ឆ្នាំ​២០២០​ កម្ពុជា​រំពឹង​រក​ចំណូល​​៥ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍

​វិស័យ​ទេសចរណ៍​ កម្ពុជា​នឹង​អាច​រក​ចំណូល​សរុប​ប្រមាណ​៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ព្រម​ទាំង​រំពឹង​ទទួល​ភ្ញៀវ​ទេសចរ​អន្ត​រជាតិ​៧លាន​នាក់​ទៀត​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

 

ឆ្នាំ​២០២០​ កម្ពុជា​រំពឹង​រក​ចំណូល​​៥ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍

 

សក្ដានុពល​នេះ​បាន​មក​ដោយ​សារ​កម្ពុជា​សំបូរ​មរតក​បេតិកភណ្ឌ​វប្បធម៌​ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ​ជា​ច្រើន​ ព្រម​ទាំង​ស្ថេរ​ភាព​ពេញ​លេញ​។ ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធាន​បទ​ “ទេសចរណ៍​ដើម្បី​ទាំងអស់​គ្នា ជំរុញ​ភាព​ទៅ​ដល់​ជា​សាកល” លោក​ ថោង​ ខុន​ បន្ត​ថា វិស័យ​ទេសចរណ៍​ កំពុង​បោះ​ជំហាន​យ៉ាង​ខ្លាំង​ជា​លំដាប់​ ដោយ​រក្សា​បាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ​ និង​រួម​ចំណែក​ប្រមាណ​ជាង​ ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ( GDP)។

 

ជាក់​ស្ដែង​ក្នុង​២០១៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤ . ៧៧៥.២៣១ នាក់​ កើន​ឡើង​ ៦,១ % ដោយ​នាំ​ចំណូល​ប្រមាណ​ ៣. ០១២ លាន​ដុល្លារ​ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ រួម​ទាំង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ ៦២ ម៉ឺន​នាក់​ និង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ទៀត។​ដោយ​ឡែក​ក្នុង​ឆ្នាំ ២០២០ កម្ពុជា​រំពឹង​​អាច​បង្កើត​ការ​ងារ​ដោយ​ផ្ទាល់​ប្រមាណ​ជិត​១លាន​នាក់​ផង​ដែរ។​

 

​​ថ្មីៗ​នេះ​​ប្រទេស​ស្ថិត​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​ ពេល​ទទួល​បាន​ពាន​រង្វាន់​ជា​លក្ខណៈ​អន្តរជាតិ​ជា គោល​ដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៦ លំហូរ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​មាន​ប្រាង្គ​ប្រាសាទ​ល្អ​វិចិត្រ​នេះ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​៣៤% នៃ​ភ្ញៀវ​ទេសចរ​ហ៊ាន​បង់​ថ្លៃ​ក្នុង​កម្រិត​ខ្ពស់​ជាង​ធម្មតា ដើម្បី​ស្នាក់នៅ​តាម​សណ្ឋាគារ​ដែល​គិត​គូរ​ដល់​បរិស្ថាន៕

 

 

អត្ថបទ៖ លឹម សុ​នា​​