ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មីមួយទៀតក្រោយរឿង «ទេសចរណ៍ឋាននរក» ចាក់បញ្ចាំង

ភ្នំពេញ៖​ តារាចម្រៀងស្រីល្បីឈ្មោះច្រើនឆ្នាំ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា ដែលកាលពី ពេលថ្មីៗនេះ បានបង្ហាញវត្តមាន ជាមួយការសម្តែង ជាតួឯកស្រីក្នុងរឿង «ទេសចរណ៍ឋាននរក» ដោយទើបតែដាក់បញ្ចាំង នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ មិនទាន់បានប៉ុន្មានផង ។

កញ្ញាត្រូវបានខាងអ្នកដឹកនាំរឿង អះអាងថា ក្រោយពីដាក់បញ្ចាំងរឿងនេះ នៅក្នុងពេលឆាប់ៗនេះ កញ្ញាត្រៀមខ្លួនថតរឿងថ្មីមួយទៀត ។ បើតាមប្រភពពីខាងអ្នកដឹកនាំរឿង «ទេសចរណ៍ឋាននរក» បានប្រាប់ឲ្យដឹងថា ខាងផលិតកម្មបានត្រៀម រឿងមួយទៀត សម្រាប់តួឯកស្រី កញ្ញា ឈិត សុវណ្ណបញ្ញា ដោយខាងយើងបាននិយាយ ការងារត្រួសៗ ជាមួយកញ្ញារួចហើយដោយត្រៀមថត នៅក្នុងពេលឆាប់ៗនេះ តែសម្រាប់រឿងយ៉ាងណានោះ យើងនៅមិន ទាន់ចង់បង្ហើបថាជារឿងអ្វីឡើយ ។

ដោយឡែកតារាចម្រៀង ដែលមានរូបសម្រស់ស្រស់ស្អាតទន់ភ្លន់ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏បានប្រាប់ឲ្យដឹងស្រដៀងគ្នាដែរថា «ជាការពិតក្រោយពីខ្ញុំ បានថតបញ្ចប់រឿងទី១នេះ ខាងអ្នកដឹកនាំរឿងក៏ បានទាក់ទងខ្ញុំសម្តែងរឿងបន្ថែមទៀត តែយើងនៅមិនទាន់ដឹងច្បាស់ថា ចាប់ផ្តើមថតនៅពេលណាទេ តែបើទស្សនិកជន មានការគាំទ្ររឿងទី១របស់ខ្ញុំ ខ្ញុំនឹងបន្តថតរឿង ដែលជាការងារថ្មីបន្ថែម លើអាជីពជាអ្នកចម្រៀង»៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ​តួឯកក្នុងរឿង «ទេសចរណ៍ឋាននរក» ត្រូវបានមហាជនមើលឃើញថា ជាតារាចម្រៀងស្រីម្នាក់ ហាក់មានភាពស្ងប់​ស្ងាត់ មិនសូវជាឆ្លេរឆ្លា​ពុះកញ្ជ្រោល យកមុខយកមាត់ក្នុងសកម្មភាព មនុស្សអ្វីមួយឡើយ បើទោះបីជានាង បានបង្ហាញវត្តមាន ស្ទើរតែគ្រប់កម្មវិធីតន្រ្តីមនុស្ស​ធម៌ ស្វែងរកថវិកាជួយដល់​ជនក្រីក្រ ឬជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា»ក្ដី។

​តារាចម្រៀង បែបស្រគត់ស្រគំ មុជមិនជ្រៅទៅមិនឆ្ងាយ ឈិត សុវណ្ណបញ្ញា ត្រូវបានគេសង្កេតឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នាង​ហាក់ធ្វើ​បានល្អច្រើន ទាំងការងារសង្គម និងការងារសិល្បៈ ជាពិសេសគឺការសម្ដែង​​បទចម្រៀងកាយវិការ ក្នុងបទចម្រៀងក្នុងខ្លួនឯង​ បានយ៉ាងល្អប្រសើរ។ ថ្វីត្បិតតែបរាជ័យ ការប្រឡង​​ក្នុងកម្មវិធី កំពូលតារាចម្រៀងអាជីព «I AM A SINGER CAMBODIA» ​ត្រូវធ្លាក់ទាំងកណ្ដាលទី ព្រោះខ្វះសំលេងគាំទ្រ ពីអ្នកគាំទ្រ ប៉ុន្តែ​ហាក់ពុំមានបញ្ហាអ្វីទេ​សម្រាប់នាង ព្រោះបទចម្រៀង​ជាច្រើន នៅតែមានចេញលើទីផ្សារ។ រីឯការងារផ្សេងៗ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានសិល្បកររៀមច្បង និង​សិល្បករស្រករក្រោយ គោរព​កោតសរសើរ និងស្រឡាញ់នាង ព្រោះ​ជាមនុស្សងាយស្រួលធ្វើការ ជាមួយគ្នា ​ចេះគោរពឲ្យ​តម្លៃ​អ្នកដទៃ និងមិនទំយើរខ្លួនឡើយ​។

​ថ្មីៗនេះ តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានចេញមុខក្នុងសន្និសីទសាព័ត៌មាន មុននឹងប្រារព្ធកម្មវិធី «តន្រ្តីសប្បុរធម៌មួយ» នៅសាកលវិទ្យាល័យន័រតុន នាងបានបញ្ចេញ​អត្តចរឹតថ្លៃថ្នូរ ទាំងការនិយាយស្ដី​ ពិសេសនាងមិនសូវពូកែ យកមុខយកមាត់​ច្រើនឡើយ​ ក្រៅពី​បានសម្ដែងអារម្មណ៍ផ្ទាល់ខ្លួនថា ​នាងនឹងចូលរួម ជាមួយសិល្បករ-សិល្បការិនីដទៃទៀត ដោយមានបទចម្រៀងខ្លះ​បកស្រាយក្នុងកម្មវិធី ដើម្បីជួយកុមារ ដែលមានជំងឺ រង់ចាំការព្យាបាល ពីមន្ទីរពេទ្យ «គន្ធបុប្ផា»​។

ក្រោយពីចប់កម្មវិធី ឈិត សុវណ្ណបញ្ញា ក៏បានចាកចេញ​ពីកម្មវិធីយ៉ាងស្ងៀមស្ងាត់ ដែលនេះជាអត្តចរឹតរបស់នាង មិនចូលចិត្តធ្វើអ្វី​ដែលសម្ញែងអ្នកដទៃ និងក៏ជាតារាមួយដួង ចូលរួមកម្មវិធីសប្បុរធម៌ច្រើនជាងគេផងដែរ ។ ឈិត សុវណ្ណបញ្ញា ត្រូវបានទស្សនិកជនមើលឃើញថា នាងមិនសូវចេះមុខមាត់ ដូចអ្នកសិល្បៈផ្សេងៗទៀតនោះទេ រហូត​ទទួលបានការកោតសរសើរ ពីមហាជនទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload