ក្រុមហ៊ុន​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​មួយទៀត​នឹង​ដំណើរការ​នា​ពេល​ខាង​មុខ

ខេត្តឧត្តរមានជ័យ ៖ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ញ៉ាំង​ឲ្យ​កម្ពុជា​ត្រូវការ​ប្រភព​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ពិសេស​គឺ​នៅ​រដូវប្រាំង​តែ​ម្ដង ។

ជាមួយនឹង​កំណើន​នៃ​តម្រូវការ​ក្នុង​វិស័យ​ថាមពល​អគ្គិសនី​នា​ពេល​នេះ ក្រុមហ៊ុន​យន់​ឃាន​មី​នើ​រ៉​ល ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជីក​យក​រ៉ែ​ធ្យូង គ្រោង​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដើម្បី​បម្រើសេវា​អគ្គិសនី ដែល​មាន​អានុភាព​អាច​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្តឧត្តរមានជ័យ​, បន្ទាយ​មាន​ជ័យ និង​ខេត្តព្រះវិហារ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល ។

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ក្រុមហ៊ុន​យន់​ឃាន​មី​នើ​រ៉​ល កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​ទៅ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ការ​ចុះ​សិក្សា​ពិនិត្យ​ក្រុមហ៊ុន​រ៉ែ​ធ្យូង​នោះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ នូវ​បច្ចេកទេស​ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន ។ ដោយឡែក ថ្ម​ធ្យូង​ដែល​ជីក​យក​មក​បាន គឺ​ពុំ​មានការ​អនុញ្ញាត​ឲ្យ​ដឹក​ចេញ​ទៅ​ខាងក្រៅ​ប្រទេស​ឡើយ មាន​ន័យ​ថា ទុក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ត្រី ថ្លែង​បញ្ជាក់​ថា ៖ « ក្រុមហ៊ុន​នេះ​បាន​បំបែក​ក្រុមហ៊ុន​អគ្គិសនី​មួយទៀត​ប្រើប្រាស់​ដោយ​ធ្យូងថ្ម ដែល​អាច​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ចំនួន​២​ទៅ​៣​ខេត្ត នា​ពេល​ដ៏​ខ្លី​ខាង​មុខ » ។

លោក គង់ សុ​វ​ណ្ណា​រ៉ុ​ម តំណាង​ក្រុមហ៊ុន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ជីក​យក​រ៉ែ​ធ្យូង​ដែល​មាន​ផ្ទៃដី​ចំនួន​៨​ម៉ឺន​ហិ​កតា តាំងពី​អំឡុង​ឆ្នាំ​២០០៨​មក ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ទួល​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោក​បញ្ជាក់​ថា ៖ « ការ​ជីក​យក​រ៉ែ​ធ្យូង​កាលពី​អំឡុង​ឆ្នាំ​មុន​ៗ ក្នុង​មួយ​ខែ​បាន​ចាប់ពី​៦០​ទៅ​៧០​តោន តែ​នៅ​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​ជីក​យក​រ៉ែ​ក្នុង​មួយ​ខែ​បាន​ត្រឹមតែ​៤០​ទៅ​៥០​តោន​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រោង​នឹង​បំបែក​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ សេង​ខូ​ល​ម៉ា​ញ សម្រាប់​បម្រើសេវា​អគ្គិសនី ដែល​អាច​ចែកចាយ​ក្នុង​ខេត្ត​ចំនួន​៣​គឺ ខេត្តឧត្តរ​មានជ័យ​, បន្ទាយ​មាន​ជ័យ និង​ខេត្តព្រះវិហារ » ។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន កម្ពុជា​ពុំ​ទាន់​មាន​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ខ្លួនឯង​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​ពឹងផ្អែក​លើ​ការ​ទិញ​ចូល​ពី​ប្រទេស​ជិតខាង ។
យោង​តាម​ទិន្នន័យ​ប្រភព​អគ្គិសនី​បង្ហាញ​ថា ប្រភព​អគ្គិសនី​ផ្សេង​ៗ​ដែល​ផ្គត់ផ្គង់​ឲ្យ​កម្ពុជា​រួម​មាន ៖

១-​ប្រភព​អគ្គិសនី​ក្នុងស្រុក មាន​ដូច​ជា ប្រភព​ដុត​ធ្យូងថ្ម​, ប្រភព​វា​រី​អគ្គិសនី​, ប្រភព​ដុត​ប្រេង​, ប្រភព Biomass, ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម និង​ប្រភព​ផ្ទាល់​របស់​សេវាកម្ម​តូច​ៗ ។

២-​ប្រភព​អគ្គិសនី​នាំ​ចូល មាន​ដូច​ជា នាំ​ចូល​ពី​ប្រទេស​ថៃ​, វៀតណាម និង​ប្រទេស​ឡាវ ៕