សមត្ថកិច្ច​នៅ​ច្រក​បន្ទាយ​ចក្រី និង​ច្រក​ម៉ឺន​ជ័យ ជំរិត​យកលុយ​ពី​ពលរដ្ឋ​ដឹក​កសិផល​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​

អំពើពុករលួយ​របស់​សមត្ថកិច្ច​នៅ​ច្រក​បន្ទាយ​ចក្រី និង​ច្រក​ម៉ឺន​ជ័យ ខេត្តព្រៃវែង ត្រូវបាន​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែល​ដឹក​កសិផល​ទៅ​លក់​នៅ​ស្រុក​យួន​លាតត្រដាង​ជា​សាធារណៈ ព្រោះ​សមត្ថកិច្ច​ទាំងនោះ​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត ហើយ​គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។ អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ផ្លែស្វាយ​និង​កសិផល​ផ្សេងៗ​ទៀត​បាន​អំពាវនាវ​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​ច្រក​បន្ទាយ​ចក្រី និង​ច្រក​ម៉ឺន​ជ័យ ជំរិត​យកលុយ​ពី​ពួកគាត់​ច្រើន​ហួសហេតុ​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​គ្មាន​ផលចំណេញ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​ច្រក​ទាំងពីរ​នេះ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​។

ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ផ្លែស្វាយ​និង​កសិផល​ផ្សេងៗ​ចេញ​តាម​ច្រក​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់សិប​គ្រឿង​ដឹក​កសិផល​ទៅ​ស្រុក​យួន ហើយ​ត្រូវ​សមត្ថកិច្ច​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ក្នុង​កសិផល​១​រថយន្ត​ចំណុះ​២,៥​តោន​ត្រូវ​បង់លុយ​ចំនួន​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង ចំណែក​រថយន្ត​ធំៗ​ត្រូវ​បង់​ច្រើនជាង​នេះ​។ ការដែល​សមត្ថកិច្ច​ច្រក​បន្ទាយ​ចក្រី តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​១​រថយន្ត​ចំណុះ​២,៥​តោន​ដល់​ទៅ​៦០​ម៉ឺន​រៀល​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​នៅសល់​ផលចំណេញ​តិចតួច​បំផុត ហើយ​ពេល​បង់លុយ​គេ​មិន​ឲ្យ​បង្កាន់ដៃ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​អាជីវករ​អំពាវនាវ​ឲ្យ​អភិបាល​ខេត្តព្រៃវែង លោក ជា សុ​មេធី ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យមើល​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​នៅ​ច្រក​បន្ទាយ​ចក្រី​ជាបន្ទាន់​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ដំឡូង​មី​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ម៉ឺន​ជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​នេះ ក្នុង​១​រ៉ឺម៉ក​សរុប​ពី​១៥​ទៅ​២០​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រ៉ឺម៉ក​យ៉ាងច្រើន​ដឹក​ដំឡូង​មី​ទៅ​ស្រុក​យួន​។ ដូច្នេះ​ការរកស៊ី​របស់​អាជីវ​ករ​និង​ប្រជាពលរដ្ឋ គឺ​ប្រឹង​ត្រដររស់​ទាំង​លំបាក​ក្នុងខណៈដែល​សមត្ថកិច្ច​នៅ​ច្រក​បន្ទាយ​ចក្រី និង​ច្រក​ម៉ឺន​ជ័យ អង្គុយចាំ​ជំរិត​យកលុយ​ដោយ​គ្មាន​យោគយល់​អ្វី​ទាំងអស់ ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​កាន់តែខ្លាំង​។ អ្វីដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​នោះ គឺ​សមត្ថកិច្ច​នៅ​ច្រក​បន្ទាយ​ចក្រី និង​ច្រក​ម៉ឺន​ជ័យ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ត្រី ជ្រូក មាន់​ទា បន្លែ​ផ្លែឈើ ដោយ​គ្មាន​ការត្រួតពិនិត្យ​គឺ​គ្រាន់តែ​បង់លុយ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពុករលួយ​ជាការ​ស្រេច​៕

12552658_1510404829289864_773098290896390918_n

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង 

wat-0310q