Kim Kardashian ​សុំ​ត្រឹម​ជីវិត​ពី​ចោរ និង​ប្រាប់​កន្លែង​យក​គ្រឿង​អលង្ការ​១១​លាន​ដុល្លារ

ករណី​ចោរ​ប្លន់​ Kim Kardashian ​នៅ​ទីក្រុង​ប៉ារីស ​កំពុង​តែ​រញ្ជួយ​លើ​បណ្ដាញ​សង្គម​សារព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក​នេះ។ ខណៈ​ដែល​ Sabay ​សូម​លើក​យក​ចំណុច​សំខាន់​ខ្លះ​ៗ​ដើម្បី​ប្រាប់​ទៅ​ប្រិយមិត្ត៖

 

Kim Kardashian ​សុំ​ត្រឹម​ជីវិត​ពី​ចោរ និង​ប្រាប់​កន្លែង​យក​គ្រឿង​អលង្ការ​១១​លាន​ដុល្លារ

 

- ករណី​ប្លន់​នេះ កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស

Kim ​នៅ​ក្នុង Apartment ​ម្នាក់​ឯង​ ហើយ​ចោរ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​បាន​​ចូល​ប្លន់​យក​តែ​ម្ដង ដោយ​មាន​ពាក់​​​ឯកសណ្ឋាន​ជា​ក្រុម​ប៉ូលិស​ក្នុង​តំបន់ តែ​ពាក់​មុខ​ជិត។ នៅ​គ្រា​នោះ ត្រូវ​គេ​រាយការណ៍​ថា​មិន​មាន​ក្មេង​ៗ​នៅ​ផ្ទះ​នេះ​ទេ។

 

- ចោរ​ប្លន់​បាន​គ្រឿង​អលង្ការ​មួយ​ចំនួន​តម្លៃ​៨,៥​លាន​ផោន

ករណី​នេះ ក្រុម​ចោរ​ទាំង​៥​នាក់ មិន​បាន​បង្ក​របួស​ស្នាម​លើ Kim ​ទេ ដោយ​គ្រាន់​តែ​យក​គ្រឿង​អលង្ការ​មួយ​ចំនួន​ដែ​ល​មាន​តម្លៃ​៨,៥​លាន​ផោន​ប៉ុណ្ណោះ ក៏​គេច​ខ្លួន​បាត់​ទៅ។

 

ក្រៅ​ពី​គ្រឿង​អលង្ការ​តម្លៃ​រាប់​លាន​ដុល្លារ​ហើយ ក្រុម​ចោរ​ទាំង​៥​នាក់​នោះ​ក៏​បាន​យក​ទូរសព្ទ​ទាំង​២​គ្រឿង​របស់ Kim ​ទៅ​ជាមួយ​ដែរ។ ខណៈ​ដែល​នៅ​ក្នុង​ទូរសព្ទ​នោះ សុទ្ធ​តែ​មាន​រូបភាព​និង​វីដេអូ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ថែម​ទៀត។

 

-Kim ​សុំ​ជីវិត​ពី​លោក​ចោរ

អំឡុង​ពេល​ចូល​ប្លន់​នោះ ប៉ូលិស​បាន​បញ្ជាក់​ថា​ក្រុម​ចោរ​បាន​ចង Kim ​នៅ​ក្នុង​បន្ទប់​ទឹក ​ដោយ​មាន​គ្នា​២​នាក់​នៅ​យាម​ហើយ​ភ្ជង់​កាំភ្លើង​នៅ​លើ​ក្បាល Kim ​ថែម​ទៀត។ Kim ​ភ័យ​ខ្លាំង ក៏​បាន​សុំ​ចោរ​ទាំង​អស់​នោះ​ទុក​ចិត្ត ដោយ​អះអាង​ថា​យក​អ្វី​យក​ចុះ កុំឱ្យ​តែ​យក​ជីវិត​ខ្លួន ព្រោះ​នាង​មាន​កូន​ៗ​នៅ​ផ្ទះ​ត្រូវ​មើល​ថែ​ទៀត។

 

- ប៉ូលិស​រាយការណ៍​ថា​ក្រុម​ចោរ ជិះ​កង់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ

ប៉ូលិស​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ក្រុម​ចោរ​ទាំង​អស់​នោះ ​បាន​ជិះ​កង់​ដើម្បី​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ដោយ​អាច​សន្និដ្ឋាន​បាន​ថា​ពួកគេ​ស្គាល់​កន្លែង​ក្នុង​តំបន់​នេះ​បាន​យ៉ាង​ច្បាស់។

 

Kim Kardashian ​សុំ​ត្រឹម​ជីវិត​ពី​ចោរ និង​ប្រាប់​កន្លែង​យក​គ្រឿង​អលង្ការ​១១​លាន​ដុល្លារ

ប៉ូលិស​មកដល់ក្រោយកើតហេតុ

- អង្គរក្ស​ដៃ​ស្អិត​របស់ Kim ​មិន​បាន​នៅ​ជាមួយ​នាង​ទេ គ្រា​ចោរ​ប្លន់​នោះ

Kim ​មាន​អង្គរក្ស​ម្នាក់​ដែល​នាង​ទុក​ចិត្ត​បំផុត ហើយ​រូបគេ​ក៏​ស្ទាត់​ជំនាញ​ផង​ដែរ។ តែ​ស៊យ​អី​ថ្ងៃ​ចោរ​ប្លន់​នេះ Pascal Duvier ​មិន​បាន​នៅ​ជាមួយ​ទេ ព្រោះ​ត្រូវ Kim ​បញ្ហា​ឱ្យ​ទៅ​ការពារ ​Kourtney Kardashian ។

 

- Kim ​បាន​ទៅ​ដល់​អាមេរិក ដោយ​សុវត្ថិភាព​ក្រោយ​កើត​ហេតុការណ៍

ក្រោយ​ពី​កើត​ហេតុការណ៍​នេះ​ភ្លាម Kim ​បាន​ប្រាប់​រឿង​រ៉ាវ​ទាំង​អស់​ដល់​ប៉ូលិស ​ហើយ​រូប​នាង​ក៏​បាន​ជិះ​យន្តហោះ​ផ្ទាល់​ខ្លួន​ត្រលប់​ទៅ​អាមេរិក​វិញ​ភ្លាម។

 

- ក្រុម​ចោរ​មួយ​ក្រុម​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ក្រុម ​Pink Panthers

Pink Panthers ​ជា​ក្រុម​ចោរ​ប្លន់​ល្បី​ឈ្មោះ​មួយ ដែល​ធ្លាប់​ប្លន់​កន្លែង​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស​តារា​ល្បី​ៗ​តែ​ម្ដង។ សរុប​ជា​រួម​ទៅ ករណី​ប្លន់​របស់​ពួកគេ​គឺ​មិន​ក្រោម​២៨០​លាន​ផោន​ឡើយ ខណៈ​ដែល​ប៉ូលិស​រាយការណ៍​ថា​ក្រុម​មួយ​នេះ​មាន​ដៃ​ជើង​ច្រើន​ក្នុង​អង្គភាព​ធំ​ៗ ៕

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ dailymail