Asian Beach Games: ឈ្នះ​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​

ព្រឹត្តិការណ៍កីឡា Asian Beach Games លើកទី៥ បានប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា។ កម្ពុជាបានបញ្ជូនអត្តពលិក៤៤នាក់ឲ្យចូលរួមក្នុងនោះមាន បាល់ទះឆ្នេរខ្សាច់២នាក់ ប៉េតង់១៨នាក់ ល្បុក្កតោ៩នាក់ វូវីណាម១០នាក់ និងចំបាប់៥នាក់។

អត្តពលិក និងប្រតិភូកីឡាកម្ពុជា បានវិលត្រឡប់មកវិញជាមួយនឹងជោគជ័យដ៏ធំធេង ដោយបានឈ្នះមេដាយសរុប២១ ក្នុងនោះមានមាស៦ ប្រាក់៦ និងសំរឹទ្ធ៩ ខណៈកាលពីព្រឹត្តិការណ៍ Asian Beach Games នៅប្រទេសនាឆ្នាំ២០១៤ មានតែកីឡាការិនីចំបាប់ នី សំណាង ប៉ុណ្ណោះ ដែលទទួលបានមេដាយសំរឹទ្ធ។

Loading...

កីឡា៣ប្រភេទដែលបានឈ្នះមេដាយពី Asian Beach Games នៅដាណាង រួមមាន កីឡាប៉េតង់ឆ្នេរខ្សាច់ (មាស៣ ប្រាក់១ និងសំរិទ្ធ៣) កីឡាវូវីណាម (មាស២ ប្រាក់១ និងសំរឹទ្ធ៤) និងកីឡាល្បុក្កតោ (មាស១ ប្រាក់៤ និងសំរឹទ្ធ២)។

សម្រាប់កីឡាប៉េតង់ មេដាយមាសបានលើវិញ្ញាសា Men’s Shooting ដែលរកបានដោយកីឡាករ សុខ ច័ន្ទមាន វិញ្ញាសា Men’s Triple (កីឡាករ យ៉ា ច័ន្ទដារ៉ារិទ្ធ កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ មួង ទឹត្យម៉ាណែត) និងវិញ្ញាសា Women’s Triple (កីឡាការិនី ឃួន យ៉ារី កីឡាការិនី វង ចន្ថា កីឡាការិនី ស៊ុន គន្ធា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម)។ មេដាយប្រាក់ រកបានដោយកីឡាការិនី កែ ឡេង លើវិញ្ញាសា Women’s Shooting ខណៈវិញ្ញាសារដែលទទួលបានមេដាយសំរឹទ្ធ រួមមាន Men’s Single (កីឡាករ ញ៉ែម បូរ៉ា) Women’s Double (កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា) Men’s Double (កីឡាករ ថោង ឈឿន កីឡាករ ហេង ថា)។

ចំពោះកីឡាវូវីណាម លី បូរ៉ាមី និងពៅ សុខា បានមេដាយមាសរួមគ្នាលើវិញ្ញាសា Women’s Self-defense ហើយ កីឡាករ លី បូរ៉ាមី បានមេដាយមាសជាមួយលើវិញ្ញាសា Women’s Weapon Self-defense ជាមួយ ប៉ាល់ ឆរស្មី, ប្រាក់ សុវណ្ណនី និងសាន សុជាតិ។

មេដាយប្រាក់១ពីកីឡាវូវីណាម បានលើវិញ្ញាសា Men’s Dual Machete Form (ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង) ខណៈមេដាយសំរឹទ្ធ៤ បានលើវិញ្ញាសា Men’s Leg Attack Techniques (កើត សុភ័ក្ត្រ, ជ្រិន ប៊ុនឡុង, លី បូរ៉ាមី, សាន សុជាតិ) វិញ្ញាសា Men’s Weapon Self-Defense (កើត សុភ័ក្ត្រ, សាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ) វិញ្ញាសា Women’s Dual Sword Form (ពៅ សុខា, សឿ ច័ន្ទលក្ខិណា) និងវិញ្ញាសា Men’s Dual Form Number 3 (ប្រាក់ សុវណ្ណនី, សុខ សម្បត្តិ)។

ជាមួយគ្នានេះ កីឡាល្បុក្កតោ បានចូលរួមប្រកួតប្រជែងជាមួយក្បាច់គុន យុទ្ធសីល្បិ៍ បុរាណផ្សេងទៀតនៅក្នុងតំបន់ ដោយកីឡាការិនី ទ្រី សុថាវី បានឈ្នះមេដាយមាសលើប្រភេទទម្ងន់ចន្លោះពី៥៦ដល់៦០គីឡូក្រាម។ មេដាយប្រាក់៤ សម្រេចបានដោយកីឡាករ សយ ផានិច្ច (ទម្ងន់ពី៦០ទៅ៦៥គីឡូក្រាម) កីឡាការិនី ខៀវ ចិន្ថារ័ត្ន (ក្រោម៤៨គីឡូក្រាម) កីឡាការិនី វី ស្រីខួច (Women’s Open) និងកីឡាការិនី អេព្រីយ៉ានុត ភូថង (ទម្ងន់ពី៥២ទៅ៥៦គីឡូក្រាម)។

មេដាយសំរឹទ្ធ២របស់កីឡាល្បុក្កតោ រកបានដោយកីឡាករ ឈឹម សីលា លើប្រភេទទម្ងន់ពី៥៥ទៅ៦០គីឡូក្រាម និងកីឡាការិនី សំ ថារ័ត្ន លើប្រភេទទម្ងន់ចន្លោះពី៤៨ទៅ៥២គីឡូក្រាម។

បើគិតតាមចំនួនគ្រឿងនៃមេដាយ ការឈ្នះមេដាយមាស៦វិញ្ញាសា ស្មើនឹងការទទួលបាន១៦គ្រឿង មេដាយប្រាក់៦វិញ្ញាសាស្មើ៧គ្រឿង និងមេដាយសំរឹទ្ធ៩វិញ្ញាសា ស្មើ១៩គ្រឿង។ កីឡាករវូវីណាម លី បូរ៉ាមី បានមេដាយ៣តែម្នាក់ឯងក្នុងនោះមាន មាស២ សំរឹទ្ធ១ ។ កីឡាករ សាន សុជាតិ បានមេដាយមាស១ និងសំរឹទ្ធ២ កីឡាការិនី ពៅ សុខា និងកីឡាករ ប្រាក់ សុវណ្ណនី ឈ្នះមេដាយមាសម្នាក់១ សំរឹទ្ធម្នាក់១ ។

កីឡាករ ជ្រិន ប៊ុនឡុង បានមេដាយប្រាក់១ សំរឹទ្ធ២ កីឡាករ ជិន ពិសិដ្ឋ បានមេដាយប្រាក់១ សំរឹទ្ធ១ និងកីឡាករ កើត សុភ័ក្ត្រ បានមេដាយសំរឹទ្ធ២ ។

ការទទួលបានមេដាយលើ២១វិញ្ញាសា ដែលស្មើនឹង៤២គ្រឿង នាំឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម៤៥ប្រទេស ខណៈកាលពីព្រឹត្តិការណ៍ Asian Beach Games លើកទី៤នៅប្រទេសថៃ កាលពីឆ្នាំ២០១៤ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី៣៦ក្នុងចំណោម៤២ប្រទេស៕

ប្រភព៖ ថ្មីៗ