កោះហៅ​ប្រពន្ធ​សព​លោក​កែម ឡី ចូល​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៧ តុលា

កោះហៅ​ប្រពន្ធ​សព​លោក​កែម ឡី ចូល​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៧ តុលា



ភ្នំពេញ​: អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​ដ៏​ល្បីល្បាញ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ ចេញ​ដីកាកោះ ជា​លើក​ទី​២ ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ដើម្បី​សាកសួរ អំពី​ដំណើររឿង អំពី​ឃាតកម្ម គិត​ទុកជា​មុន និង​កាន់កាប់​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។

ដីកាកោះ​លើក​ទី​២​នេះ ចេញ​ដោយ​លោក សេង លាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​។

ឃាតករ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅ​ជិត​វត្ត​ស្វា​ពពែ បន្ទាប់​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ស្តា​ម៉ាត​ស្ថានីយ៍​ចាក់​សាំង ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ​២០១៦​។

ជនសង្ស័យ ដែល​ជា​ខ្មាន់កាំភ្លើង ត្រូវ​បាន​លោក​សេង លាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​។

ជនសង្ស័យ ដែល​ជា​ឃាតករ ត្រូវ​បាន​ព្រះរាជអាជ្ញា ចោទប្រកាន់​ពី​បទ​ឃាតកម្ម គិត​ទុកជា​មុន និង​បទ​កាន់កាប់​អាវុធ គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ២០០ និង ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ និង​ចោទប្រកាន់​លើ​បុគ្គល ដែល​បាន​លក់​អាវុធ អោយ​ជនល្មើស ពី​បទ​លក់​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ២០ នៃ​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​៕