បន្ទាប់​ពី​ធ្លាក់ ស្រីខួច-សុវណ្ណបញ្ញា និង ស៊ីនឿន ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រវិញ

​ថ្មី​ៗ​នេះ​កម្មវិធី​ I Am a Singer Cambodia បាន​ផ្សាយ​ផ្ទាល់​សប្ដាហ៍​ទី​១១​របស់​ខ្លួន​ដែល​ត្រូវ​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​បាន​រក​ឃើញ​​​តារា​ចម្រៀង​អាជីព​៣​រូប​​ដែល​ធ្លាប់​បាន​ចាក​ចេញ​ពី​កម្មវិធី​ម្ដង​ហើយ គឺ ផន ស្រីខួច ឈិត សុវណ្ណបញ្ញា និង នៅ ស៊ីនឿន ត្រូវ​ឡើង​​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ បន្ទាប់​ពី​បាន​យក​ឈ្នះ​​តារា​អាជីព​៤​រូប​ផ្សេង​ទៀត។

 

បន្ទាប់​ពី​ធ្លាក់ ស្រីខួច-សុវណ្ណបញ្ញា និង ស៊ីនឿន ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រវិញ

 

ជា​ការ​ពិត​ ​តារា​ចម្រៀង​អាជីព​៣​រូប​ខាង​លើ ​គឺ​បាន​ចាក​ចេញ​ពី​កម្មវិធី​ម្ដង​រួច​មក​ហើយ​ ដោយ​សារ​ពួក​គេ​ទទួល​បាន​សារ​គាំទ្រ​តិច។ ប៉ុន្តែ​តាម​លក្ខខណ្ឌ​កម្មវិធី សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ ​តារា​ចម្រៀង​អាជីព​ដែល​បាន​ធ្លាក់​ពី​កម្មវិធី​ទាំង​៧​រូប​មាន​ដូចជា​ ​ផន ស្រីខួច ឈិត សុវណ្ណបញ្ញា នៅ ស៊ីនឿន ទេព បូព្រឹក្ស ហ្សូណូ ម៉ាទីន និង អាន វិសាល ត្រូវ​ប្រជែង​គ្នា​ម្ដង​ទៀត ដើម្បី​ដណ្ដើម​ឱកាស វិល​ទៅ​កម្មវិធី​វិញ ដោយ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រតែ​ម្ដង។

 

ក្រោយ​ប្រជែង​គ្នា កាល​ពី​សប្ដាហ៍​មុន​នេះ នៅ ស៊ីនឿន ផន ស្រីខួច និង ឈិត សុវណ្ណ​បញ្ញា ទទួល​បាន​ការ​ផ្ញើ​សារ​​គាំទ្រ​ច្រើន​ជាង​គេ​​។ ដូច្នេះ ពួក​គេ​នឹង​ត្រូវ​ចូល​ក្នុង​កម្មវិធី​វិញ ត្រៀម​ប្រកួត​ជា​បេក្ខភាព​ដែល​នៅ​សល់​ក្នុង​កម្មវិធី​​បន្ត​ទៀត ដែល​មាន​យក់ ដួងតារា​ ដួង វីរៈសិទ្ធ វី ឌីណែត សួស វីហ្សា និង​ពួក​គេ​ទាំង​៣។

 

ចំពោះ​លក្ខខណ្ឌ​ជម្រុះ សម្រាប់​សប្ដាហ៍​ទី​១២​នេះ​​ ផលិតករ​កម្មវិធី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ សុំ​រក្សា​សិទ្ធិ​មិន​បញ្ចេញ​នៅ​ឡើយ ព្រោះ​វា​ជា​គោល​ការណ៍​របស់​កម្មវិធី។

 

តារា​ចម្រៀង​អាជីព​​ទាំង​៧​រូប​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​​បង្ហាញ​សមត្ថភាព​ដល់​ទស្សនិកជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​ ដើម្បី​ទាញ​យក​ប្រជា​ប្រិយភាព ​និង​ការ​បោះ​ឆ្នោត​ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​​​ផ្ដាច់​ព្រ័ត្រ។ កុំ​ភ្លេច​តាម​ដាន​​ទស្សនា​កម្មវិធី I Am a Singer Cambodia​ នៅ​វេលា​ម៉ោង​៨​ថ្ងៃ​សៅរ៍​សប្ដាហ៍​​នេះ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស HDTV ទាំង​អស់​គ្នា៕

 

បន្ទាប់​ពី​ធ្លាក់ ស្រីខួច-សុវណ្ណបញ្ញា និង ស៊ីនឿន ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រវិញ

I Am a Singer Cambodia នាំ​មក​ជូន​លោក​អ្នក​ដោយ CLEAR។

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​