លោក យី វាសនា បន្តលើកទឹកចិត្ត និងកោតសរសើរកីឡាករ វ៉ាន វ៉ុន ទោះបីមិនអាចឈ្នះមេដាយ

កីឡាករ វ៉ាន វ៉ុន ទោះបីជាមិនអាចនាំយកមេដាយពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីលជូនកម្ពុជាក៏ដោយ។ ប៉ុន្តែតាមរយៈការបង្កើតកំណត់ត្រាថ្មីផ្ទាល់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះបានធ្វើឲ្យកីឡាករ វ៉ាន វ៉ុន ទទួលបានការលើកទឹកចិត្ត និងកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ នាយយ៉ាន & វណ្ណឌេត (វ៉ាន វ៉ុន, Rio Paralympic 2016)

ft-img-template

លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានប្រតិភូដឹកនាំកីឡាកម្ពុជា ទោះបីជាកីឡាករ វ៉ាន វ៉ុន មិនអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីលជូនជាតិកម្ពុជាក៏ដោយ។ ប៉ុន្តែលោកបានកោតសរសើរពីការខិតខំប្រឹងប្រែងប្រកួតរបស់កីឡាករកម្ពុជារូបនេះ រហូតអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។

លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារូបនេះបានរៀបរាប់ដូច្នេះថា៖«សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅ Rio លោក វ៉ាន វ៉ុន ស្ថិតក្នុងល្បឿនមួយដែលខ្ញុំសុំកោតសរសើរ បើតាមកំណត់ត្រាចាស់នាការប្រកួតខ្នាតអាស៊ី និងអាស៊ានកាលពីលើកមុនៗ គឺលោក វ៉ាន វ៉ុន ប្រើថេរវេលាជាង១៧វិនាទី។ ប៉ុន្តែនៅពេលនេះ លោក វ៉ាន វ៉ុន ប្រើថេរវេលា១៥.៤៤វិនាទី»។

លោកបានបន្ថែមថា ៖«ដូច្នេះទោះបី លោក វ៉ាន វ៉ុន មិនអាចទទួលបានចំណាត់ថ្នាក់លេខ១ ឬលេខ២ និងនិទ្ទេសល្អ ដើម្បីឡើងទៅកាន់វគ្គបន្តផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែ លោក វ៉ាន វ៉ុន អាចបំបែកឯកត្តកម្មលើរបាយការណ៍ចាស់របស់ខ្លួនលើប្រភេទវិញ្ញាសា១០០ម៉ែត្រនេះ»។

ជាមួយគ្នានេះ កីឡាករ វ៉ាន វ៉ុន បានចាត់ទុកការបរាជ័យ និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួនសម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍នេះថា វាជាបទពិសោធន៍មួយដ៏ល្អសម្រាប់លោក ព្រោះព្រឹត្តិការណ៍នេះមានកីឡាករល្បីៗទូទាំងពិភពលោកចូលរួម។ លើសពីនេះ លោកបានចាត់ទុកថា វាជាឱកាសមួយក្នុងការដកស្រង់បច្ចេក ក៏ដូចជាសិក្សាបទពិសោធន៍ពីក្រុមកីឡាករទាំងនេះក្នុងការអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំង។

ក្រោយពីទទួលបានបានបទពិសោធន៍ល្អៗពីមិត្តរួមអាជីពដែលមកពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាតាមរយៈការឆ្លងកាត់ការប្រកួតនេះបានធ្វើឲ្យកីឡាករ វ៉ាន វ៉ុន មានទំនុកចិត្ត និងជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ លោក មានកី្តសង្ឃឹមថា នឹងអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ សម្រាប់ការចូលរួមជាបន្តបន្ទាប់នៅលើកក្រោយ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងទៅថ្មីៗនេះ កីឡាករ វ៉ាន វ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រោយត្រឡប់មកពីចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងជាងមុន។ ហើយខ្ញុំរំពឹងថាការចូលរួមលើកទី១នេះជាបទពិសោធន៍ល្អក្នុងការឈានទៅរកមេដាយសម្រាប់ការចូលរួមលើកទី២ និងលើកទី៣របស់ខ្ញុំនៅលើកក្រោយ»។

គួរបញ្ជាក់ថា សម្រាប់ការចូលរួមកីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីខែមុន កីឡាការប៉ារ៉ាឡាំពិក វ៉ាន វ៉ុន បានប្រើថេរវេលា១៥:៤៤វិនាទីលើវិញ្ញាសា១០០ម៉ែត្រ/T54 ដោយឈរក្នុងចំណាត់ថា្នក់លេខ៦ក្នុង Heat 3 ដែលមានប្រទេសចំនួន៧ចូលរួម ពោលគឺឈរលើកីឡាករ MWENGANI MABONZE Jhon មកពីប្រទេស DR Congo។ ប៉ុន្តែលទ្ធផលជារួមក្នុងចំណោមអត្តពលិក២១នាក់ វ៉ាន វ៉ុន ឈរចំណាត់លេខ១៥៕

The post លោក យី វាសនា បន្តលើកទឹកចិត្ត និងកោតសរសើរកីឡាករ វ៉ាន វ៉ុន ទោះបីមិនអាចឈ្នះមេដាយ appeared first on CamboSport.