អតីត​ស្ដេច​ប្រដាល់​ អេ​ ភូថង​ សប្បាយ​ចិត្ត​ពេល​កូន​ស្រី​បាន​មេដាយ​ជូន​ជាតិ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ អេ​ ភូថង​ មាន​មោទនភាព​ជា​ខ្លាំង​ដែល​កូន​ស្រី​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​នៅ​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ។​

 

 អតីត​ស្ដេច​ប្រដាល់​ អេ​ ភូថង​ សប្បាយ​ចិត្ត​ពេល​កូន​ស្រី​បាន​មេដាយ​ជូន​ជាតិ​កីឡា​ការិនី​​ អេ​ ព្រីយ៉ានុត​ ភូថង

 

បើ​តាម​ឲ្យ​ Sabay​ ដឹង​លោក​គ្រូ​ អេ​ ភូថង​ ដែល​ជា​ឪពុក​របស់​កីឡា​ការិនី​​ អេ​ ព្រីយ៉ានុត​ ភូថង​ មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​កូន​ស្រី​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី៥​នេះ​ ព្រោះ​លទ្ធផល​មួយ​នេះ​បាន​ជួយ​លើក​មុខ​មាត់​ប្រទេស​ជាតិ​និង​ក្រុម​គ្រួសារ។​ អតីត​ស្ដេច​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​បើ​ទោះ​កូន​ស្រី​ចាញ់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក៏​ដោយ​តែ​វា​នៅ​តែ​ជា​លទ្ធ​ល្អ​សម្រាប់​ ព្រីយ៉ានុត​ ព្រោះ​អី​នេះ​ជា​លើក​ទី​១​ដែល​កីឡា​ការិនី​មួយ​នេះ​បាន​ចូល​រួម​ព្រឹត្តិការណ៍​ធំ​ហើយ​តំណាង​ឲ្យ​ប្រទេស​បែប​នេះ។​ កូន​ស្រី​លោក​មិន​មាន​បទ​ពិសោធន៍​ប្រកួត​បែប​នេះ​ពី​មុន​មក ហើយ​ក៏​មិន​បាន​សិក្សា​ក្បាច់​របស់​គេ​ផង​ដែរ។ ​

 

ស្ដេច​ប្រដាល់​នៅ​កម្ពុជា​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា «លើក​ក្រោយ​ខ្ញុំ​នឹង​ជួយ​បង្ហាត់​កូន​ស្រី​បន្ថែម​ទៀត​ដើម្បី​ឈ្នះ​មេដាយ​មាស​ឲ្យ​បាន ​ព្រោះ​អី​យើង​បាន​បទ​ពិសោធន៍​ពី​ការ​ប្រកួត​លើក​នេះ​ហើយ​យើង​ដឹង​ពី​ក្បាច់​របស់​ពួក​គេ​ហើយ»​ ។

 

អតីត​ស្ដេច​ប្រដាល់​ អេ​ ភូថង​ សប្បាយ​ចិត្ត​ពេល​កូន​ស្រី​បាន​មេដាយ​ជូន​ជាតិគ្រួសារ អេ ភូថង

 

លោក​ អេ​ ភូថង​ ជា​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​អេ​ ភូថង​ កីឡា​ ថែម​ទាំង​ជា​ចៅ​ក្រម​និង​អាជ្ញា​កណ្ដាល​របស់​សហព័ន្ធ​ប្រដាល់​កម្ពុជា​ផង​ដែរ។​ បន្ទាប់​ពី​ចូល​និវត្តន៍​ពី​ការ​ប្រកួត​ទៅ​ ជើង​ខ្លាំង​​របស់​កម្ពុជា​រូប​នេះ មាន​កូន​ស្រី​និង​កូន​ប្រុស​បន្ត​ឈាម​ជ័រ​ជា​អ្នក​ប្រដាល់​ពី​លោក​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ ។

 

រំលឹក​ដល់​ព្រឹត្តិការណ៍​កីឡា Asian Beach Games លើក​ទី​៥​នៅ​វៀតណាម​វិញ កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​២១​គ្រឿង​ក្នុង​នោះ​ មេដាយ​មាស​៦​ មេដាយ​ប្រាក់​៦​ និង​មេដាយ​សំរឹទ្ធ​៩​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​៦​​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​កម្រិត​ទ្វីប​អាស៊ី​នេះ៕

 

អត្ថបទ៖​ នួន​ ស៊ីណា