប់ពីកំពូលភ្នំគូលែន ) យកទៅធ្វើជាគ្រឿងសក្ការបូជាដ៏ពិសិដ្ឋផងដែរ ។

ឈ្មោះពីបុរាណរបស់ទន្លេអុំគឺប្រហែលមកពីពាក្យថា«ទន្លេ អម្រឹត» លុះចំណេរចីរកាលក្រោយមកកម្លាយសូរសៀង និង ភាសា និយាយកាត់មកនៅត្រឹម«ទន្លេអុំ»។ ទន្លេអុំនេះមានបណ្តោយ ពីកើត ទៅលិចប្រមាណ ៣ គីឡូម៉ែត្រ ហើយខណ្ឌចែកត្រង់ចំណុចកណ្តាលដោយស្ពានហាល(ដែលយើងហៅថាស្ពានទន្លេអុំ ) ។ ទទឹងទន្លេអុំប្រហែលជា ១២០ ម៉ែត្រ និង មានជម្រៅទឹកប្រមាណ ៣-៥ ម៉ែត្រ បច្ចុប្បន្នដោយសារពុំមានការថែទាំទើបធ្វើឱ្យជម្រៅរបស់វារីងរាក់សល់ត្រឹម ១,៥-២,៥ ម៉ែត្រប៉ុណ្ណោះ នៅជុំវិញមាត់ទន្លេអុំមានរៀបជាជណ្តើរថ្មបាយក្រៀមយ៉ាងប្រណីត ៕

ប្រភព ៖ pmhotnews