សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងកាត់​ខេត្តក្រចេះ នៅតែ​កើតឡើង​ឥតឈប់ឈរ​

ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាប ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ទៀតថា​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​បក្ខពួក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្ត​នេះ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បែបនេះហើយ ទើប​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តក្រចេះ បំពាន​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ក្រអឺតក្រទម​។

កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​បង្ក្រាប​រថយន្ត​កូរ៉េ​ចំណុះ​១,៥​តោន​ដឹកឈើ​ប្រណីត​នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៃពោធិ៍​សាល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ នៅពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​នោះ គឺ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​ហើយ​កម្លាំង​អាវុធហត្ថ បាន​យក​រថយន្ត​និង​ឈើ​ប្រភេទ​ធ្នង់​ទៅ​រក្សាទុក ប៉ុន្តែ​មិនទាន់​ដឹង​ពី​បរិមាណ​ឈើ​នៅឡើយ​ទេ ទុក​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នក​វាស់វែង​។ បញ្ហា​នេះ​មានការ​រិះគន់ថា ប្រសិនបើ​សមត្ថកិច្ច​មាន​ចេតនា​ចាប់​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ប្រណីត​នោះ គឺ​ជន​នោះ​មិនអាច​គេ​ខ្លួន​បាន​ដោយ​ស្រួល​ឡើយ ដូច្នេះ​អ្វីៗ​ជា​រឿង​គួរ​ឲ្យ​សង្ស័យ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ស្រុក​ស្នួល ខេត្តក្រចេះ ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​ទាំងយប់​ទាំង​ថ្ងៃ ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​ចេះដឹង​ទុក្ខ​ធុរៈ​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅដល់​គោលដៅ​យ៉ាង​រលូន ព្រោះ​ទាំង​សមត្ថកិច្ច​អាវុធហត្ថ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​បង្ក្រាប​ឡើយ​។ ឥឡូវនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលមក​ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​តាម​រថយន្ត​និង​ម៉ូតូ ដោយ​ឈ្មួញ​ឈើ​តែង​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ពួកគេ​ដឹកជញ្ជូន​ឈើ​ទៅដល់​ព្រំដែន​យួន​ប្រកបដោយ​សុវត្ថិភាព​៕

wat-0310l wat-0310m wat-0310k