លោក​ឈាង វុន​៖ គណបក្ស​ប្រជាជន មាន​ភារកិច្ច​សម្របសម្រួល ធ្វើ​យ៉ាងណា ឲ្យ​ស្ថានភាព​នយោបាយ​ល្អ

លោក​ឈាង វុន​៖ គណបក្ស​ប្រជាជន មាន​ភារកិច្ច​សម្របសម្រួល ធ្វើ​យ៉ាងណា ឲ្យ​ស្ថានភាព​នយោបាយ​ល្អ



ភ្នំពេញ​: លោក​ឈាង វុន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នកកាសែត បន្ទាប់​ពី​ចប់​កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ភារកិច្ច​សម្របសម្រួល ធ្វើ​យ៉ាងណា​ឲ្យ ស្ថានភាព​នយោបាយ​ល្អ សម្រាប់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​មុខ​។

លោក​បាន​បញ្ជាក់​ថា ឥឡូវនេះ យើង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺជា​ការ​ចាប់ផ្តើម ហើយ​ការ​ចាប់ផ្តើម​នេះ ត្រូវធ្វើ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ សប្បាយចិត្ត និង​យល់​ថា យើង​កាន់​អំណាច យើង​ត្រៀម​ធ្វើ​យ៉ាងណា ឲ្យ​បរិបទ​នយោបាយ​ល្អ ឲ្យ​ប្រជាពលរដ្ឋ មាន​ភាព​កក់ក្តៅ​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ពាក្យបណ្តឹង​ខ្លះ​ដែរ ក៏​ប៉ុន្តែ​គណបក្ស​ទាំង​ពីរ ដែល​ជា​សមាជិក​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​.) កំពុង​តែ​ដោះស្រាយ ជា​បន្តបន្ទាប់ ហើយ​ដោះស្រាយ​បាន​ច្រើន​។

ចំណែក​លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា មាន​ភាព​ស្ងប់ស្ងាត់ ហើយ​ភាព​ស្ងប់ស្ងាត់​នេះ នឹង​នាំ​មក​នៅ​ការ​ជជែក ដោះស្រាយ​បញ្ហា ជា​បន្តបន្ទាប់​។ ហើយ​ក្នុង​នាម​ជា តំណាងរាស្ត្រ យើង​បំពេញការងារ​របស់​យើង ដែល​ប្រជាពលរដ្ឋ ផ្តល់​សេចក្តី​ទុកចិត្ត​៕