ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​ស្រី​ចោល​សាកសព​ទាំង​អាក្រាត

ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត ឃាតករ​ដែល​សម្លាប់​ស្ត្រី​ម្នាក់​ចោល​សាកសព​ទាំង​អាក្រាត​កាយ​នៅ​កណ្ដាល​ចម្ការ​ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ជុំ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សូម​រម្លឹក​ថា ព្រៃផ្សៃ​ម្ល៉េះ ! រំលោភ​រួច​សម្លាប់​​ទាំង​អាក្រាត

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ត្រូវជា​ប្អូនថ្លៃ​របស់​ស្ត្រី​រង​គ្រោះ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ មែន តែ​មិន​បាន​រំលោភ​ទេ ចំណែក​ខោអាវ​ដែល​ស្ត្រី​រង​គ្រោះ​ស្រាត និង​សើយ​ឡើង​លើ​នោះ​គឺ​ពេល​ប្រតាយប្រតប់​គ្នា​អូស​ទៅ​របូត ។

សមត្ថកិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​នៅ​មានការ​លាក់លៀម​ច្រើន​ទៀត ចម្លើយ​នេះ​មិន​ទាន់​យក​ជា​ការ​បាន​ទេ ព្រោះ​ខុស​ពី​អ្វី​ដែល​កើតឡើង និង​មិន​ស៊ីសង្វាក់​ចំពោះ​វត្ថុ​តាង​ដែល​បន្សល់​លើ​សាកសព តែ​សិទ្ធិ​ឆ្លើយ​មិន​ឆ្លើយ​ជា​រឿង​បុគ្គល មិន​អាច​បង្ខិតបង្ខំ​យក​ចម្លើយ​។ ទោះជា​យ៉ាងណា​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​រួច​ហើយ​ដែរ ដែល​បទល្មើស​យោង​លើ​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ផ្តន្ទាទោស​លើ​ជន​ជនជាប់ចោទ​ដាក់គុក​អស់​១​ជីវិត ។

សូម​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ទាំង​អា​ក្រាយ​កាយ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ចម្ការ​ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ សមត្ថកិច្ច​បាន​បញ្ជាក់​ពេល​ពិនិត្យ​សាកសព​ថា បានឃើញ​សាកសព​ស្រាតខោ​ដល់​ក្រោម​ជង្គង់​សើយ​អាវ​ឡើង​លើ និង​មាន​សភាព​ហើម​ឡើង​ស្អុយ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ថា ជា​ករណី​រំលោភ​សម្លាប់ ៕