គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​និង​ព្រះសង្ឃ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

បើទោះជា​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជិត​៥០​ភាគរយ​ហើយក៏​ដោយ ក៏​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាថ្មី​ម្តងទៀត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិសេស​ព្រះសង្ឃ​គប្បី​និមន្ត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​កុំបី​ខាន ព្រោះ​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ​គឺ​សុទ្ធសឹង​ជា​ឈាមជ័រ​ខ្មែរ​តែមួយ​ដែលមាន​ឧ​ត្ត​ម​គតិ និង​មនសិការ​ស្នេហា​ជាតិ​ដូចៗ​គ្នា​។ ដូចនេះ​ការ​និមន្ត និង​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រៀម​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ដើម​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សូម​និមន្ត និង​អញ្ជើញ​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​គិតដល់​ថ្ងៃ​បោះឆ្នោត​សូម​និមន្ត និង​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ភូមិ​-​ឃុំ​-​សង្កាត់​របស់​បងប្អូន​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​មូលដ្ឋាន​តាម​បំណងប្រាថ្នា​របស់​បងប្អូន​។ លោក កឹម សុខា បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ឆ្លៀត​ពេលវេលា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ដើម្បី​សម្រេច​វាសនា​អនាគត​យើង​និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថា ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​កើតឡើង​មិន​ខាន​នាពេល​ខាងមុខនេះ ព្រោះ​មាន​កត្តា​សំខាន់​៣​យ៉ាង​ដែល​គាំទ្រ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នោះ​គឺ ទី​១-​ប្រជាពលរដ្ឋ​យល់ច្បាស់​ពី​តម្លៃ​នៃ​ការផ្លាស់ប្តូរ ហើយ​ពួកគាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ទី​២-​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពរឹងមាំ​មិន​លក់​ឧ​ត្ត​ម​គិ ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នយោបាយ​ច្បាស់លាស់ និង​ទី​៣-​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​មាន​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត​ថ្មី​ដែល​ទើបនឹង​កែទម្រង់​ដូចនេះ​អាច​ធានា​ពី​ភាពយុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រាប់ទាំង​ព្រះសង្ឃ​ផងដែរ​គប្បី​និមន្ត​និង​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​គ្រប់ៗ​អង្គ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ​៕

model6