ចំណូល​អង្គរ​ក្នុង​ខែកញ្ញា​ធ្លាក់ចុះ​ជាង​១​លាន​ដុល្លារ​ធៀប​នឹង​ខែសីហា​ និពន្ធដោយ : ថ្មីៗ       October-04-2016, 11:40 am         496

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចំណូល​អង្គរ​ក្នុង​ខែកញ្ញា​ធ្លាក់ចុះ​ជាង​១​លាន​ដុល្លារ​ធៀប​នឹង​ខែសីហា​​សៀមរាប​៖ ចាប់ពី​ដើមខែ​សីហា​មក ភ្ញៀវទេសចរ​ចាប់ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរៗ​។ ប៉ុន្តែ​ក្នុង​ខែកញ្ញា ដែលជា​ខែ​ត្រូវ​តួលេខ​ភ្ញៀវ​ហក់​ឡើង​ខ្លាំង បែរជា​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ តួលេខ​បង្ហាញថា ទេសចរ​បរទេស​ដែល​ចូល​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែកញ្ញា ធ្លាក់ចុះ​ជាង​៤​ម៉ឺន​នាក់ គិត​ជា​ទឹកប្រាក់​ស្មើនឹង​ជាង​១​លាន​ដុល្លារ​។​

​ភ្ញៀវទេសចរ​បរទេស ដែល​បានមក​កម្សាន្ត​ខេត្តសៀមរាប និង​បាន​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែកញ្ញា​កន្លងទៅ មាន​ទាំងអស់ ១៣០,៨៥៦​នាក់​។ តួលេខ​នេះ​បង្ហាញថា មានការ​កើនឡើង​ជាង​តួលេខ​ឆ្នាំ​ចាស់​ដល់​ទៅ​៩.១០% តែ​វា​បាន​ថយ​ចុះបើ​ធៀប​នឹង​ខែសីហា​។ សម្រាប់​ចំណូល​វិញ ក្នុង​សំបុត្រ​ជាង ១៣​ម៉ឺន​សន្លឹក គិត​ជា​សាច់ប្រាក់​ស្មើនឹង ៣,៦៤០,២៦០​ដុល្លារ​អាមេរិក​។ ទោះជា​សាច់ប្រាក់​បានបង្ហាញ​ថា​កើនឡើង​ជាង​ឆ្នាំទៅ​ក៏ពិតមែន តែ​ធៀប​នឹង​ខែសីហា គឺ​បាន​ធ្លាក់ចុះ​ជាង​១​លាន​ដុល្លារ​។ ចំណូល​ក្នុង​ខែសីហា មាន​ចំនួន​ដល់​ទៅ ៤,៨៩០,៧០០​ដុល្លារ ក្នុង​ទេសចរ ១៧២,០៤៦​នាក់​។​

​ស្ថិតិ​ភ្ញៀវទេសចរ​ដែល​បង្ហាញ​ក្នុង​របាយការណ៍​សង្ខេប​របស់​គ្រឹះស្ថាន​អង្គរ ក៏បាន​បូកសរុប​ពី​ចំនួន​ទេសចរ​ទាំង​៩​ខែ​ឆ្នាំ​២០១៦​នេះ​ផងដែរ​។ ទេសចរ​ដែល​បាន​ទិញ​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ​ទាំង​៩​ខែ មាន​ទាំងអស់ ១,៥៦៣,១៧២​នាក់ កើនឡើង ២.៥៧% គិត​ជា​ទឹកប្រាក់​ស្មើនឹង ៤៤,៤០៧,៩៤០​ដុល្លារ និង​បាន​កើនឡើង ២.៥៦%​។​

​ទោះជា​រដូវ​ភ្ញៀវ​ឡើង បាន​ចូល​មកវិញ​ក៏ពិតមែន តែ​បរិមាណ​ទេសចរ​ហាក់​នៅ​ទ្រឹង​ជា​ដដែល​។ មគ្គុទ្ទេសក៍​ទេសចរណ៍​មួយចំនួន​បាន​រអ៊ូរទាំ​ពី​បញ្ហា​ស្ងាត់​ភ្ញៀវ ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នក​ដែល​កំពុងធ្វើការ​លើ​វិស័យនេះ​ទាំងមូល​ផង​។ ទេសចរ​ដែល​បន្ត​ធ្លាក់ចុះ មាន​ទេសចរ​ជនជាតិ​រុស្ស៊ី កូរ៉េ ជប៉ុន អង់គ្លេស បារាំង និង​ជនជាតិ​ថៃ​។​ល​៕